រីសត តាមតំបន់ឆ្នេររបស់ថៃ មានអាត្រាតម្លៃខ្ពស់ គឺខ្ពស់ជាងនៅតំបន់របស់ទ្វីបអឺរ៉ុបទៅទៀត

ថៃ៖ ព្រះរាជាណាចក្រថៃ មានភាពល្បីល្បាញមិនចាញ់ប្រទេសផ្សេងៗឡើយ ជុំវិញរមណីយដ្ឋានទេសចរណ៍បែបបុរាណ និងធម្មជាតិ ហើយថែមទាំងលេចធ្លោ ជាប្រទេស ដែលកើបប្រាក់ចំណូលពីវិស័យទេសចរណ៍បានរាប់ពាន់លានដុល្លារពីមួយឆ្នាំទៅមួយឆ្នាំ។ ដោយសារតែមានការមកកំសាន្តច្រើនពីសំណាក់ភ្ញៀវទេសចរណ៍អន្តរជាតិ ប្រទេសថៃ ក៏មានយុទ្ធសាស្ត្រក្នុងការទាក់ទាញ និងមានទីផ្សាររួចជាស្រេចសម្រាប់ភ្ញៀវ រាប់បញ្ចូលតម្លៃធូថ្លៃ សមរម្យ និងតម្លៃថ្លៃ ទៅតាមប្រភេទនៃភ្ញៀវជាដើម។

ប្រភពព័ត៌មានរបស់ថៃ បានចេញផ្សាយកាលពីពេលថ្មីៗកន្លងទៅនេះ ដូច្នេះថា តំបន់ឆ្នេរ នៅថៃបច្ចុប្បន្ន កំពុងហក់ឡើងខ្ពស់ខ្លាំង ដែលតំបន់ខ្លះ គឺមានតម្លៃ និងសេវាថ្លៃជាង តំបន់ឆ្នេរនៅខាងទ្វីបអឹរ៉ុបទៅទៀត បើធៀបទៅនឹងឆ្នេរនៅប្រទេសក្រិច អុីតាលី អេស្បាញ អេហ្ស៊ីប និងមួយចំនួនផ្សេងទៀត។ ជាការពិត ថៃមានឆ្នេរសមុទ្រប្រមាណជា ១៣២ កន្លែង ដែលរួមបញ្ចូលគ្នា គឺមានប្រវែងពាន់គីឡូម៉ែត្រ ដោយរាប់បញ្ចូលកោះតូចធំ ជាច្រើន ជាចំនុចវិជ្ជមានអាចទាក់ទាញភ្ញៀវទេសចរបានយ៉ាងច្រើន ថែមទាំងមានតម្លៃថ្លៃមិនធម្មតា។

ប្រភពដដែលបន្តឲ្យដឹងថា នៅតាមរីសត ស៊េរីខ្ពស់ៗ ប្រភេទផ្កាយ ៥ នៅតាមដែនកោះស្អាតៗរបស់ថៃ រួមមានដូចជា កោះសាមុយ, កោះផានកាន និងកោះសាមិត ជាដើម មានតម្លៃស្នាក់នៅក្នុងមួយយប់ចាប់ពី ៥០០ ដុល្លារអាមេរិកឡើយទៅ និងឡើងដល់ខ្ទង់ពាន់ដុល្លារ អាស្រ័យទៅតាមប្រភេទបន្ទប់ និងទីតាំងជាក់ស្ដែង ដោយតម្លៃទាំងនោះ គឺរាប់បញ្ចូលទាំងអាហារពេលព្រឹកបែបអាមេរិកផងដែរ។ តម្លៃបន្ទប់ ដែលមានសេវាកម្មប្រហាក់ប្រហែលគ្នា នៅតាមបណ្ដាប្រទេសមួយចំនួននៅអឺរ៉ុប គឺចាប់ពី ៣៥០ ដុល្លារអាមេរិកឡើងទៅប៉ុណ្ណោះ។ មិនតែប៉ុណ្ណោះ តម្លៃនោះក៏ថ្លៃជាងរីសត មួយចំនួននៅអាឡឺម៉ង់ អូស្រ្តាលី និងប្រទេសស្វីសផងដែរ ព្រោះប្រទេសទាំងនោះសម្រាប់ទីតាំង និងសេវាកម្មប្រហាក់ប្រហែលគ្នាគឺមានតម្លៃចាប់ពី ៤៥០ ដុល្លារឡើងទៅ។

ក្រៅពីតម្លៃថ្លៃ ប្រភពព័ត៌មានអន្តរជាតិ ពិសេសព័ត៌មានខាងវិស័យទេសចរ ក៏បានចេញផ្សាយអំពីតម្លៃឡើងថ្លៃ ក្នុងរដូវការឈប់សំរាកផងដែរ ដោយថៃមានការឡើងថ្លៃចន្លោះពី ២០ ទៅ ៣០% នៃតម្លៃដើម ពិសេសលុយបាត របស់ថៃ ក៏កាន់តែថ្លៃជាងមុនផងដែរ។ លោក Stephan Roemer អគ្គនាយកក្រុមហ៊ុន Diethelm’s Group បានឲ្យដឹងថា ប្រាក់បាតរបស់ថៃ ៣០ បាត អាចដូរជាមួយលុយដុល្លារអាមេរិក បាន ១ ដុល្លារ ខណៈឆ្នាំមុនៗ ១បាត ដូរបាន ៣៦បាត ដែលជាហេតុធ្វើឲ្យភ្ញៀវទេសចរបរទេស ចំនាយប្រាក់កាន់តែច្រើន ទៅលើការស្នាក់នៅ អាហារ ការធ្វើដំណើរជាអាទិ៍។

ទោះបីជាតម្លៃស្នាក់នៅតាមរីសត នៅតំបន់ឆ្នេរ ឬដែនកោះមានតម្លៃថ្លៃ និងកត្តាមួយចំនួនតូចទៀតដូចបានរៀបរាប់ខាងដើម ក៏ពិតមែន តែក្រសួងទេសចរណ៍របស់ថៃ បានឲ្យដឹងថា ៨ ខែដំបូង នាឆ្នាំ ២០១៩ នេះ ភ្ញៀវទេសចរមកពីអឺរ៉ុបមានចំនួនប្រមាណជា ៤,៤ លាននាក់ឯណោះ ដែលភាគច្រើនមកពី អាឡឺម៉ង់ ស៊ុយអែត បារាំង និងរុស្សុី ដែលចំនួននេះ នៅមិនទាន់រាប់បញ្ចូលភ្ញៀវមកពីប្រទេសផ្សេងៗទៀតជុំវិញពិភពលោកនៅឡើយទេ។ ផលវិជ្ជមានទាំងនេះ សបង្ហាញឲ្យឃើញថា ថៃនៅតែជាប្រទេស ដែលរកចំនូលពីវិស័យទេសចរ បានច្រើនខ្លាំង បើធៀបទៅនឹងប្រទេសក្នុងតំបន់អាស៊ីផ្សេងទៀត ហើយចំនួននេះ ត្រូវបានរំពឹងទុកថា នឹងបន្តមានការកើនឡើងបន្ថែមទៀតនាឆ្នាំ ២០២០ ខាងមុខ។