រោងចក្រប្រព្រឹត្តិកម្មទឹកស្អាត អភិវឌ្ឍន៍ដោយបារាំង នឹងចាប់ផ្ដើមការសាងសង់ឆាប់ៗខាងមុខ

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ បានចុះកិច្ចសន្យាសម្រាប់សាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាត មានទីតាំងស្ថិតនៅតំបន់ បាក់ខែង ដែលជាជំហានទី១ ជាមួយនឹងមានសមត្ថភាពអាចផលិតទឹកស្អាតបានប្រមាណជា ១៩៥,០០០ ម៉ែត្រត្រីគុណក្នុងមួយថ្ងៃ ស្ថិតក្រោមការចូលរួម និងវិនិយោគដោយក្រុមហ៊ុនមកពីប្រទេសបារាំង។

ប្រភពព័ត៌មានចេញផ្សាយដោយ រដ្ឋាករស្វយ័តក្រុងភ្នំពេញ បានឲ្យដឹងថា ការចុះកិច្ចសន្យាទៅលើការសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាត ដែលមានទីតាំងស្ថិតនៅបាក់ខែងនេះ គឺជាជំហានទីមួយប៉ុណ្ណោះ ស្ថិតក្រោមការចូលរួមពីបារាំង និងទទួលខុសត្រូវលើការសាងសង់ រួមជាមួយលក្ខខណ្ឌបច្ចេកទេសដោយក្រុមហ៊ុន Vinci Construction Grands Projects របស់បារាំងផ្ទាល់។ ប្រភពដដែល បានបន្តឲ្យដឹងទៀតផងដែរថា គម្រោងសាងសង់នេះ នឹងប្រើប្រាស់ទឹកប្រាក់សរុបប្រមាណជា ១៥៦ លានដុល្លារ ដែលជាកម្ចីហិរញ្ញប្បទានបន្តពី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងទទួលបានការគាំទ្រពីដៃគូអភិវឌ្ឍន៍ចំនួនពីរគឺ ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ និងធនាគារវិនិយោគអឺរ៉ុប សរុបចំនួន ១៣៦ លានដុល្លារ និង ២០ លានដុល្លារផ្សេងទៀត ជាថវិកា បដិភាគរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។

សម្រាប់ពេលបច្ចុប្បន្ន នេះបើយោងតាម ការព្យាករណ៍របស់រដ្ឋាករទឹកក្រុងភ្នំពេញ តម្រូវការទឹកស្អាត នៅរាជធានីភ្នំពេញ នឹងមានរហូតដល់ ជាង ៩០០ពាន់ម៉ែត្រគូបក្នុង១ថ្ងៃ គិតត្រឹម ឆ្នាំ២០២៥ និងជាង១លានម៉ែត្រគូបក្នុង ១ថ្ងៃត្រឹមឆ្នាំ២០៣០ សម្រាប់ បម្រើសេចក្តីត្រូវការទឹកស្អាត ជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ។ ហេតុនេះ ការផ្គត់ផ្គង់ទឹកស្អាតនៅពេលបច្ចុប្បន្ន នឹងពុំមានលទ្ធភាពគ្រប់គ្រាន់សម្រាប់តម្រូវការរបស់សង្គម ដែលកំពុងមានការអភិវឌ្ឍន៍ខ្ពស់ ដូច្នេះតម្រូវការទឹកស្អាតបន្ថែម គឺជារឿងដែលមិនអាចខ្វះបាន សម្រាប់ការរស់នៅស្អាត និងមានអនាម័យ។ គម្រោងសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតនេះ នឹងចាប់ផ្ដើមការសាងសង់ឆាប់ៗខាងមុខនេះហើយ ដោយនឹងចំនាយពេល ៣ ឆ្នាំសម្រាប់ការសាងសង់។

គួរបញ្ជាក់ផងដែរថា រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតនេះ ត្រូវបានប្រកាសឲ្យដំណើរការ និងប្រើប្រាស់ក្នុងជំហានទីមួយ កាលពីឆ្នាំ ២០១៣ កន្លងទៅ និងទីពីរ កាលពីឆ្នាំ២០១៧ និងទីបីក្នុងឆ្នាំ២០១៩ នេះតែម្ដង ហើយឆ្នាំ២០២២ គឺជាគម្រោងទីបួននេះតែម្ដង។

ប្រភព៖ រដ្ឋាករទឹកក្រុងភ្នំពេញ