ប្រទេសអ៊ីតាលីធ្វើការដាក់ទីក្រុង Venice នៅក្នុងការប្រកាសអាសន្ន ក្រោយពីមានគ្រោះទឹកជំនន់ជន់លិចកាលពីថ្ងៃអង្គារកន្លងទៅ!

កាលពីថ្ងៃព្រហស្បត្តិ៍កន្លងទៅថ្មីៗនេះ ប្រទេសអ៊ីតាលីបានប្រកាសភាពអាសន្នសម្រាប់ទីក្រុង Venice បន្ទាប់ពីមានជំនោរទឹកជំនន់មួយ បានកើតមានឡើងនៅតាមតំបន់ព្រះវិហារ ហាងលក់ទំនិញ និងផ្ទះនានា ដែលបង្កការខូចខាត រាប់លានអឺរ៉ូ ដល់ទីក្រុងមួយនេះ។

លោកនាយករដ្ឋមន្ត្រី Giuseppe Conte បាននិយាយថា គណៈរដ្ឋមន្ត្រីរបស់លោក បានយលព្រម ដាក់ទីក្រុងមួយនេះ ក្នុងការប្រកាសអាសន្ន និងបានបញ្ជាឲ្យបញ្ចេញបន្ទាន់នូវទឹកប្រាក់ប្រមាណជាង 22 លានដុល្លារ ដែលជាប្រាក់ចំណាយបម្រុងទុកទៅលើការប្រើប្រាស់ នៅក្នុងពេលបន្ទាន់បំផុត សម្រាប់ស្តារស្ថានភាពទីក្រុង Venice មួយនេះ បន្ទាប់ពីបានរងគ្រោះ ដោយទឹកជំនន់កាលពីថ្ងៃអង្គារកន្លងទៅ។

ថ្វីបើទីក្រុងនេះ បានប្រកាសអាសន្នយ៉ាងណាក្តី ក៏ភ្ញៀវទេសចរដែលបានមកដល់ទីនេះ នៅតែធ្វើការកម្សាន្តកាត់ទីធ្លា ឬបរិវេណលេចទឹកទាំងនោះ និងនៅតែធ្វើការថតរូបលេង ផ្តិតយកទេសភាពក្នុងទីក្រុង ទាំងដាក់ពាក់ស្បែកជើងចងព័ទ្ធពីក្រៅដោយថង់ប្លាស្ទិកក៏ដោយ។

កម្រិតទឹកជន់លិចដែលស្ទង់បាននៅថ្ងៃព្រហស្បត្តិ៍នេះ បានថយចុះហើយ បើធៀបទៅ កាលពីថ្ងៃអង្គារ ដែលពេលនោះ បានបង្ហាញថា វាជាកម្រិតនៃកម្ពស់ទឹកខ្ពស់បំផុត ក្នុងរយៈពេល 50 ឆ្នាំមកនេះ។

លោកនាយករដ្ឋមន្រ្តី Conte ក៏បានទៅដល់ទីនោះ និងបាននិយាយថា វាជាគ្រោះមហន្តរាយ ប៉ះពាល់ដល់សេដ្ឋកិច្ចកណ្តាល របស់ប្រទេសអ៊ីតាលីណាស់ ខណៈពេលដែលលោកបាន សង្កេតឃើញការខូចខាតហេដ្ឋារចនាសម្ព័ន្ធ និងអាជីវកម្មរបស់ប្រជាជន ដែលបានបំផ្លិចបំផ្លាញ ដោយសារទឹកជំនន់មួយនេះ។

ប្រជាជនអ៊ីតាលីដែលផ្ទះរបស់ពួកគេ ត្រូវបានរងការខូចខាត នឹងទទួលបានជំនួយពីរដ្ឋាភិបាលចំនួន 5 ពាន់អឺរ៉ូ ភ្លាមៗខណៈដែលម្ចាស់ភោជនីយដ្ឋាននិងហាងអាចទទួលបានរហូតដល់ 2 ម៉ឺនអឺរ៉ូ ហើយដាក់ពាក្យសុំបន្ថែមទៀតនៅពេលក្រោយ។

សារមន្ទីរមួយចំនួននៅក្នុងទីក្រុង ត្រូវបានបិទទ្វារជាសាធារណៈកាលពីថ្ងៃព្រហស្បត្តិ៍។ មនុស្សជាច្រើនដែលមានទម្លាប់មកទទួលទានកាហ្វេ នៅតាមហាងមួយចំនួននៅបរិវេណនេះ នៅតែមកញ៉ាំកាហ្វេ ទាំងដែលជើងពួកគេឈរកប់ទៅក្នុងទឹកជម្រៅរាប់អ៊ីញឯណោះ។

ភ្ញៀវទេសចរសញ្ជាតិអូទ្រីសមួយរូបឈ្មោះ Cornelia Litschauer អាយុ 28 ឆ្នាំ បាននិយាយថានាងមានអារម្មណ៍ច្របូកច្របល់ នៅពេលឃើញទីកន្លែងល្បីល្បាញបំផុតរបស់អ៊ីតាលី “Venice's famous square” លិចទឹក។

បន្ថែមពីនេះប្រជាជនអ៊ីតាលី នាង Chihuahua Pablo និង Litschauer បាននិយាយថា៖ “សម្រាប់ភ្ញៀវទេសចរ វាពិតជាអស្ចារ្យ វាជាអ្វីដែលត្រូវមើល។ ប៉ុន្តែសម្រាប់ប្រជាជនដែលរស់នៅទីនេះ វាពិតជាបញ្ហាមួយ ដែលត្រូវការដំណោះស្រាយ។ ចម្លែកណាស់ដែលភ្ញៀវទេសចរ នៅតែបន្តថតរូបលេងយ៉ាងសប្បាយ នៅក្នុងទីក្រុងកំពុងរងគ្រោះ។”

ដោយឡែក រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក Sergio Costa បាននិយាយកាលពីថ្ងៃព្រហស្បតិ៍្តថា "យើងត្រូវតែមានភាពអត់ធន់ និងសម្របខ្លួន។ យើងត្រូវការគោលនយោបាយមួយ ដែលត្រូវការការចូលរួម ដោះស្រាយ និងប៉ាន់ស្មានភាពជាក់លាក់នៃអាកាសធាតុផ្សេងៗដែលអាចនឹងប្រែប្រួល និងត្រៀមខ្លួនរួចជាស្រេចក្នុងការទប់ទល់ និងផ្តល់ដំណោះស្រាយ" ។

អភិបាលក្រុងលោក Luigi Brugnaro បានប៉ាន់ប្រមាណថាការខូចខាតដល់ទីក្រុង Venice មានតម្លៃរាប់រយលានអឺរ៉ូ។

ទីក្រុង Serenissima ជាទីក្រុងអណ្តែតទឹក ត្រូវបានគេហៅថាជាកន្លែងដែលមានប្រជាជនត្រឹមតែ 5 ម៉ឺននាក់ ប៉ុណ្ណោះប៉ុន្តែទទួលបានភ្ញៀវទេសចរពិភពលោកចំនួន 36 លាននាក់ជារៀងរាល់ឆ្នាំ។

គម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏ធំមួយ ដែលមានឈ្មោះថា MOSE បានចាប់ផ្តើមតាំងពីឆ្នាំ 2003 ដើម្បីការពារទីក្រុង ប៉ុន្តែវាត្រូវបានញាំញីដោយការចំណាយហួសប្រមាណ រឿងអាស្រូវពុករលួយនៅក្នុងប្រទេស និងការពន្យារពេល។

រដ្ឋមន្ត្រីដឹកជញ្ជូនលោក Paola De Micheli មានប្រសាសន៍ថា “ដំណោះស្រាយវិស្វកម្មនេះ ដែលនឹងត្រូវចំណាយថវិកាជិត 6 ពាន់លានអឺរ៉ូ ត្រូវតែសម្រេចឲ្យបាន ដើម្បីការពារពីគ្រោះមហន្តរាយផ្សេងៗ” ។

ផែនការនេះទាក់ទងនឹងច្រកទ្វារចំនួន 78 ដែលអាចត្រូវបានលើកឡើង ដើម្បីការពារទឹករលក របស់ទីក្រុង Venice ក្នុងពេលមានជំនោរខ្ពស់ ប៉ុន្តែការប៉ុនប៉ងសាកល្បងផ្នែកខ្លះនៃវា បានបង្កឱ្យមានការរំញ័រ គួរឱ្យព្រួយបារម្ភហើយវិស្វករបានរកឃើញថាវាមានសភាពទ្រុឌទ្រោមខ្លាំង។

នេះអាចជាសោកនាដកម្ម និងរឿងអាក្រក់មួយដល់ទីក្រុង Venice របស់អ៊ីតាលី។ សង្ឃឹមថាកម្រិតនៃកម្ពស់ទឹក នឹងមានការថយចុះបានយ៉ាងឆាប់រហ័ស និងអាចឲ្យរដ្ឋាភិបាលធ្វើការជួសជុល និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅក្នុងទីក្រុងទេសចរដ៏ល្បី របស់ពិភពលោកនេះទៅចុះ។