ជប៉ុន បន្តផ្ដល់តម្លៃខ្ពស់ដល់ការអភិវឌ្ឍន៍ និងជួយពិនិត្យមើលបន្ថែមលើ រថភ្លើង កំពង់ផែ និងវិស័យផ្សេងៗទៀតនៅកម្ពុជា

លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានជួបពិភាក្សា ជាមួយលោក Minorikawa Nobuhide ជាអនុរដ្ឋមន្ត្រី នៃក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ ស្ថិតនៅក្នុងឱកាសកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូន អាស៊ានលើកទី ២៥ កាលពីពេលថ្មីៗកន្លងទៅនេះ។ កិច្ចប្រជុំទ្វេភាគី រវាងរដ្ឋាភិបាល កម្ពុជា នឹងជប៉ុន លើកនេះ ប្រទេសទាំងពីរ នៅតែបង្កាន់នូវគោលជំហរ ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូនដដែល។

ស្ថិតក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី ជួសមុខឲ្យក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្តែងនូវអណរគុណដ៏ជ្រាលជ្រៅចំពោះការផ្តល់ជំនួយ និងកិច្ចសហប្រតិបត្តិការល្អដល់កម្ពុជា ពិសេសនៅក្នុងវិស័យសាធារណការ ដឹកជញ្ជូន កំពង់ផែ ស្ថានីយចម្រោះទឹកកខ្វក់ ជាអាទិ៍។ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានលើកឡើងអំពីស្ថានភាពនយោបាយ និងការរីកចំរើនជាច្រើនរបស់កម្ពុជា ពិសេសសេដ្ឋកិច្ច សង្គមជាតិ ស្ថិតក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានេះដែរ រដ្ឋាភិបាលទាំងពីរ ក៏បានពិភាក្សាផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការផ្នែកហេដ្ឋារចនាសម្ព័ន្ព ផ្លូវថ្នល់-ស្ពាន សុវត្ថិភាពចរាចរណ៍ ប្រព័ន្ធទឹកកខ្វក់ និងកំពង់ផែ ដោយកត់សម្គាល់ ទៅលើអត្ថប្រយោជន៍ នៃការសាងសង់ផ្លូវថ្នល់ ស្ពាន ការស្ដារ ជួសជុល ដែលមានជំនួយពីជប៉ុន ពិសេសនោះគឺ ការសាងសង់ និងពង្រីកបន្ថែមផ្លូវជាតិលេខ ៥ របស់កម្ពុជា ដែលមានប្រវែង ៣៦៦ គីឡូម៉ែត្រ ដែលបច្ចុប្បន្ននេះ បានកំពុងដំណើរការសាងសង់ជាធម្មតា។ ក្រៅពីពិភាក្សាចំនុចសំខាន់ៗ រួចរាល់ ឯកឧត្ដម ស៊ុន ចាន់ថុល បានធ្វើការស្នើសុំឲ្យជប៉ុន ធ្វើការជួយពិនិត្យមើល ទៅលើលទ្ធភាព ក្នុងការវិនិយោគរថភ្លើង នៅក្នុងក្រុងភ្នំពេញ ដើម្បីសម្រួលដល់ដំណើរការ ក៏ដូចជាកាត់បន្ថយការកកស្ទះចរាចរណ៍ នៅក្នុងរាជធានីភ្នំពេញបច្ចុប្បន្ន។

ឯកឧត្តមទេសរដ្ឋមន្រ្តីបានផ្តល់តម្លៃខ្ពស់ចំពោះជំនួយរបស់ភាគីជប៉ុននាពេលថ្មីៗនេះ សំរាប់សាងសង់ស្ថានីយចម្រោះទឹកកខ្វក់ និងប្រព័ន្ធគ្រប់គ្រងចរាចរណ៍ថ្មី នៅរាជធានីភ្នំពេញ និងស្នើសុំភាគីជប៉ុនផ្តល់ជំនួយសាងសង់ប្រព័ន្ធ និងស្ថានីយចម្រោះទឹកកខ្វក់នៅខេត្តមួយចំនួន និងខេត្តជាប់សមុទ្រ ដូចជា កំពត និងកោះកុង ផងដែរ។ ជុំវិញអ្វីដែលភាគីកម្ពុជាបានលើកឡើង ជប៉ុនបានកត់សម្គាល់លើភាពជឿនលឿន នៃដំណើរការពង្រីក និងធ្វើទំនើបកម្មកំពង់ផែកម្ពុជា និងការអភិវឌ្ឍប្រព័ន្ធផ្លាស់ប្តូរទិន្នន័យតាមអេឡិចត្រូនិចសំរាប់នាវាចេញចូលកំពង់ផែក្រោមជំនួយជប៉ុន និងលើកឡើងអំពីផែនការមេ សម្រាប់ការរៀបចំកំពង់ផែរបស់កម្ពុជាផងដែរ ពិសេសនៅក្រុងព្រះសីហនុតែម្ដង។ 

ជប៉ុន នឹងតែបន្តផ្ដល់តម្លៃខ្ពស់ដល់កម្ពុជា ជុំវិញការអភិវឌ្ឍន៍ដ៏ឆាប់រហ័ស ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ហើយជប៉ុន នឹងតែបន្តផ្ដល់នូវកិច្ចសហប្រតិបត្តិការប្រសើរជាមួយកម្ពុជា ទៅលើការអភិវឌ្ឍន៍លើវិស័យសំខាន់ៗជាច្រើនផ្សេងទៀត រាប់បញ្ចូលទាំងវិស័យអប់រំផងដែរ។

 

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន