ហេដ្ឋារចនាសម្ព័ន្ធក្រុងព្រះសីហនុ ដែលនឹងចំនាយជាង ៣០០ លានដុល្លារ ត្រូវបានប្រកាសចាប់ផ្ដើមសាងសង់ជាផ្លូវការ

ព្រះសីហនុ៖ កាលពីថ្ងៃទី១៦ ខែវិឆ្ឆិកា ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី ធ្វើការបើកការដ្ឋានសាងសង់ហេដ្ឋារចនាសម្ព័ន្ធថ្មីឡើងវិញ នៅក្រុងព្រះសីហនុ ដើម្បីលើកមុខមាត់ខេត្តមួយនេះ ឲ្យប្រសើរជាងមុន និងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

ការចុះបើក ការដ្ឋាន សាងសង់នូវ ហេដ្ឋារចនាសម្ព័ន្ធថ្មីនោះ ត្រូវបានឲ្យដឹងជាផ្លូវការថា នឹងត្រូវធ្វើការ សាងសង់នៅទូទាំងក្រុងព្រះសីហនុ ផ្ទាល់តែម្ដង ដែលក្នុងនោះរួមមានផ្លូវចំនួន ៣៤ ខ្សែ ដែលមានប្រវែងសរុបចំនួន ៨៤ គីឡូម៉ែត្រ និងចែកចេញជា ៣ប្រភេទធំៗ មានរង្វង់មូលចំនួន៣ និងស្ពានចំនួន៦ ប្រវែងសរុបចំនួន ២៥២ម៉ែត្រ ដែលនឹងក្លាយហេដ្ឋារចនាសម្ព័ន្ធដ៏ប្រណីត។ ជុំវិញការសាងសង់នេះ សម្ដេច នាយក បានប្រកាសជាសាធារណៈឲ្យមហាជនទូទៅបានដឹងថា ការសាងសង់ឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធថ្មីមួយនេះ នឹងយកធ្វើជាគម្រូសម្រាប់ការសាងសង់ផ្សេងៗទៀត នៅតាមបណ្ដាខេត្តរបស់កម្ពុជាផងដែរ។

 

ស្ថិតក្នុងឱកាសបើកសម្ពោធការដ្ឋានសាងសង់ហេដ្ឋារចនាសម្ព័ន្ធថ្មីនៅក្រុងព្រះសីហនុ  សម្តេច តេជោ ហ៊ុន សែន មានប្រសាសន៍ថាដូច្នេះថា “ផ្លូវសរុប ដែលត្រូវសាងសង់ មានប្រវែង ៨៤ គីឡូម៉ែត្រ តែយើងត្រូវចំណាយ ២៩៤ លានដុល្លា សហរដ្ឋអាមេរិក យ៉ាងណាក៏ដោយ វាគឺជាតម្លៃមួយដ៏ថ្លៃ ប៉ុន្តែនេះបង្ហាញថា រាជរដ្ឋាភិបាលកម្ពុជាមានប្រភពចំណូលគ្រប់គ្រាន់ ដើម្បីចំណាយក្នុងការអភិវឌ្ឍន៍ប្រទេសដោយខ្លួនឯង។ ថវិកាសាងសង់ផ្លូវនេះ បានពីប្រាក់សន្សំរបស់ជាតិ ហើយប្រាក់នេះមានចំនួនតិចតួចណាស់ បើធៀបនឹងប្រាក់សន្សំរបស់ជាតិនោះ”។ សម្តេចតេជោ ហ៊ុន សែន បន្ថែមទៀតថា ” គ្រាន់តែចំណូលពន្ធគយមួយ កម្ពុជាទទួលបានប្រមាណ ២៥០លានដុល្លារ គឺអាចបើកប្រាក់បៀវត្សរ៍គ្រប់គ្រាន់សម្រាប់មន្ត្រីរាជការ ខណៈមួយខែៗកម្ពុជារកចំណូលបានប្រមាណ ៥០០លានដុល្លារ ហើយទោះបីជាចំណាយអស់ពី២០០ ទៅ ៣០០ លានដុល្លារ ក៏យើងនៅសល់ប្រាក់សន្សំពី ២០០ ទៅ ៣០០ លានដុល្លារដែរ”។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា “ការសាងសង់ផ្លូវនេះ គឺមានក្រុមហ៊ុនចំនួន៨ ទទួលធ្វើ ដោយត្រូវចំណាយទុនប្រមាណ ២៩៤ លានដុល្លារអាមេរិក ហើយផ្លូវនេះគឺជាផ្លូវដ៏ប្រណិត ដោយចែកចេញជា៣ប្រភេទ គឺ១)ប្រភេទមហាវិថី , ២)វិថី និង ៣)អនុវិថី។ ក្នុងនោះ មហាវិថីនឹងមានចំនួន ៣ខ្សែ មានទទឹងផ្លូវរហូតដល់ទៅ ៥០ម៉ែត្រ, ចំពោះវិថីវិញមានទទឹងពី ២០ ទៅ ៤០ម៉ែត្រ រីឯប្រភេទបែបអនុវិថីវិញ គឺមានទទឹងពី៨ ទៅ ៤០ម៉ែត្រ ហើយផ្លូវទាំងអស់គឺមានទ្រូងផ្លូវ ចិញ្ចើមផ្លូវ (សម្រាប់អ្នកដើរ សម្រាប់កង់ ម៉ូតូ) គំនូសចរថាចរណ៍ត្រឹមត្រូវ បង្គោលភ្លើងបំភ្លឺផ្លូវ និងមានបំពាក់កាមេរ៉ាសុវត្តិភាពតាមដងផ្លូវផងដែរ។ ផ្លូវនេះត្រូវប្រើរយៈពេលក្នុងការសាងសង់ត្រឹមតែ ៨ខែតែប៉ុណ្ណោះ ដូច្នេះនៅឆ្នាំ ២០២០ ខាងមុខ ក្រុងព្រះសីហនុ នឹងប្រែមុខមាត់ថ្មី ក្លាយទៅជាទីក្រុងដែលមានសុវត្ថិភាពបំផុត និងទាក់ទាញសម្រាប់ភ្ញៀវទេសចរណ៍ និងអ្នកវិនិយោគនានា”។ 

ហេតុដូចនេះ គិតចាប់យ៉ាងច្រើន ចាប់ពីពាក់កណ្ដាលឆ្នាំ ២០២០ ទៅមុខ ក្រុងព្រះសីហនុ នឹងមានភាពល្អប្រសើរឡើងវិញ ជុំវិញហេដ្ឋារចនាសម្ព័ន្ធ ដែលទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល ក្នុងការជួសជុល ជាលក្ខណៈទ្រង់ទ្រាយធំ ដែលជាកត្តាធ្វើឲ្យមានភ្ញៀវទេសចរកាន់តែច្រើនទៅកំសាន្ត មិនថាភ្ញៀវជាតិ និងអន្តរជាតិឡើយ ហើយនឹងកាន់តែកើនឡើងបន្ថែមទៀត នៅពេលផ្លូវល្បឿនលឿនត្រូវបានបញ្ចប់ជាស្ថាពរ។

 

ប្រភព៖ គេហទំព័រហ្វេសបុក សម្ដេចតេជោ ហ៊ុនសែន