ពិភពលោក កំពុងសិក្សាស្រាវជ្រាវនាំយកយន្តហោះ បញ្ចេញឧស្ម័នពុលតិចចូលបរិយាកាស ដែលមកដល់នាឆ្នាំ ២០៣០

បច្ចុប្បន្នយន្តហោះ មានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ការធ្វើដំណើរផ្លូវឆ្ងាយ ពិសេសការហោះហើរ ឬធ្វើដំណើរឆ្លងប្រទេស ដែលមានរយៈចម្ងាយរាប់ពាន់ ឬម៉ឺនគីឡូម៉ែត្រ។ យ៉ាងណាមិញ បើយើងមើលទៅលើចំនុចអវិជ្ជមានរបស់យន្តហោះរាប់ម៉ឺនគ្រឿង ដែលកំពុងធ្វើចរាចរណ៍នៅតាមផ្លូវអាកាសបច្ចុប្បន្ននេះឃើញថា ឧស្ម័នពុលជាច្រើន ត្រូវបានបំពេញទៅកាន់បរិយាកាស បានជះឥទ្ធិពលអាក្រក់ជាច្រើន ទៅដល់ខ្យល់នៅក្នុងលំហខាងលើ ហើយមកទល់នឹងពេលនេះ វាចាប់ផ្ដើមចោទឡើងជាបញ្ហាបណ្ដើរៗហើយ។

បញ្ហានេះ បានកំពុងជម្រុញឲ្យមានការផ្លាស់ប្ដូរថ្មី សម្រាប់អនាគតរបស់ពិភពលោក លើការនាំយកនូវយន្តហោះ ដែលមានការផលិតឧស្ម័នពុលតិច ឬកាត់បន្ថយឧស្ម័នពុលបញ្ចេញទៅបរិយាកាស នៅពេលកំពុងប្រតិបត្តិការហោះហើយ។ ក្រុមហ៊ុនផលិតយន្តហោះជំនាញ និងល្បីល្បាញក្នុងពិភពលោកមួយមានឈ្មោះថា Airbus SE កាលពីពេលថ្មីៗកន្លងទៅនេះ បានបញ្ចេញឲ្យដឹងថា ខ្លួនកំពុងសិក្សា ស្រាវជ្រាវ និងអភិវឌ្ឍន៍យន្តហោះមាន ១០០ កៅអីសម្រាប់ដឹកអ្នកដំណើរនាពេលអនាគត ដែលមានសមត្ថភាពជួយថែរក្សាបរិស្ថាន ពិសេសបរិយាកាសនៅក្នុងលំហរ តាមរយៈការកាត់បន្ថយ ការបញ្ចេញឧស្ម័នពុល ដែលនឹងមកដល់នាឆ្នាំ ២០៣០ ខាងមុខ។

លោក Sandra Bour Schaeffer អគ្គនាយកក្រុមហ៊ុនផលិតយន្តហោះរបស់អឺរ៉ុបមួយនេះ បានឲ្យដឹងថា ខ្លួនបានកំពុងធ្វើការលើវិធីសាស្ត្រមួយចំនួន ក្នុងការលុយបំបាត់ការបញ្ចេញកាបោនដាយអុកសាយ (Carbon Dioxide) ទៅក្នុងបរិយាកាស។ មិនតែប៉ុណ្ណោះ Airbus SE ក៏កំពុងចាប់ដៃសហការណ៍ ជាមួយនឹងដៃគូផ្សេងៗទៀត ទៅលើផ្នែកសំខាន់ៗ ពិសេសម៉ាស៊ីន ជាមួយនឹងសមត្ថភាពប្រើប្រាស់សាំងតិច ក៏ដូចជាការប្រើប្រាស់បច្ចេកវិទ្យាកូនកាត់ (Hybrid) ដើម្បីសន្សំសំចៃសាំង និងពង្រឹងទៅលើសមត្ថភាព ក្នុងការហោះហើរ ប្រើប្រាស់បានយូឆ្នាំជាដើម។ 

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនអាកាសចរណ៍ និងក្រុមហ៊ុនផលិតយន្តហោះធំៗ នៅមានសមត្ថភាពមានកម្រិត ក្នុងការឆ្លើយតបទៅនឹងការទុបស្កាត់ឧស្ម័នពុល ដែលចោទឡើងជាការបម្រែបម្រួលអាកាសធាតុផែនដី និងឡើងកម្ដៅជាអាទិ៍។ ប្រភពព័ត៌មានអន្តរជាតិបានបញ្ជាក់ថា ពួកគេបានកំពុងស្ថិតនៅក្រោមការត្រួតពិនិត្យយ៉ាងខ្លាំងទៅលើសកម្មភាពរបស់ខ្លួន នៅក្នុងឧហ្សាហកម្មមួយនេះ ខណៈចរាចរណ៍ផ្លូវអាកាសកំពុងតែកើនឡើងជាលំដាប់។ ជុំវិញបញ្ហានេះ ក្រុមហ៊ុន Toulouse និង Boeing Co. ក៏ដូចជាក្រុមហ៊ុនអាកាសចរណ៍ផ្សេងៗទៀត បានប្រកាសថា នៅឆ្នាំ ២០៥០ នឹងកាត់បន្ថយការបញ្ចេញឧស្ម័នពុលរបស់ខ្លួនចូលទៅបរិយាកាស ហើយក្នុងនោះលោក Schaeffer បានលើកឡើងដូច្នេះថា “បច្ចុប្បន្នយើងពុំទាន់មានដំណោះស្រាយល្អណាមួយ សម្រាប់ឆ្លើយតបទៅនឹងការកាត់បន្ថយតាមចក្ខុវិស័យនាឆ្នាំ ២០៥០ នៅឡើយទេ តែយើងមានដំណោះស្រាយខ្លះៗ ដែលអាចដាក់បញ្ចូលក្នុងគម្រោង លើផ្លូវដើរមួយនេះ”។ 

បច្ចុប្បន្ននេះ ក្រុមហ៊ុនអាកាសចរណ៍ធំៗ កំពុងអនុវត្តវិធីសាស្ត្រក្នុងការកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈឲ្យមានប្រសិទ្ធិភាពជាងមុន តាមរយៈការលាយបញ្ចូលគ្នានូវ Biofuels ជាមួយនឹង Propellants តែត្រូវចំនាយថវិការច្រើន ហើយផលប៉ះពាល់របស់វាមានដល់កម្រិតណានោះ គឺអាស្រ័យទៅលើការផលិតរបស់វាផ្ទាល់ តែវានៅតែផលិតចេញនូវឧស្ម័នពុល ចូលទៅកាន់បរិយាកាសដដែល។ សង្ឃឹមថា ១០ ឆ្នាំទៅមុខទៀត យន្តហោះ ដែលមានម៉ាស៊ីនជំនាន់ថ្មី នឹងរួមចំនែកកាត់បន្ថយឧស្ម័នពុល ចូលទៅកាន់បរិយាកាស។