វៀតណាមដាក់ចេញផែនការមេ ក្នុងការអភិវឌ្ឍកំពង់ផែសមុទ្រ សម្រាប់ចក្ខុវិស័យ ២០២១ ទៅ ២០៣០

វៀតណាម៖ ប្រទេសវៀតណាម បានប្រកាសចេញ និងដាក់ចេញនូវផែនការមេសំខាន់ៗ ជុំវិញការអភិវឌ្ឍន៍ប្រទេស ឲ្យឈានទៅរកទំនើបកម្ម ជាចក្ខុវិស័យវែងឆ្ងាយរបស់ថ្នាក់ដឹកនាំ ដើម្បីនាំប្រទេសមួយនេះឲ្យក្លាយទៅជាប្រទេសដែលមានទំនាក់ទំនងល្អ ឈានទៅមុខលើវិស័យដឹកជញ្ជូនតាមផ្លូវទឹក និងការអភិវឌ្ឍន៍សេដ្ឋកិច្ចឲ្យកាន់តែប្រសើរឡើង។

ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Trinh Dinh Dung កាលពីដើមសប្ដាហ៍នេះ បានប្រកាសជាសាធារណ និងសម្រេចធ្វើការអនុម័តលើគម្រោងផែនការមេ ជុំវិញការអភិវឌ្ឍន៍កំពង់ផែសមុទ្រទឹកជ្រៅខ្នាតយក្សរបស់វៀតណាម ដែលជាផ្នែកមួយយ៉ាងសំខាន់ ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីអនុវត្តយុទ្ធសាស្ត្រ សម្រាប់ការអភិវឌ្ឍប្រទេស ប្រកបទៅដោយចីរភាព គាំទ្រទៅដល់សេដ្ឋកិច្ចសមុទ្រដល់ឆ្នាំ ២០៣០ ខាងមុខ។ ផែនការនេះនឹងរួមបញ្ចូលដំណោះស្រាយបញ្ហាប្រឈមនាពេលបច្ចុប្បន្ន ដើម្បីបង្កើនប្រសិទ្ធភាព នៃការវិនិយោគក្នុងការអភិវឌ្ឍកំពង់ផែសមុទ្រនៅវៀតណាម និងធានាបាននូវការធ្វើសមាហរណកម្មរវាងកំពង់ផែសមុទ្រ និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនផ្សេងៗទៀត។

គម្រោងសាងសង់នេះ ត្រូវបានឲ្យដឹងថា នឹងប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយ បែបវិទ្យាសាស្ត្រ ដើម្បីឆ្លើយតបទៅនឹងស្ថានភាព តម្រូវការ វត្ថុធាតុដើម និងបម្រែបម្រួលអាកាសធាតុថែមទៀតផង ធ្វើយ៉ាងណាឲ្យការសាងសង់ត្រឹមត្រូវតាមក្បួនខ្នាត ដើម្បីបម្រើសេវាកម្មដល់សង្គមជាតិ។ មិនតែប៉ុណ្ណោះ ផែនការមេនេះ គឺជាដំណោះស្រាយដ៏សំខាន់ និងល្អមួយ ក្នុងការជួយទៅដល់ប្រសិទ្ធភាព នៃការវិនិយោគ កំពង់ផែសមុទ្រនៅប្រទេសវៀតណាម ឲ្យកាន់តែរីកលូតលាស់ និងធានាបាននូវការធ្វើសមាហរណកម្មរវាងកំពង់ផែសមុទ្រ និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនផ្សេងៗទៀត។ ផែនការនេះ ក៏នឹងជួយបង្កើននូវភាពងាយស្រួល និងទំនាក់ទំនងការដឹកជញ្ជូនក្នុងស្រុក ថែមទាំងកាត់បន្ថយការចំនាយនានា បានមួយចំនែកធំ។

យ៉ាងណាក៏ដោយ ប្រភពព័ត៌មានពុំបានបញ្ជាក់ប្រាប់ថា គម្រោងមេ មួយនេះនឹងចាប់ផ្ដើមសាងសង់នៅចំណុចណា ហើយចំនាយថវិការ និងថេរវេលាប៉ុន្មាននោះទេ ព្រោះវាអាស្ថិតនៅក្រោមការសិក្សា ស្វែងយល់បន្ថែមទៀត នៅពេលដែលការសាងសង់នេះ នឹងធ្វើឡើងយ៉ាងយកចិត្តទុកដាក់ ដើម្បីឆ្លើយតបទៅនឹងទីផ្សារបច្ចុប្បន្ន ស្របតាមស្ថានភាពពិភពលោក ។ល។ គួរបញ្ជាក់ផងដែរថា ថ្លៃដើមនៃការដឹកជញ្ជូនរបស់វៀតណាមមានចំនួនជិត ២១% នៃផលិតផលក្នុងស្រុកសរុប នេះបើយោងតាមស្ថិតិរបស់ធនាគារពិភពលោកកាលពីដើមឆ្នាំកន្លងទៅ។