គម្រោងជួសជុលកំណាត់ផ្លូវលេខ ១៣៣២ ស្ថិតក្នុងខេត្តកែប សម្រេចបាន ៥០% ហើយ

មន្ទីសាធារណការ  និងដឹកជញ្ជូននៅតាមបណ្ដាខេត្ត កំពុងធ្វើការជួសជុលផ្លូវដែលខូចខាតជាច្រើនកន្លែងនៅភាគខាងត្បូងនៃប្រទេសកម្ពុជា បន្ទាប់ពីទទួលថវិកានិងចេញគម្រោងសាងសង់ចាប់ពីត្រីមាសទី ៣ ឆ្នាំ២០១៨ កន្លងមកនេះ។ គម្រោងជួសជុលផ្លូវដែលបានចេញនៅពេលនោះ រួមមានដូចជា កំណាត់ផ្លូវជាតិលេខ ២ លេខ ៣ លេខ ៣៣ លេខ ៤១ លេខ ៤៥ លេខ ៥៧ និងកំណាត់ផ្លូវលេខ ១៤៨ លេខ ៣៧៧ លេខ ១៣៣២ លេខ ១៣៣៣ លេខ ១៣៣៥ លេខ ១៥៩ដេ ជាដើម ដែលផ្លូវទាំងនោះទទួលរកការខូចខាតពីការហូរចោះដោយទឹកភ្លៀង និងការដឹកជញ្ជូនធ្ងន់ៗ ហើយផ្ដល់ផលវិបាកក្នុងការធ្វើដំណើរ។ 

នៅក្នុងគម្រោងជួសជុលកំណាត់ផ្លូវជាតិ និងកំណាត់ផ្លូវក្រវ៉ាត់ទាំងនោះ បច្ចុប្បន្នកំពុងដំណើរទៅមុខយ៉ាងសស្រាក់សស្រាំ ហើយសម្រាប់កំណាត់ផ្លូវលេខ ១៣៣២ ធ្វើការជួសជុលសម្រេចបាន ៥០% ហើយ បើតាមការចេញផ្សាយពីមន្ទីសាធារណការ និងដឹកជញ្ជូនខេត្តកែប។ ដោយសារតែកំណាត់ផ្លូវនៅក្នុងតំបន់ទាំងនោះ ត្រូវបានប្រើប្រាស់ក្នុងការដឹកជញ្ជូនទំនិញធ្ងន់ៗជាច្រើន អញ្ចឹងហើយទើបវាងាយទទួលរងការខូចខាត ជាក់ស្ដែងកំណាត់ផ្លូវ ១៣៣២ នេះគឺជាផ្លូវក្រវ៉ាត់ខេត្ត ដែលកាត់ពីផ្លូវជាលេខ ៣៣ ពីស្រុកដំណាក់ចង្អើរ ខេត្តកែប ទៅកាន់ខេត្តហាទៀង ច្រកព្រំដែនប្រទេសវៀតណាម បានក្លាយទៅជាផ្លូវសេដ្ឋកិច្ចដ៏សំខាន់មួយសម្រាប់ភ្ជាប់ខេត្តកែប និងប្រទេសវៀតណាម បម្រើជាពិសេសគឺវិស័យពាណិជ្ជកម្ម និងទេសចរណ៍តែម្ដង។ 

បន្ទាប់ពីផ្លូវកៅស៊ូ ផ្លូវលេខ ១៣៣២ ទទួលរងការខូចខាតមក មន្ទីសាធារណការ និងដឹកជញ្ជូនខេត្តកែប បានសម្រេចចេញនូវគម្រោងជួសជុលឡើងវិញ ដោយការចាត់បេតុងកម្រាស់ ២ តឹក ក្រាលដោយសរសៃដែក RC នៅលើផ្លូវនេះវិញ ដើម្បីធានាគុណភាពឲ្យប្រើប្រាស់បានយូរ ហើយដំណើរការបានសម្រេច ៥០% ហើយដូចនេះយើងរំពឹងថា វាអាចនឹងសម្រេច ១០០% នៅចុងឆ្នាំ ២០២០ នេះឬនៅដើមឆ្នាំ ២០២១ ខាងមុខ ដើម្បីឲ្យច្រកពាណិជ្ជកម្ម កម្ពុជា-វៀតណាម តាមខេត្តហាទៀងនេះ ពង្រីកទំហំកាន់តែធំជាងមុន និងមានប្រសិទ្ធភាពថែមទៀត។ ពីព្រោះកាលពីចុងឆ្នាំ ២០១៩ កន្លងទៅ សម្តេចតេជោ ហ៊ុន សែន ទើបតែបានបើកសម្ពោធផ្សារគំរូព្រំដែន នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានរួចរាល់ដើម្បីពង្រីងទំហំពាណិជ្ជកម្ម ហើយក៏រំពឹងថានឹងអាចបង្កើតនូវផ្សារគំរូព្រំដែននេះបន្ថែមទៀតនៅតាមបណ្ដាខេត្ត ស្វាយរៀង និងខេត្តកំពតចំនួន ២ ផ្សេងទៀត។