កម្ពុជា-ឡាវ ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ ដើម្បីជំរុញលំហូរទេសចរណ៍រវាងប្រទេសទាំងពីរ

នៅក្នុងការចូលរួមវេទិកាទេសចរណ៍អាស៊ាន ២០២០ នៅទីក្រុងបានដាស៊េរីបេហ្គាវ៉ាន់ ប្រទេសព្រុយណេ កាលពីថ្ងៃទី ១៦ ខែមករា ឆ្នាំ២០២០ កន្លងទៅនេះ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា បានឆ្លៀតធ្វើការជួបពិភាក្សាទ្វេភាគីជាមួយឯកឧត្តម គិកែវ ខាយ ខាំភិធូន (Kikeo Khaykhamphithoune) រដ្ឋមន្ត្រីក្រសួងព័ត៌មាន វប្បធម៌ និងទេសចរណ៍ឡាវ ស្ដីអំពីកិច្ចការងារជំរុញដល់វិស័យទេសចរណ៍នៃប្រទេសទាំងពីរ ឲ្យបានកាន់តែប្រសើរជាងមុន លើកម្ពស់ចំនួនភ្ញៀវទេសចរណ៍រវាងកម្ពុជា និងឡាវ ព្រមទាំងភ្ញៀវទេសចរណអន្តរជាតិពីប្រទេសដទៃទៀតផងដែរ។

ជាដំបូងគួរបញ្ចាក់បន្ដិចថា កាលពីឆ្នាំ ២០១៩ កម្ពុជាទទួលបានភ្ញៀវទេសចរណ៍បរទេសប្រមាណ ៦.៧ លាននាក់ មានកំណើនឡើងប្រហែល ៨% ក្នុងនោះរយៈពេល ១០ ខែដំបូង ទេសចរណ៍ឡាវមានចំនួន ២៦៤,២៤៣ នាក់ ឈរនៅលំដាប់ទី ៤ នៃទីផ្សារធំៗទាំង ១០ ក្នុងប្រទេសកម្ពុជា។ ហេតុនេះហើយ ទើបក្រសួងទេសចរណ៍កម្ពុជា និងឡាវ បានធ្វើកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំង ២ ទៅលើចំនួនមួយចំនួន រួមមាន៖

១. ជំរុញទេសចរណ៍បើកបរខ្លួនឯង (Self-driving Tour) រវាងប្រទេសទាំងពីរ ដោយធ្វើការសម្រួលបែបបទផ្សេងៗ ឲ្យមានភាពងាយស្រួលដល់អ្នកដំណើរនៅពេលបើកបរឆ្លងកាត់ព្រំដែននៃប្រទេសទាំងពីរ។

២. ពិភាក្សាលើលទ្ធភាពឲ្យមានការហោះហើរត្រង់ពីប្រទេសឡាវមកតំបន់ឆ្នេរសមុទ្រកម្ពុជា។

៣. ចែករំលែកបទពិសោធន៍ និងអភិវឌ្ឍន៍រួមគ្នាលើសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ក្នុងក្របខណ្ឌនៃតំបន់តី្រកោណអភិវឌ្ឍន៍។

៤. ជំរុញឲ្យកាន់តែខ្លាំងឡើងថែមទៀតនៃកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌអនុតំបន់នានា ដូចជា៖ កិច្ចសហប្រតិបត្តិការមហាអនុតំបន់ទន្លេមេគង្គ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង កិច្ចសហប្រតិបត្តិការ ACMECS កិច្ចសហប្រតិបត្តិការ CLMV កិច្ចសហប្រតិបត្តិការ CLV -ល-។

ភាគីនៃក្រសួងទេសចរណ៍ប្រទេសទាំង ២ បានយល់ស្របនិងពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការខាងលើ និងឯកភាពគ្នាជំរុញឲ្យមានការចុះអនុស្សរណៈយោគយល់គ្នា ស្ដីពីកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍នេះនៅពេលខាងមុខផងដែរ ដោយរដ្ឋមន្ត្រីក្រសួងព័ត៌មាន វប្បធម៌ និងទេសចរឡាវ នឹងត្រូវអញ្ជើញចូលរួមពិធីបុណ្យសមុទ្រលើកទី ៩ នៅខេត្តព្រះសីហនុ ក្នុងឆ្នាំ ២០២០ ឆាប់ៗនេះ។ 

 

ប្រភព៖ ក្រសួងទេសចរណ៍