រាជរដ្ឋាភិបាលជប៉ុនផ្ដល់ជំនួញឥតសំណងជាង ៣ សែនដុល្លារ សម្រាប់គម្រោងអភិវឌ្ឍន៍ទ្រង់ទ្រាយតូច នៅក្នុងខេត្តចំនួន ៤

នៅដើមឆ្នាំ ២០២០ នេះរាជរដ្ឋាភិបាលជប៉ុន តាមរយៈស្ថានទូតជប៉ុនប្រចាំនៅប្រទេសកម្ពុជា បានពាំនាំយកមកនូវទឹកប្រាក់ជំនួយឥតសំណងសម្រាប់ការអភិវឌ្ឍន៍សហគមន៍ទ្រង់ទ្រាយតូច ហៅថា «ជំនួយ KUSANONE» ដល់ខេត្តចំនួន ៤ នៅប្រទេសកម្ពុជា ក្នុងនោះរួមមានខេត្តប៉ៃលិន កណ្ដាល ឧត្តរមានជ័យ និងបន្ទាយមានជ័យ ដែលរួមមានគម្រោងស្ថាបនាផ្លូវ, ស្ថានីយផលិតទឹកស្អាត, និងសាងសង់អគារមណ្ឌលសុខភាព ដែលសរុបជាទឹកប្រាក់ចំនួន ៣៦៣,២២៤ ដុល្លារ។ 

១. គម្រោងស្ថាបនាផ្លូវ ខេត្តប៉ៃលិន 

នៅក្នុងគម្រោងនេះ រដ្ឋាភិបាលជប៉ុនបានឧបត្ថមថវិការចំនួន ១៨១,៥៦០ ដុល្លារ ក្នុងការត្រួសត្រាយផ្លូវគ្រួសក្រហមប្រវែង ៦,៣០០ ម៉ែត្រ ស្ថិតនៅក្នុងឃុំអូរតាវ៉ៅ ខេត្តប៉ៃលិន ដែលអាចបម្រើជាប្រយោជន៍ជូនដល់ប្រជាជនប្រមាណ ៧,០០០ នាក់នៅក្នុងឃុំនោះ សម្រាប់ធ្វើដំណើរ សម្រាប់អភិវឌ្ឍន៍ដល់សេដ្ឋកិច្ចភូមិឃុំ និងដឹកជញ្ជូនផលិតផលកសិកម្មផងដែរ។

២. គម្រោងសាងសង់អគារមណ្ឌលសុខភាព ខេត្តកណ្ដាល

នៅក្នុងគម្រោងនេះ រដ្ឋាភិបាលជប៉ុនបានឧបត្ថមថវិកាចំនួន ៩០,៨៥០ ដុល្លារ ដើម្បីសាងសង់ មណ្ឌលសុខភាពទឹកឃ្លាំង ដែលស្ថិតនៅក្នុងស្រុកល្វាឯម ខេត្តកណ្ដាល ដោយរំពឹងថាមណ្ឌលសុខភាពនេះ នឹងមានអគារថ្មីសម្ភារៈបរិក្ខារល្អៗ អាចបម្រើដល់សេវាសុខភាពដល់ប្រជាពលរដ្ឋក្នុងតំបន់ អ្នកជំងឺ ៦០០ នាក់ក្នុងមួយឆ្នាំ។

៣. គម្រោងសាងសង់ ស្ថានីយផលិតទឹកស្អាត

គម្រោងនេះត្រូវបានអនុវត្ត នៅភាគពាយ័ព្យនៃប្រទេសកម្ពុជា រួមមានខេត្តឧត្តរមានជ័យ និងបន្ទាយមានជ័យ ដែលផ្គត់ផ្គង់នៅក្នុងឃុំចំនួន ៧ ក្នុងខេត្តទាំង ២ នោះ។ ការអភិវឌ្ឍន៍ស្ថានីយផលិតទឹកស្អាតនេះ ត្រូវបានទទួលជំនួញចំនួន ៩០,៨១៤ ដុល្លារ សម្រាប់បម្រើដល់ប្រជាជនក្នុងតំបន់ប្រមាណ ១៣,០០០ នាក់ មានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ ជៀសពីជំងឺដង្កាត់ផ្សេងៗដោយសារបញ្ហាកង្វះទឹកស្អាត។ 

ចំពោះជំនួយទឹកប្រាក់ ៣៦៣,២២៤ ដុល្លារ នៃជំនួយ KUSANONE នៅដើមឆ្នាំនេះត្រូវបានចុះហត្ថលេខា រវាងឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតនៃស្ថានទូតជប៉ុន និងអ្នកតំណាងអង្គភាពចំនួន ៣ បានរួចរាល់ជាស្ថាពរហើយ ដូចនេះយើងជឿជាក់ថាជំនួយទាំងនេះនឹងជួយក្នុងការកែលម្អគុណភាពជីវិតសម្រាប់ប្រជាជននៅក្នុងតំបន់នីមួយៗនៃគម្រោង។

គូសបញ្ចាក់ផងដែរថា ជំនួយ KUSANONE របស់រាជរដ្ឋាភិបាលជប៉ុន បានចាប់ផ្ដើមនៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ ១៩៩១ មកម្ល៉េះ ក្នុងគោលបំណងដើម្បីអភិវឌ្ឍន៍នូវសុខមាលភាព និងសុវត្ថិភាពមនុស្សជាតិ ជាពិសេសនៅតាមតំបន់ក្រីក្រក្នុងប្រទេសក្រីក្រ ឬប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីជាផ្នែកមួយលើកកម្ពស់ការរស់នៅ។ តាំងពីឆ្នាំ ១៩៩១ មកទល់នឹងពេលនេះ ជិត ៣០ ឆ្នាំមកហើយ ដែលរាជរដ្ឋាភិបាលជប៉ុនបានផ្ដល់ជំនួយដល់កម្ពុជា តាមរយៈជំនួយ KUSANONE នេះដែលមានចំនួន ៦១៨ កន្លែង សរុបជាទឹកប្រាក់ជាង ៦០ លានដុល្លារមកហើយ។ 

 

ប្រភព៖ ស្ថានទូតជប៉ុននៅកម្ពុជា