ប្រទេស Algeria បានជាប់ឈ្មោះជាទីតាំងល្អបំផុតប្រចាំឆ្នាំ 2020 សម្រាប់ភ្ញៀវទេសចរ ដែលចូលចិត្តការផ្សងព្រេងបែប “Backpacking”

បើយោងតាម British Backpacker Society (BBS) ដែលជាអង្គការរៀបចំដំណើរកម្សាន្តទៅកាន់តំបន់ឆ្ងាយៗ សម្រាប់ការផ្សងព្រេងនោះ បានឲ្យដឹងថា Algeria ដែលមានទីតាំងស្ថិតនៅអាហ្វ្រិកខាងជើង ថ្មីៗនេះទើបតែត្រូវបានដាក់ឈ្មោះជាប្រទេសល្អបំផុតក្នុងឆ្នាំនេះ សម្រាប់អ្នកដែលចូលចិត្តដំណើរកម្សាន្តបែបផ្សងព្រេង ឬ Backpack Tourists។ 

ដោយទីតាំងមួយនេះ មានភាពទាក់ទាញយ៉ាងទូលំទូលាយ សំបូរទៅដោយកន្លែងសម្រាប់រុករកច្រើន និងមានចំនួនភ្ញៀវទេសចរតិចតួចនោះ បានធ្វើឲ្យ BSS ជឿជាក់ថា Algeria នឹងផ្តល់អារម្មណ៍រំភើបបំផុត សម្រាប់ដំណើរផ្សងព្រេងបែប Backpacking ដូចដែលបានរាយការណ៍ដោយប្រភព Lonely Planet ដែរ។

"ទៅលើផ្នែកឧស្សាហកម្មទេសចរណ៍របស់ Algeria មិនត្រឹមតែទទួលបានអំណោយផលពីទេសភាពវាលខ្សាច់លំដាប់ពិភពលោកទេ ប៉ុន្តែទីតាំងភូមិសាស្ត្ររបស់វា ក៏សំបូរទៅដោយទីកន្លែងប្រវត្តិសាស្ត្រ និងប្រសាទបុរាណជាច្រើន ក្នុងការទាក់ទាញភ្ញៀវទេសចរទៀតផង” នេះបើតាមការលើកឡើងរបស់ BSS នៅថ្ងៃចូលឆ្នាំសកល។

ជាមួយនឹងសាហារ៉ាគ្របដណ្តប់លើផ្ទៃដី 4/5 Algeria ជាទីតាំងសក្ការៈ សម្រាប់ជំនឿ និងការគោរព ព្រមទាំងផ្សារមួយចំនួនដែលផ្តល់ទេសភាពឆ្នេរសមុទ្រមេឌីទែរ៉ាណេទៀតផង។ វាក៏មានលាយបញ្ចូលគ្នា នៃបេតិកភណ្ឌ Roman, Ottoman, Arab និង Byzantine ផងដែរ។

 

“ខ្ញុំបានធ្វើដំណើរទៅជាង 90 ប្រទេសហើយក្នុងដំណើរទាំងអស់នេះខ្ញុំមិនដែលឃើញទីក្រុងមួយដូចជា Constantine ទេ។ ដោយមានជ្រលងភ្នំជ្រៅ កាត់កណ្តាលទីក្រុងរបស់ខ្លួន ទីក្រុង Constantine ជាទីក្រុងប្រវត្តិសាស្ត្រមួយក្នុងចំណោមទេសភាពដ៏អស្ចារ្យបំផុតនៅលើផែនដី។” នេះបើតាមសម្តីរបស់លោក Adam Sloper ស្ថាបនិករបស់ BBS នៅក្នុងសេចក្តីថ្លែងការណ៍មួយ។

បើយោងតាម ការពិពណ៌នាដោយអ្នកនិពន្ធជនជាតិបារាំង លោក Albert Camus ត្រូវបានបង្ហាញនៅក្នុងឃ្លាថា “រស់នៅដោយព្រះ ឬ Inhabited by gods” Tipaza ដែលជាទីក្រុងតូចមួយ ដែលធ្វើពីពួករ៉ូម៉ាំងដែលមានអាយុកាល 2 ពាន់ឆ្នាំ គឺជាទីក្រុងមួយក្នុងចំណោមទីក្រុងរបស់ Algeria ចំនួន 3 ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់យូណេស្កូ។

ទីក្រុង Tlemcen ជាទីក្រុងមួយនៅតំបន់ភាគខាងជើង នៃប្រទេស Algeria មានកន្លែងលាយចំរុះគ្នា នៃវប្បធម៌ Berber និងអារ៉ាប់ - Andalusian ហើយជាទីសក្ការៈបូជារបស់វិហារអ៊ីស្លាមនៅសតវត្សរ៍ទី 11 ទៀតផង។

គួររំលឹកផងដែរថា ចំណាត់ថ្នាក់មុនៗនៅក្នុងបញ្ជី “Best Country for Backpacking” ដោយ BBS មានដូចជាប្រទេសប៉ាគីស្ថាន នៅក្នុងឆ្នាំ 2018 និងសម្រាប់ឆ្នាំមុននេះគឺ Ethiopia’s Danakil Depression។

សម្រាប់លទ្ធផលនៃបញ្ជី “Best Countries for Backpacking” ដោយ BBS នៅក្នុងឆ្នាំនេះមានដូចជា៖

1. Algeria

2. Saudi Arabia

3. Pakistan

4. Iran

5. Kazakhstan

6. Uzbekistan

7. Bosnia and Herzegovina

8. Russia

9. Ethiopia

10. Azerbaijan