ស្ត្រីពីរនាក់ធ្វើឲ្យមហាជនផ្ទុះកំហឹង ដោយបានបើកឡានចូលក្នុងបរិវេណហាមឃាត់ (Forbidden City) របស់ទីក្រុងប៉េកាំង ប្រទេសចិន

តំបន់ប្រវត្តិសាស្ត្រដ៏ទាក់ទាញបំផុតមួយរបស់ចិន បានសម្តែងការសុំទោសដល់សាធារណជន បន្ទាប់ពីស្ត្រីពីរនាក់បានបើករថយន្តទំនើបប្រភេទ SUV មួយគ្រឿងចូលទៅក្នុងបរិវេណហាមឃាត់ នៅក្នុងទីក្រុងប៉េកាំង ប្រទេសចិន និងថតរូបលេង នៅកន្លែងដែលអជ្ញាធរបិទការចេញចូលជាសាធារណៈ។

រូបថតរបស់អ្នកទាំងពីរពាក់វ៉ែនតា និងឈរនៅពីមុខរថយន្តប្រណិតតែឯង នៅលើទីធ្លាធំ នៃកន្លែងហាមឃាត់ របស់ទីក្រុងប៉េកាំង ដែលជាធម្មតាពោពេញទៅដោយ ភ្ញៀវទេសចរនោះ បានធ្វើឱ្យមានការខឹងសម្បារ យ៉ាងឆាប់រហ័សបន្ទាប់ពីរូបថត របស់ពួកគេត្រូវបានគេបង្ហោះ នៅលើបណ្តាញសង្គម។

វិមានដ៏ធំមួយ ដែលមានអាយុកាលជិត 600 ឆ្នាំជាអតីតរាជវាំងជំនាន់មុន នៅកណ្តាលរដ្ឋធានីចិន បានឲ្យដឹងថាខ្លួនបានស្វាគមន៍ភ្ញៀវ 19 លាននាក់ កាលពីឆ្នាំមុន ដែលពួកគេទាំងអស់ចូលមកកាន់ទីនេះ បានដោយថ្មើរជើងប៉ុណ្ណោះ។

នៅក្នុងសេចក្តីថ្លែងការណ៍របស់គេហទំព័រ នៃតំបន់បេតិកភណ្ឌពិភពលោក អង្គការយូណេស្កូ ដែលទីនេះត្រូវបានគេស្គាល់ថាជាសារមន្ទីរបែបរាជវាំង (Palace Museum) បានបញ្ជាក់ថាឧប្បត្តិហេតុខាងលើ បានកើតឡើងកាលពីថ្ងៃច័ន្ទសប្តាហ៍មុន ដែលជាថ្ងៃរាជវាំងចាស់នេះ មិនបើកទ្វារទទួលភ្ញៀវទេសចរឡើយ។

ដោយឡែក កាលពីថ្ងៃសុក្រនៅលើប្រព័ន្ធបណ្តាញសង្គម Weibo បាននិយាយថា “សារមន្ទីររាជវាំងរបស់ចិនមួយនេះ ពិតជាពុំនឹកស្មានដល់ចំពោះរឿងមួយនេះ និងសម្តែងការសុំទោសជាសាធារណៈ ដោយបន្ថែមថា “នឹងចាត់ចែង ហើយនឹងបញ្ឈប់សកម្មភាពបែបនេះឲ្យបាន ព្រមទាំងអនុវត្តច្បាប់ឲ្យបានយ៉ាងតឹងរ៉ឹងចាប់ពីពេលនេះតទៅ”។

រូបថតដែលបង្កើតបញ្ហាចម្រូងចម្រាសនេះ ត្រូវបានគេបង្ហោះនៅលើ Weibo ក្នុងដើមសប្តាហ៍មុន ប៉ុន្តែត្រូវបានលុបចោលយ៉ាងលឿន បន្ទាប់ពីមានការផ្ទុះកំហឹងក្នុងចំណោមអ្នកប្រើប្រាស់ Weibo ទាំងអស់ ដែលចោទសួរអំពីរបៀបដែលស្ត្រីទាំងនោះបានចូល ក្នុងបរិវេណហាមឃាត់របស់ទីក្រុង ដែលត្រូវបានការពារយ៉ាងល្អ។

អ្នកខមមិន ជាច្រើនបានសម្តែងនូវការខឹងសម្បារ ដោយប្រើឯកសិទ្ធិ សិទ្ធិនៃការបញ្ចេញមតិ ដោយបានសំណូមពរឲ្យសាធារណជនពិចារណា ព្រមទាំងបានគិតថាស្អប់ខ្ពើមចំពោះឥស្សរជនអ្នកមាន របស់ចិន ដែលតែងតែបំពានច្បាប់។ អ្នកប្រើប្រាស់ Weibo ម្នាក់បាននិយាយទាំងខឹងថា “អាកប្បកិរិយាបែបនេះធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរ” ។

ម្ចាស់គណនីរបស់ Weibo ដែលមានឈ្មោះថា Maomao បានកត់សម្គាល់ថា “សូម្បីតែមេដឹកនាំបរទេស ក៏នៅតែត្រូវតែដើរចេញពីយានយន្តរបស់ពួកគេ ដើម្បីទៅ ទស្សនាអតីតរាជវាំងចាស់នេះដែរ។”

រូបភាពរបស់ប្រធានាធិបតីបារាំង Emmanuel Macron និងភរិយារបស់លោកស្រី Brigitte បានទៅទស្សនា Forbidden Palace កាលពី 2 ឆ្នាំមុនបានបង្ហាញយ៉ាងច្បាស់ថា មេដឹកនាំពិតជា ធ្វើដំណើរទៅកាន់កន្លែងនោះដោយថ្មើរជើង។