ចិនផ្ទុះចេញជម្ងឺឆ្លងថ្មី ដែលកំពុងបង្ករឲ្យមានការព្រួយបារម្មណ៍ថានឹងរាតត្បាតពាសពេញពិភពលោក

ចិន៖ កាលពីពេលថ្មីៗកន្លងទៅនេះ ប្រភពព័ត៌មានអន្តរជាតិជាច្រើនបានចុះផ្សាយអំពីការសង្ស័យ ទៅលើមេរោគថ្មីមួយ ដែលគេជឿជាក់ថា នឹងបង្ករឲ្យមានការព្រួយបារម្មណ៍ក្នុងពិភពលោក ខណៈពេលដែលខាងវេជ្ជសាស្ត្រ នៅមិនទាន់អាចស្វែងរកឃើញអំពីការរាតត្បាតនៃមេរោគនេះ ពីមនុស្សម្នាក់ ទៅកាន់មនុស្សម្នាក់ទៀតបាននៅឡើយ។ ការព្រួយបារម្មណ៍នេះ ត្រូវបានឲ្យដឹងថា ជាការចាប់ផ្ដើមថ្មី ស្ថិតនៅក្នុងទីក្រុងវ៉ូហាន (Wuhan) ស្ថិតនៅក្នុងខេត្ត Hubei ប្រទេសចិន។ 

ប្រភពព័ត៌មានអន្តរជាតិបានចុះផ្សាយឲ្យដឹងថា មេរោគថ្មី ដែលបានវាយប្រហារនៅចិនលើកនេះ ត្រូវបានរាយការណ៍ចុងក្រោយគិតមកដល់រសៀលថ្ងៃអាទិត្យទី១៩ ខែមករា ឆ្នាំ២០២០ នេះ គឺមានរហូតដល់ទៅ ១៧ ករណីហើយ ដោយកំពុងសំរាកព្យាបាលនៅមន្ទីពេទ្យ និងមាន ២ នាក់ហើយបានស្លាប់។ ការវាយប្រហារនៃមេរោគថ្មីនេះ គឺជាការប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើផ្នែកផ្លូវដង្ហើម ឬហៅពេញតាមពាក្យបច្ចេកទេសថា (Acute Respiratory Syndrome) ហៅកាត់ (SARS) ដែលគេជឿជាក់ថា ជាប្រភេទជម្ងឺមួយ ដែលបានសម្លាប់ជីវិតជាង ៨០០ នាក់នៅទូទាំងពិភពលោក កាលពីចន្លោះឆ្នាំ ២០០២ ទៅឆ្នាំ ២០០៣ ដោយកាលនោះ ក៏ចាប់ផ្ដើមផ្ទុះចេញពីទឹកដីចិននេះផងដែរ។

បើទោះបីជាមានការជឿជាក់ថា ការផ្ទុះឡើងនៃមេរោគថ្មីនេះ គឺជាមេរោគចាស់ ដែលធ្លាប់កើតមានឡើងក្នុងពិភពលោករួចម្ដងក្ដី តែបើតាមក្រុមអ្នកជំនាញបានលើកឡើងថា មេរោគថ្មីនេះ មើលទៅមិនមែនជាប្រភេទមេរោគ SARS ឡើយ ព្រោះពុំសូវមានប្រភពដើមច្បាស់លាស់ពីវា ពោលគឺមិនដឹងអំពីមូលហេតុចំបង នៃការរាលដាល ឬឆ្លងពីមនុស្សមួយទៅកាន់មនុស្សម្នាក់ទៀត ដោយរបៀបណា។ ស្ថិតក្នុងហេតុការណ៍នេះ ប្រទេសជប៉ុន ថៃ កូរ៉េខាងត្បូង និងបណ្ដាប្រទេសផ្សេងៗ បានបញ្ជាក់អំពីករណីមេរោគថ្មីនេះដែរ ដោយសង្ស័យមានការវាយប្រហារនៅអាកាសយានដ្ឋានអន្តរជាតិ និងបង្ហាញអំពីការព្រួយបារម្មណ៍យ៉ាងខ្លាំងនារដូវការចូលឆ្នាំចិនខាងមុខ ស្របពេលដែលប្រជាជនចិន ១,៤ ពាន់លាននាក់ នឹងហោះហើរទៅកាន់តំបន់ជាច្រើន ហើយអាចនឹងនាំយកនូវមេរោគថ្មីនេះទៅកាន់ប្រទេសនានាទូទាំងពិភពលោក រាប់បញ្ចូលប្រទេសកម្ពុជាផងដែរ។

 

ក្រោយការប្រកាសចេញនូវព័ត៌មាននេះភ្លាម ប្រទេសធំៗមួយចំនួន បានចាប់ផ្ដើមធ្វើការត្រួតពិនិត្យយ៉ាងលម្អិត ទៅដល់ភ្ញៀវទេសចរណ៍ ពិសេសជើងហោះហើរចេញពីទីក្រុង Wuhan ផ្ទាល់តែម្ដង ដើម្បីបង្ការ និងបញ្ញៀសនូវជម្ងឺឆ្លង ដែលគេជឿថា ជាជម្ងឺ “រលាកសួតធ្ងន់ធ្ងរ” នេះ។ ហេតុការណ៍នេះ អង្គការសុខភាពពិភពលោក WHO ក៏បានចេញសេចក្ដីប្រកាសអាសន្នភ្លាមៗ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ គប្បីពាក់ម៉ាសការពារនៅពេលចេញក្រៅ។ យ៉ាងណាមិញ មានការសាកសួរ និងស្រាយបំភ្លឺនូវសំនួរជាច្រើនត្រូវបានចោទសួរទោដល់គណៈកម្មការសុខភាពជាតិ (NHC) និងរដ្ឋាភិបាលនៃខេត្ត Hubei តែគិតមកដល់ថ្ងៃទី១៩ ម្សិលមិញ នៅមិនទាន់មានការឆ្លើយតប ឬបង្ហាញការអត្ថាធិប្បាយជាសាធារណៈ ដើម្បីបំភ្លឺករណីជម្ងឺនេះនៅឡើយទេ។

គួរបញ្ជាក់ផងដែរថា សម្រាប់ព័ត៌មានបឋមនៅពេលនេះ ប្រភពនៃការកើតជាជម្ងឺឆ្លងមួយនេះ ត្រូវបានឲ្យដឹងថា មានទំនាក់ទំងជាមួយនឹងអាហារសមុទ្រ ហើយប្រជាជនជាច្រើនបានកំពុងភ័យព្រួយ ហើយខ្លះក៏បានជម្លាសខ្លួនចេញពីទីក្រុង Wuhan ផងដែរ៕