ឆ្នេរអូរឈើទាល២ និងឆ្នេរអូរត្រេះ នឹងត្រូវបានរៀបចំជាឆ្នេរសមុទ្រសាធារណៈ និងជាសម្បត្តិរួម របស់ប្រជាពលរដ្ឋខ្មែរទូទៅ

ឆ្នេរអូឈើទាល ២ ឬយើងនិយមស្គាល់ថា «អតីតឆ្នេរអារីស្ដុន» និងឆ្នេរអូរត្រេះ ត្រូវបានរំលោភបំពានអស់រយៈពេលជាយូរមកហើយ ពីសំណាក់ពលរដ្ឋខេត្តព្រះសីហនុ ដែលបានបងប្អូនប្រជាពលរដ្ឋទាំងនោះ បានសាងសង់តូបលក់ដូរ និងអាស្រ័យផលនៅលើឆ្នេរអូរឈើទាល និងឆ្នេរអូត្រេះ មានទីតាំងស្ថិតនៅភូមិ ៤ និងភូមិ ៦ សង្កាត់លេខ ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ រហូតដល់ធ្វើឲ្យសោភ័ណភាពឆ្នេរទាំង ២ បាត់បង់និងហាក់ដូចជាកម្មសិទ្ធរបស់ឯកជន និងមានភាពអនាធិបតេយ្យ។ 

ទើបកន្លងទៅនេះ គណៈអភិបាលខេត្តព្រះសីហនុ ដែលដឹកនាំដោយ ឯកឧត្តម គួច ចំរើន បានចេញនូវលិខិតជូនដំណឹងលេខ ៤៧៣/១៩ សជណ ចុះថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩ ជូនដល់ប្រជាពលរដ្ឋដែលបានកំពុងលក់ដូរ អាស្រ័យផលនៅតំបន់ឆ្នេរទាំង ២ នោះចូលរួមសហការជាមួយអាជ្ញាធរតំបន់ ដើម្បីរៀបចំឆ្នេរសមុទ្រដ៏ល្បីល្បាញទាំង ២ នេះមកក្លាយជាសម្បត្តិរួមរបស់ប្រជាជនកម្ពុជាឡើងវិញ ព្រមទាំងមានការសម្អាតឆ្នេរ ដើម្បីត្រៀមទទទួលភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ក្នុងឱកាសថ្ងៃចូលឆ្នាំចិន ចូលឆ្នាំខ្មែរ ខាងមុខនេះផងដែរ។ 

ការចុះរុះរើនូវសំណង់តូបអាជីវករទាំងអស់នៅលើឆ្នេរទាំង ២ នេះត្រូវបានធ្វើឡើងឲ្យបានរៀបរយជាស្ថាពរកាលពីថ្មីៗនេះ ដោយគេបានរុះរើតូបសរុបចំនួន ១២៦ តូបនៅឆ្នេរអូរឈើទាល ដោយឡែកសម្រាប់តូបស្ដង់នៅលើឆ្នេរអូត្រេះ១ មានចំនួន ១០៨ តូប និងអូរត្រេះ ២ មានចំនួន ៤៨ តូប ដែលតូបទាំងនោះត្រូវបានចាក់បេតុងសំណង់យ៉ាងរឹងមាំ និងមានការសាងសង់ជាប់ក្បែរទឹកតែម្ដង ហើយបន្ទាប់ពីចុះរុះរើគេបានបន្សល់នូវសំណល់ផ្ទះបាយ និងលូស្ដុកលាមកចំនួន ១៣៦ លូ ដែលអភិបាលខេត្តព្រះសីហនុកំពុងសហការជាមួយភ្នាក់ងារសម្អាត ដើម្បីរៀបចំសណ្ដាប់ធ្នាប់តំបន់ឆ្នេរនោះឡើងវិញ។  

ដំណើរការនៃការចុះស្ដារឆ្នេរអូរឈើទាល ២ «អតីតឆ្នេរអារីស្ដូន» និងឆ្នេរអូរត្រេះ គឺត្រូវបានទទួលការសាទរពីសំណាក់ប្រជាជនកម្ពុជាទូទៅ ហើយសូមបញ្ជាក់ថា ការរុះរើនេះ មិនមែនធ្វើសម្រាប់យកតំបន់ឆ្នេរសមុទ្រនេះទៅវិនិយោគទៅឲ្យក្រុមហ៊ុនឯកជន ឬអាជីវកម្មណាមួយឡើយ ប៉ុន្តែគឺជារៀបចំកែសម្រួលឆ្នេរនេះឲ្យក្លាយជាសម្បត្តិរបស់រដ្ឋឡើងវិញ និងជាសម្បត្តិរបស់ប្រជាជនកម្ពុជា ដើម្បីបម្រើជាប្រយោជន៍ជូនដល់សាធារណជន ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មកកម្សាន្ដដោយសេរី មិនមានបង់ប្រាក់អ្វីឡើយ។

ជាចុងក្រោយ ក្រុមការងាររដ្ឋបាលខេត្តព្រះសីហនុ សូមថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋដែលបានចូលរួមសហការ ដើម្បីឈានដល់ការរុះរើតូបស្ដង់ រៀបចំកែលម្អឆ្នេរសាធារណៈនេះ ឲ្យមានសោភ័ណភាពឡើងវិញ ដោយរក្សាទុកជាឆ្នេរសាធារណៈ និងជាសម្បត្តិរួមរបស់ប្រជាពលរដ្ឋខ្មែរទូទៅ និងលើកកម្ពស់ដលវិស័យទេសចរណ៍តំបន់ឆ្នេរនៃព្រះរាជាណាចក្រកម្ពុជា។

ទស្សនារូបភាពមួយចំនួននៃឆ្នេរអូរឈើទាល ២ និងឆ្នេរអូរត្រេះ ៖

 

ប្រភព៖ ប្រជាជនខេត្តព្រះសីហនុ