ម៉ាឡេស៊ី ចេញច្បាប់កំណត់ម៉ោងសម្រាប់បើកភោជនីយដ្ឋាន ផ្សារទំនើប និងតាក់ស៊ី ក្នុងរយៈពេល Lockdown!

រដ្ឋាភិបាលម៉ាឡេស៊ី ទើបតែបានចេញច្បាប់កំណត់ពេលវេលាជាក់លាក់សម្រាប់ប្រតិបត្តិការភោជនីយដ្ឋាន សេវាកម្មតាក់ស៊ី និងហាងទំនើបផ្សេងៗ ដែលមិនអាចដំណើរការបាន ២៤ ម៉ោងដូចមុននោះទេ ក្នុងកំឡុងរយៈពេលដាក់ខ្លួននៅឆ្ងាយពីគេ (Lockdown) នេះដើម្បីទប់ស្កាត់ការរាតត្បាតនៃមេរោគកូវីដ ១៩។ 

តាមសេចក្ដីប្រកាសរបស់លោក Ismail Sabri Yaakob រដ្ឋមន្ត្រីជាន់ខ្ពស់នៃក្រសួងការពារជាតិម៉ាឡេស៊ី បញ្ជាក់ថាសម្រាប់ហាងលក់ម្ហូប ភោជនីយដ្ឋាន និងស្ថានីយប្រេងឥន្ធនៈនានា អាចដំណើរការបានពីម៉ោង ៨ ព្រឹកដល់ម៉ោង ៨ យប់ ចំនែកឯអ្នករត់តាក់ស៊ី និងតាមសេវាកម្មហៅតាក់ស៊ីអនឡាញគឺអាចដំណើរបានចាប់ពីម៉ោង ៦ ព្រឹកដល់ម៉ោង ១០ យប់ ចំណែកអ្នកដែលអាចធ្វើដំណើរតាមដងផ្លូវគ្រប់ពេលវេលាបាន គឺយានយន្ដមួយជិះតែម្នាក់ប៉ុណ្ណោះ។ 

ប្រទេសម៉ាឡេស៊ី បានប្រកាសឲ្យប្រជាជនធ្វើការនៅដោយឡែកពីគ្នា Lockdown ចាប់តាំងពីថ្ងៃទី ១៨ ខែមីនាមក ដោយអាជីវកម្មមួយភាគធំបានបិទទ្វារ លើកលែងតែសេវាកម្មសំខាន់ៗមួយចំនួនប៉ុណ្ណោះ ហើយកងកម្លាំងនៃក្រសួងការពារជាតិក៏បានចាំយាមល្បាតគ្រប់ច្រកនៃទីក្រុងផងដែរ តាមការបញ្ជារបស់នាយករដ្ឋមន្ត្រី Muhyiddin Yassin ដែលអាចនឹងពន្យារយៈពេល lockdown រហូតដល់ថ្ងៃទី ១៤ ខែមេសា ប្រសិនបើតួរលេខនៃអ្នកឆ្លងមិនថយចុះក្នុងប្រទេស និងនៅអាស៊ីអាគ្នេយ៍។ សូមបញ្ជាក់ផងដែរថា ប្រទេសម៉ាឡេស៊ី បានបញ្ចេញកញ្ចប់ថវិកាដើម្បីទប់ស្កាត់ការធ្លាក់ចុះសេដ្ឋកិច្ចប្រមាណ ៥៨ ពាន់លានដុល្លារ សម្រាប់ធានាថាមេរោគកូរ៉ូណាមិនប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចជាតិ៕