យោងតាមប្រភពពី UN: ទេសចរណ៍អន្តរជាតិ នឹងបន្តការធ្លាក់ចុះដល់ 30% នៅក្នុងឆ្នាំនេះ ដោយសារបញ្ហាវីរុស COVID-19

អង្គការទេសចរណ៍ពិភពលោក បាននិយាយកាលពីថ្ងៃសុក្រកន្លងទៅថ្មីៗនេះថា ការធ្វើដំណើរអន្តរជាតិរបស់ភ្ញៀវទេសចរ នឹងធ្លាក់ចុះពី 20% - 30% នៅក្នុងឆ្នាំ 2020 នេះ ដោយសារតែបញ្ហានៃការរីករាលដាលនៃវីរុស COVID-19 ព្រមទាំងអាចនឹងបណ្តាលឲ្យការងាររាប់លាន នៅក្នុងវិស័យទេសចរណ៍ពិភពលោកស្ថិតនៅក្នុងហានិភ័យ។

បើធ្វើការពិនិត្យឡើងវិញ កំណើននេះមានការធ្លាក់ចុះទាប ជាងការព្យាករណ៍ដែលបានធ្វើឡើងនៅថ្ងៃទី 6 មីនា នៃការធ្លាក់ចុះនៃប្រព័ន្ធធ្វើដំណើរប្រមាណ 1-3% ដោយសារតែ ការរឹតបន្តឹងការធ្វើដំណើរ ដែលបានធ្វើឡើង ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ និងការធ្លាក់ចុះនៃសេដ្ឋកិច្ចផងដែរ។

 

អង្គភាព UN ដែលមានមូលដ្ឋាននៅទីក្រុងម៉ាឌ្រីដ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការធ្លាក់ចុះនៃការប្រព័ន្ធធ្វើដំណើរអន្តរជាតិ នឹងនាំឱ្យមានការខាតបង់ចំនួន 300 - 450 ពាន់លានដុល្លារ ក្នុងចំណូលទេសចរណ៍អន្តរជាតិ ដែលស្ទើរតែស្មើ មួយភាគបី នៃទឹកប្រាក់ចំនួន 1.5 សែនកោដិដុល្លារ ដែលបានបូកសរុបនៅឆ្នាំ 2019។

 

UNWTO បាននិយាយថាខ្លួនបានពិនិត្យឡើងវិញលើ ការព្យាករណ៍របស់ខ្លួនដើម្បីពិចារណាលើ សេចក្តីណែនាំ នៃការរឹតបន្តឹងការធ្វើដំណើរទូទាំងពិភពលោក ប៉ុន្តែក៏បានបន្ថែមថា វាគួរតែត្រូវបានបកស្រាយ ដោយប្រយ័ត្នប្រយែងចំពោះស្ថានភាពមិនប្រាកដប្រជា នៃវិបត្តិដែលកំពុងតែជួបប្រទះ ក្នុងពេលបច្ចុប្បន្ន។

ស្ថាប័ននេះបានព្យាករណ៍កាលពីដើមឆ្នាំថា ទេសចរណ៍អន្តរជាតិនឹងកើនឡើង 3-4% នៅក្នុងឆ្នាំ 2020។

 

អគ្គលេខាធិការរបស់អង្គការនេះគឺលោក Zurab Pololikashvili បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍នោះថា “វិស័យទេសចរណ៍គឺស្ថិតក្នុងចំណោម តំបន់ដែលរងគ្រោះខ្លាំងបំផុត ក្នុងចំណោមផ្នែកសេដ្ឋកិច្ចទាំងអស់។ វាច្បាស់ណាស់ដែលថាការងាររាប់លាន នៅក្នុងវិស័យនេះអាចងាយនឹងប្រឈមហានិភ័យ។” 

UNWTO បានកត់សម្គាល់ថា អាជីវកម្មធុនតូចនិងមធ្យម បង្កើតបានប្រហែល 80% នៃវិស័យទេសចរណ៍ ដែលនាំទៅរកការផ្តល់ការងារដល់ស្ត្រី យុវជន និងសហគមន៍ជនបទ។ របាយការណ៍បានបន្ថែមទៀតថា ដោយប្រៀបធៀបការធ្លាក់ចុះនៃទេសចរណ៍អន្តរជាតិប្រមាណ 4% កាលពីឆ្នាំ 2009 ក្នុងកំឡុងពេលមានវិបត្តិសេដ្ឋកិច្ចពិភពលោក និងត្រឹមតែ 0.4% ក្នុងឆ្នាំ 2003 បន្ទាប់ពីការផ្ទុះឡើងនៃរោគសញ្ញាផ្លូវដង្ហើមធ្ងន់ធ្ងរ (មេរោគ SARS) ដែលបានសម្លាប់មនុស្ស 774 នាក់នៅទូទាំងពិភពលោក។

 

រដ្ឋាភិបាលនៅជុំវិញពិភពលោក បានដាក់កម្រិតលើការធ្វើដំណើរ ដោយសារតែពួកគេព្យាយាមទប់ស្កាត់ការរីករាលដាល នៃវីរុស COVID-19 ដែលបានឆក់យកជីវិតមនុស្សជាង 23,000 នាក់នៅទូទាំងពិភព លោកចាប់តាំងពីវាបានលេចចេញជាលើកដំបូង នៅក្នុងប្រទេសចិនកាលពីចុងឆ្នាំមុន។

 

ប្រជាជនជាង 3 ពាន់លាននាក់ នៅជុំវិញពិភពលោកបច្ចុប្បន្ន កំពុងរស់នៅក្រោមវិធានការណ៍ហាមប្រាម មិនឲ្យចេញទៅណា (Lockdown measures)។ ព្រឹត្តិការណ៍វប្បធម៌ និងសន្និសីទអាជីវកម្មសំខាន់ៗ ត្រូវបានបញ្ឈប់ ដើម្បីកំណត់ការទំនាក់ទំនង រវាងប្រជាជន និងក្រុមហ៊ុនអាកាសចរណ៍ ដែលបានកាត់បន្ថយចំនួនជើងហោះហើរយ៉ាងច្រើនផងដែរ។ គួររំលឹកផងដែរថា ចំនួនភ្ញៀវទេសចរណ៍អន្តរជាតិបានកើនឡើង 4% កាលពីឆ្នាំ 2019 ដល់ 1.5 ពាន់លាននាក់ ដោយប្រទេសបារាំង ជាប្រទេសដែលមានភ្ញៀវទេសចរច្រើនបំផុត លើពិភពលោក បន្ទាប់មកគឺអេស្បាញ និងសហរដ្ឋអាមេរិក។

អត្រានៃចំនួនភ្ញៀវទេសចរណ៍អន្តរជាតិចុងក្រោយ ដែលបានធ្លាក់ចុះប្រចាំឆ្នាំខ្លាំង គឺបានកើតឡើងនៅក្នុងឆ្នាំ 2009 នៅពេលដែលវិបត្តិសេដ្ឋកិច្ចពិភពលោកបាន ប៉ះពាល់ដល់វិស័យទេសចរណ៍ និងការប្រព័ន្ធធ្វើដំណើរអន្តរជាតិយ៉ាងខ្លាំង។ នៅពេលនេះ ឆ្នាំ 2020 វាត្រូវបានរាយការណ៍ជាថ្មីម្តងទៀតនៃការធ្លាក់ចុះយ៉ាងខ្លាំង ដោយសារបញ្ហានៃការរីករាតត្បាតរបស់វីរុស COVID-19។