មន្ទីរពេទ្យអន្តរជាតិលំដាប់ថ្នាក់ពិភពលោក The Prestige បានបើកដំណើរការជាផ្លូវការនៅរាជធានីភ្នំពេញ

ភ្នំពេញ៖ រាជធានីភ្នំពេញ មានមន្ទីរពេទ្យលំដាប់ថ្នាក់អន្តរជាតិមួយផ្សេងទៀតហើយ ដែលជាមន្ទីរពេទ្យមានភាពល្បីល្បាញលំដាប់ថ្នាក់ពិភពលោក ដោយបានសម្រេចចិត្តបោះទុនវិនិយោគដល់ទៅ ៧ លានដុល្លារ ដើម្បីជួយដល់វិស័យសុខាភិបាល នៅកម្ពុជា។ មន្ទីរពេទ្យលំដាប់ពិភពលោក The Prestige Hospital បានប្រកាសបើកដំណើរការជាផ្លូវការ កាលពីថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២០ កន្លងទៅ ដើម្បីផ្តល់នូវសេវាកម្មថែទាំសុខភាព និងព្យាបាលដល់ពលរដ្ឋកម្ពុជាតាមស្តង់ដារលំដាប់អន្តរជាតិ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា លក្ខណៈពិសេស ដែលមន្ទីរពេទ្យស្តង់ដារអន្តរជាតិនេះ នាំមកជូនពលរដ្ឋកម្ពុជានោះ គឺស្តង់ដារសេវាកម្ម និងតម្លៃសមរម្យ។ ក្នុងនោះ លោកបណ្ឌិត Tay Christopher ជា នាយកប្រតិបត្តិនៃមន្ទីរពេទ្យ The Prestige Hospital រាជធានីភ្នំពេញ បានឲ្យដឹងថា សេវាកម្មក្នុងមន្ទីរពេលនេះ មានគុណភាពដល់កម្រិតស្តង់ដារប្រទេសសិង្ហបុរី តែបើនិយាយពីតម្លៃសេវាកម្មវិញ គឺអាចទទួលយកបានសម្រាប់លទ្ធភាពកម្ពុជា ព្រោះវាទាបជាងតម្លៃមន្ទីរពេទ្យនៅប្រទេសសិង្ហបុរី។ លោកបន្ថែមថា “យើងនឹងនាំមកនូវស្តង់ដាបែបអន្តរជាតិ និងសេវាកម្មថែទាំសុខភាពបែបសិង្ហបុរី ជាមួយនឹងបច្ចេកវិទ្យាសុខាភិបាលចុងក្រោយ តាមវិធីសាស្រ្តវេជ្ជសាស្រ្តអន្តរជាតិ និងប្រកបដោយក្រមសីលធម៌ខ្ពស់”។

លោកវិជ្ជបណ្ឌិត ក្នុងនាមជានាយកប្រតិបត្តិ ម្នាក់នេះបានបង្ហាញនូវគំនិតសុទិដ្ឋិនិយម ចំពោះការវិវឌ្ឍវិស័យសុខាភិបាលនៅកម្ពុជា តាមរយៈការសហការ ដោយជិតស្និតជាមួយនឹងដៃគូផ្នែក សុខាភិបាល និងក្រសួងសុខាភិបាល មន្ទីរពេទ្យ The Prestige Hospital នេះ នឹងចូលរួមលើកកម្ពស់ស្តង់ដារនៃការថែទាំសុខភាព ឲ្យកាន់តែប្រសើរជាងនេះបន្ថែមទៀត។ ពាក់ព័ន្ធឹនឹងបញ្ហារីករាលដាល នៃមេរោគ កូវីដ ១៩ ក្នុងប្រទេសកម្ពុជា លោកបានបង្ហាញចេតនាក្នុងការចូលរួមថា មន្ទីរពេទ្យ The Prestige Hospital នឹងសហការជាមួយនឹងមន្ទីរពេទ្យ ដែលត្រូវបានក្រសួងសុខាភិបាលកំណត់ និងស្ថាប័នផ្សេងៗទៀត ទោះបីមន្ទីរពេទ្យអន្តរជាតិមួយនេះ មិនអាចទទួលព្យាបាលអ្នកជំងឺមានផ្ទុក មេរោគ កូវីដ ១៩ ក៏ដោយ ដោយសារក្រសួងសុខាភិបាលកម្ពុជា បានកំណត់មន្ទីរពេទ្យសម្រាប់ទទួលករណីជំងឺ កូវីដ ១៩ រួចទៅហើយ។

គួរបញ្ជាក់ផងដែរថា មន្ទីរពេទ្យ The Prestige Hospital មានទីតាំងស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ មានគ្រែសម្រាកព្យាបាលចំនួន ១០០ យូនីត។ មន្ទីរពេទ្យមួយនេះ ប្រមូលផ្ដុំទៅដោយវិជ្ជបណ្ឌិតមានជំនាញច្បាស់លាស់ មកពីបរទេស ដែលមានបទពិសោធន៍តាមជំនាញរៀងៗខ្លួនជាច្រើនឆ្នាំ ដោយក្នុងដំណាក់កាលបើកជាលើកដំបូងនេះ មន្ទីរពេទ្យ ដឹ ប្រេស្ទីហ្ស៍ នឹងបើកដំណើរការចាប់ពីម៉ោង ៧ ព្រឹក រហូតដល់ ម៉ោង ៧ យប់ ដែលមានសេវាកម្មទាក់ទងនឹងសុខភាពជាច្រើនប្រភេទ៕

 

ប្រភព៖ ក្រសួងព័ត៌មាន