ហ្វីលីពីន ប្រកាសនាំចូលស្រូវអង្ករចូលប្រទេសរាប់សែនតោន ព្រោះខ្លាចខ្វះខាត ដោយសារ ខូវីដ ១៩

ម៉ានីល៖ ប្រទេសហ្វីលីពីន ដែលជាដែនកោះសំបូរទៅដោយប្រជាជន ក៏មិនខុសពីបណ្ដាប្រទេសនៅទ្វីបអាស៊ីននោះដែរ ពោលគឺបានរងគ្រោះដោយការវាយប្រហារនៃមេរោគ កូវីដ ១៩ ជាច្រើនករណី និងកំពុងមានការព្រួយបារម្មណ៍ខ្ពស់ទៅដល់សុខុមាលភាពរបស់ប្រជាពលរដ្ឋ និងបានកំពុងបើកទ្វារទទួលទិញស្រូវអង្ករបន្ថែមទៀតសម្រាប់ស្តុកទុក នៅក្នុងដំណាក់កាលរាតត្បាតទ្រង់ទ្រាយធំបែបនេះ។

រដ្ឋាភិបាលហ្វីលីពីន កាលពីថ្ងៃទី៣១ ខែមីនា កន្លងទៅនេះ បានប្រកាសទិញយកស្រូវអង្ករ ចូលក្នុងប្រទេសរបស់ខ្លួនទ្រង់ទ្រាយធំបន្ថែមទៀត ក្នុងទំហំប្រមាណជា ៣០០,០០០ តោន សម្រាប់ផ្គត់ផ្គង់ទៅដល់តម្រូវការរបស់ប្រជាជនក្នុងប្រទេសទាំងមូល។ ហ្វីលីពីន ជាក់ស្ដែង កាលពីឆ្នាំ ២០១៩ កន្លងទៅ បានក្លាយជាប្រទេសប្រមូលទិញស្រូវអង្ករធំជាងគេនៅក្នុងពិភពលោក ដោយបានទិញយកស្រូវអង្ករនៅក្នុងកម្រិតទម្ងន់ប្រមាណជា ២,៩ លានតោនក្នុងមួយឆ្នាំ ដោយទទួលទំនិញពីប្រទេសវៀតណាម ដែលជាប្រទេសនាំចេញស្រូវអង្ករធំជាងគេទី៣ នាពេលបច្ចុប្បន្ន និងនាំចូលខ្លះទៀតពីប្រទេសថៃ ក៏ដូចជាបណ្ដាប្រទេសនានាក្នុងតំបន់ ដែលនាំចេញស្រូវអង្ករទៅលក់នៅទីផ្សារអន្តរជាតិ។

សេចក្ដីប្រកាសប្រមូលទិញស្រូវអង្ករពីទីផ្សារអន្តរជាតិនេះ ធ្វើឡើងនៅពេលដែលប្រទេសជាច្រើន ប្រកាសបិទការនាំចេញស្រូវអង្កររបស់ខ្លួនរួមមាន វៀតណាម ថៃ និងកម្ពុជាផងដែរ ដើម្បីទុកផ្គត់ផ្គង់នៅក្នុងស្រុក ខណៈហ្វីលីពីន កំពុងដុតដៃដុតជើងស្វែងរកទីផ្សារផ្គត់ផ្គង់នៅក្រៅស្រុក នៅក្នុងចំនួនដ៏ច្រើនសន្ធឹកសន្ធាប់។ ជុំវិញការបើកទ្វារទិញទ្រង់ទ្រាយធំនេះ លោក Nograles អ្នកនាំពាក្យនៃក្រុមប្រយុទ្ធប្រឆាំងគ្រាអាសន្ន និងមេរោគ របស់ហ្វីលីពិន បានឲ្យដឹងថា ក្រសួងករិកម្ម និងភ្នាក់ងាររដ្ឋាភិបាលដ៏ទៃទៀត បានកំពុងទាក់ទងទៅដល់អ្នកផ្គត់ផ្គង់សង្ករនៅអាស៊ីអាគ្នេយ៍ ដើម្បីចរចារកដំណោះស្រាយល្អៗ ដើម្បីទិញស្រូវអង្ករចូលទៅក្នុងប្រទេស តែយ៉ាងណាក៏ដោយ ព័ត៌មានល្អិតថា តើការចរចានោះទទួលបានជោគជ័យ ឬប្រទេសណា ដែលនឹងត្រៀមលក់ទៅឲ្យរដ្ឋាភិបាលហ្វីលីពីន នៅមិនទាន់មានដំណឹងនៅឡើយទេ។

ជាមួយគ្នានេះដែរ ដើម្បីពង្រឹងការនាំចូលស្រូវអង្ករស្ថិតក្នុងកាលៈទេសៈ ពិភពលោកស្ថិតនៅក្នុងភាពមានអាសន្នបែបនេះ ស្ថាប័ន Philippine International Trading Corp., ដែលជាផ្នែកមួយនៃក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មរបស់ហ្វីលីពីន ក៏បានកំពុងពង្រឹងបន្ថែមក្នុងការនាំចូលស្រូវអង្ករ ដើម្បីពង្រឹងស្តុករបស់រដ្ឋ។ ការបើកទិញស្រូវអង្ករទ្រង់ទ្រាយធំនេះ បានឲ្យដឹងថា ដោយសារតែផលិតកម្មក្នុងស្រុកពុំអាចផ្គត់ផ្គង់ទៅដល់តម្រូវការរបស់ប្រជាជនហ្វីលីពីនបានឡើយ ទើបបានជាដូច្នេះហើយ ពីមួយឆ្នាំទៅមួយឆ្នាំហ្វីលីពីន បានបង្កើនទំហំនាំចូលរាប់លានតោន ហើយស្របពេលមានភាពវឹកវរ នៃស្ថានការណ៍ពិភពលោក ហ្វីលីពីន ត្រូវស្វះស្វែងឲ្យកាន់តែខ្លាំងបន្ថែមទៀត ដើម្បីស្តុកទុកស្រូវអង្ករ ដើម្បីប្រជាជនសម្រាប់រយៈពេល ៤ ទៅ ៥ ខែទៅមុខទៀត រង់ចាំស្ថានការណ៍មានភាពល្អប្រសើរឡើងវិញ៕