កោះមួយនៅក្នុងបរិវេណ Maldives ទើបតែបានក្លាយជាទីតាំងនៃសំបុកអណ្តើកសមុទ្រ ផ្តល់ជាការបន្ថែមទស្សនីយភាពដ៏ទាក់ទាញ!

កោះ Fasmendhoo ដែលជាផ្ទះនៃរមណីយដ្ឋាន Emerald Maldives ទើបតែទទួលស្វាគមន៍ពូជសត្វថ្មីតូចៗ ដ៏គួរឲ្យស្រឡាញ់នៅក្នុងពិភពលោកនេះ ដែលវាគឺជាអណ្តើកសមុទ្រប្រភេទ (hawksbill sea turtles)។

លោកស្រី Giorgia Maggioni ដែលជាជីវវិទូសមុទ្រនៅ Emerald Maldives Resort & Spa មានប្រសាសន៍ថា “បញ្ជីក្រហមរបស់សហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ (IUCN) ចាត់ថ្នាក់សត្វដែលនៅរស់លើភពផែនដីថា តើវាជិតឬឆ្ងាយពីការផុតពូជយ៉ាងដូចម្តេច ដើម្បីឱ្យប្រជាជនមានវិធានការណ៍ខ្លះដើម្បីការពារពួកគេ។ អណ្តើកសមុទ្រទាំងអស់ ដែលត្រូវបានរកឃើញនៅ Maldives រួមមានប្រភេទ hawksbill, olive ridley និងអណ្តើកបៃតង (ក៏ដូចជាវត្តមានរបស់ពពួក leatherback និង loggerhead) កំពុងស្ថិតនៅក្នុងស្ថានភាពជិតផុតពូជ។ សត្វអណ្តើកសមុទ្រពូជ hawksbill កំពុងរងគ្រោះថ្នាក់ខ្លាំង និងខិតទៅរកការផុតពូជផងដែរ នេះបើយោងតាមបញ្ជីក្រហម។ ក្នុងការទទួលបាន ប្រភេទនៃអណ្តើកជាក់លាក់មួយ អាចធ្វើការបន្តពូជបាននៅលើកោះនេះ គឺពិតល្អសម្រាប់បរិស្ថាន ហើយយើងពិតជាមានមោទនភាពណាស់។”

លោកស្រីបាននិយាយថា ដំណើរការបង្កើតសំបុក និងញាស់ពង គឺជាផ្នែកមួយដែលគួរឱ្យចាប់អារម្មណ៍បំផុត នៃវដ្តជីវិតរបស់សត្វអណ្តើកសមុទ្រ។ ខណៈពេលដែលជីវវិទូសមុទ្រ ជាទូទៅសិក្សាអំពីវា តែទោះបីយ៉ាងណាក៏ដោយ យើងនៅតែមិនទាន់យល់ច្បាស់នៅឡើយ។ អ្វីដែលយើងដឹងគឺសត្វទាំងនេះមានសមត្ថភាពអស្ចារ្យ ក្នុងការធ្វើដំណើរត្រឡប់ទៅតំបន់ ដែលពួកគេកើត។ ជំនាញនេះហៅថា “Imprinting” កើតឡើងក្នុងអំឡុងពេលនៃដំណើរការ ញាស់ពងទាំងអណ្តើកញី និងឈ្មោល ហើយពួកវា ពឹងផ្អែកលើដែនម៉ាញេទិកនៃស្រទាប់ផែនដី ដើម្បីបង្កើតផែនទី និងការចងចាំ នៅក្នុងខួរក្បាលរបស់ពួកវា។ ជំនាញក្នុងការចងចាំផែនទីទាំងនេះ គឺត្រូវបានអ្នកជំនាញបានឲ្យដឹងថា គឺស្ថិតនៅជាមួយសត្វអណ្តើកទាំងនោះ ពេញមួយជីវិត។

 

Giorgia បានពន្យល់ថា៖ “អ្វីដែលបានកើតឡើងនៅលើកោះនេះ គឺថាពីរបីខែមុនពេលញាស់ពង អណ្តើកសមុទ្របានមកដល់ឆ្នេរ ហើយបានរកឃើញកន្លែងបង្កើតសំបុកបានដ៏ល្អឥតខ្ចោះ។ អណ្តើកសមុទ្រទាំងនេះ បើតាមគេដឹងនោះ គឺថាវាពិតជារើសខ្លាំងណាស់ ក្នុងការស្វែងរកកន្លែងសម្រាប់បង្កើតសំបុក ហើយពួកវាចង់រកកន្លែងល្អដើម្បីទុកពង។ ពួកវាត្រូវការកន្លែងដែលងងឹតល្មម ហើយឆ្ងាយពីសញ្ញានៃជំនោរខ្ពស់។ ដូច្នេះវាជាសញ្ញាល្អសម្រាប់កោះ Fasmendhoo  មួយនេះ ពីព្រោះវាបញ្ជាក់ថា បរិស្ថានទីនេះ នៅតែមានស្ថិតក្នុងលក្ខខណ្ឌធម្មជាតិបានល្អដដែល។”

លោកស្រីក៏បានសម្តែងនូវការរំភើបចិត្ត ដែលបានផ្តល់ជំនួយដល់ អណ្តើកសមុទ្រទាំងនេះ ពីព្រោះមានតែសត្វអណ្តើកសមុទ្រមួយក្បាលប៉ុណ្ណោះ ក្នុងចំណោម 1,000 ក្បាល ដែលអាចរស់ ឈានដល់វ័យចំណាស់របស់វាបាន។ Emerald Maldives Resort & Spa ឥឡូវនេះអាចថែរក្សាសំបុក បានដោយសុវត្ថិភាពនិងការពារពូជអណ្តើកសមុទ្រតូចៗទាំងនេះ ពីសត្វប្រមាញ់ក្នុងសមុទ្រផ្សេងៗ មានដូចជាក្តាម ឬសត្វស្លាប នៅពេលកូនអណ្តើកតូចៗដែលទើបតែញាស់ ចាប់ផ្តើមវារដំបូងពីក្នុងសំបកពង ចូលទៅក្នុងមហាសមុទ្រ។

 

“ការលើកកម្ពស់ការយល់ដឹងអំពីបរិស្ថាន តែងតែជាគោលដៅសំខាន់បំផុតសម្រាប់ខ្ញុំ។ ខ្ញុំចូលចិត្តបង្កើនចំនេះដឹង ដល់ភ្ញៀវរបស់យើង ទាក់ទងនឹងជីវិតសមុទ្រ និងធ្វើឱ្យពួកគេដឹងពីសារៈសំខាន់នៃមហាសមុទ្រ ពីព្រោះនៅពេលដែលអ្នកយល់ពីហេតុផល ដែលវាមានសារៈសំខាន់នោះ អ្នកនឹងកាន់តែមានឆន្ទៈការពារវា។" លោកស្រីបានបន្ថែម។

 

លោកស្រី Giorgia ក៏បានរៀបចំបទបង្ហាញជាច្រើនដង ក្នុងមួយសប្តាហ៍លើសម្បត្តិធម្មជាតិ ហើយក៏បានធ្វើដំណើរតាមទូកជាមួយភ្ញៀវ ដើម្បីឆ្លើយសំណួរអំពីជីវិតសមុទ្រ។ លោកស្រីក៏ណែនាំប្រជាជន ដល់អង្គការអភិរក្សក្នុងតំបន់មួយចំនួនដូចជា អង្គការសមុទ្រ Marine Savers, Manta Trust និង Olive Ridley Project។ ដោយសារតែនាងចូលចិត្តធ្វើសកម្មភាពរួមគ្នា ជាមួយការអប់រំ នាងបានរៀបចំការសំអាតអាងទឹកស្អុយ កាកសំណល់ប្លាស្ទិក ដែលបានអណ្តែតនៅលើឆ្នេរសមុទ្រ។

ឥឡូវនេះរមណីយដ្ឋាននេះ មានសញ្ញាថ្មី នៃជីវិតពូជសត្វអណ្តើកសមុទ្រដ៏កម្រ ដែលភ្ញៀវអាចកោតសរសើរ និងចង់ទៅឃើញដោយផ្ទាល់ភ្នែក។ លោកស្រី ក៏បានរំពឹងផងដែរថា នៅពេលដែលអណ្តើកសមុទ្រទាំងនេះ អាចលូតលាស់ពេញវ័យបាន ពួកគេនឹងត្រឡប់មកវិញ ហើយអាចនឹងបន្តពង យ៉ាងហោចណាស់ហាសិបពងក្នុងរដូវកាច់សំបុកម្តងៗ។ ក្រៅពីការពារពួកវា ផុតពីគ្រោះថ្នាក់ដែលអាចកើតមាន និងប្រើអំពូលភ្លើង ដើម្បីនាំផ្លូវពួកវា ឆ្ពោះចូលទៅមហាសមុទ្រហើយនោះ លោកស្រីក៏បានហាមប្រាម មិនឲ្យភ្ញៀវចាប់អណ្តើកសមុទ្រឡើង ដើម្បីជួយពួកវានោះទេ ដោយឲ្យវា វារចូលទៅក្នុងសមុទ្រដោយខ្លួនឯង។

 

គាត់បានលើកឡើងថា “អ្នកមានអារម្មណ៍ថា អ្នកត្រូវជួយសត្វអណ្តើកតូចៗទាំងនោះ ទោះបីអ្នកមិនអាចប៉ះវាក៏ដោយ បើសិនជាអ្នកប៉ះវា នឹងធ្វើឲ្យជំនាញ Imprinting ដែលវាមាន នឹងបាត់បង់ ហើយពួកវា នឹងមិនអាចត្រឡប់មកទីនេះម្តងទៀតបានឡើយ។ ពេលវេលាតែមួយគត់ ដែលអ្នកអាចធ្វើអន្តរាគមន៍បាន គឺប្រសិនបើអ្នកឃើញពួកវា កំពុងតែរងការវាយប្រហារ ដោយពពួកសត្វធំៗមួយចំនួន ប៉ុនប៉ងចង់ស៊ីពួកវា។ អ្នកអាចត្រឹមតែសង្កេតមើលបានហើយ មើលពួកវាកំពុងតែតស៊ូ ដើម្បីធ្វើដំណើរចូលទៅក្នុងសមុទ្រ។ វាជាលើកដំបូងដែលខ្ញុំបានមើលអណ្តើកសមុទ្រ ហើយវាពិតជារំជួលចិត្ត និងពិតជារំភើបខ្លាំងណាស់។”

 

សម្រាប់ពេលនេះ អ្នកដែលចង់ទៅឃើញពូជអណ្តើកសមុទ្រកម្រ hawksbill អាចធ្វើដំណើរកម្សាន្តមកកាន់ Emerald Maldives Resort & Spa នៃ Maldives បាន។ វាអាចជាការផ្តល់ទស្សនីយភាពដ៏អស្ចារ្យ និងស្រស់ស្អាតបំផុតរបស់ធម្មជាតិ អមជាមួយពូជសត្វសមុទ្រដ៏គួរឲ្យស្រឡាញ់ទាំងនេះបាន។