រុក្ខជាតិ និងដើមឈើចម្រុះពណ៌ ប្រមាណជាង 3 ម៉ឺនដើម នឹងលូតលាស់នៅលើអគារឈើរបស់ហ្វីលីពីន ដែលមានកម្ពស់ 377 ហ្វីតមួយនេះ!

អាចនិយាយបានថាដើមឈើ និងរុក្ខជាតិចម្រុះពណ៌ជាច្រើនដែលនឹងបង្ហាញខ្លួន នៅលើគម្រោងអគារឈើ មានឈ្មោះថា “Rainbow Tree” ដោយក្រុមហ៊ុនស្ថាបត្យកម្ម Vincent Callebaut Architectures ពិតជាអាចត្រូវបានសាងសង់មែន។ 

អគារឈើគ្របដណ្តប់ដោយពណ៌បៃតង នឹងអាចកកើតឡើង នៅក្នុងកម្ពស់ 115 ម៉ែត្រ (377 ហ្វីត) នៅក្នុងខេត្ត Cebu ប្រទេសហ្វីលីពីន។ គម្រោងនេះក៏នឹងមាន ការរចនាប្រកបដោយនិរន្តភាព អាចប្រើប្រាស់ប្រភពថាមពលផ្ទាល់ខ្លួន រួមជាមួយទាំងប្រព័ន្ធនៃបន្ទះសូឡា និងទូប៊ីនខ្យល់ទៀតផង។

យោងទៅតាមក្រុមហ៊ុនស្ថាបត្យកម្ម Vincent Callebaut Architectures បានឲ្យដឹងថា អគារឈើ “Rainbow Tree” នឹងត្រូវបានសាងសង់ពីរចនាបទរួមដែលមាន 1,200 prefabricated CLT (cross-laminated timber) modules។ 

ក្រុមហ៊ុនមិនបាននិយាយអំពីគ្រឹះបេតុងទេ ដូច្នេះអាចសន្មតថាមិនមាន Concrete Core អ្វីឡើយ។ វានឹងបំបែកកំណត់ត្រាអគារធ្វើឡើងពីឈើទាំងស្រុង ដែលបច្ចុប្បន្នវាជាអគារដែលមានកំពស់ 81 ម៉ែត្រ (265 ហ្វីត) ដែលកាន់កាប់ដោយក្រុមហ៊ុន Mjøstårnet ក្នុងប្រទេសន័រវេស។

 

ការរចនាប៉មនេះ នឹងត្រូវបានកំណត់ដោយយ៉រធ្វើពីឈើ ដែលមានរូបចម្លាក់របស់វា ដែលនឹងរួមបញ្ចូលកន្លែងទំនេរសម្រាប់ដាំកូនឈើផ្សេងៗ ដែលអាចផ្ទុករុក្ខជាតិ និងដើមឈើត្រូពិកសរុបជាង 30,000 ដើម។ 

ឈើ Shou Sugi Ban-treated wood ត្រូវបានគេគ្រោងសម្រាប់ជា cladding របស់អគារ ដែលជាបច្ចេកទេសបុរាណរបស់ជនជាតិជប៉ុន ក្នុងការបញ្ចូលឈើ ដើម្បីការពារវាពីសត្វល្អិត ក៏ដូចជាផ្តល់នូវភាពរឹងមាំ និងធន់បានយ៉ាងល្អប្រសើរ។

ផ្នែកខាងក្នុងរបស់វានឹងមានចំនួន 32 ជាន់។ ទាំងអស់ នឹងត្រូវបានបែងចែកជាភោជនីយដ្ឋាន និងកន្លែងធ្វើការ នៅជាន់ខាងក្រោម ដោយមានការិយាល័យជាច្រើនបង្កើតបន្ថែមនៅពេលខាងមុខ។ 

នៅជាន់ទី 7 និងទី 8 មានអាងហែលទឹកនិងស្ប៉ាមួយ ត្រូវបានគ្រោងទុក ខណៈដែលបរិវេណទំនេរ ដែលនៅសល់អាចត្រូវបានគេស្មានថាជា បន្ទប់ស្នាក់នៅ ដែលនឹងមានបន្ទប់គេង ចន្លោះពីមួយទៅបី។ 

ដោយឡែកនៅលើដំបូល នឹងមានកន្លែងដាំបន្លែ តាមទម្រង់រៀបធម្មជាតិផងដែរ។

 

បន្ថែមលើការដាំដុះបន្លែ បន្ទះសូឡា និងទួរប៊ីនខ្យល់ជាច្រើន នឹងត្រូវបានតំឡើងនៅលើដំបូល សម្រាប់ជាការផ្តល់ថាមពលដល់អគារទាំងមូល។ ការរចនានេះក៏នឹងផ្តោតទៅលើភាពត្រជាក់ និងការកំនត់កំដៅពន្លឺព្រះអាទិត្យផងដែរ ហើយត្រូវបានគេរំពឹងថា នឹងទទួលបានទាំងស្តង់ដារ LEED Gold និងកម្រិតអគារ BERDE 4 Stars នៅក្នុងតំបន់ទៀតផង។

យើងមិនទាន់មានព័ត៌មានផ្លូវការណាមួយថា តើអគារឈើ “Rainbow Tree” នឹងត្រូវបានសាងសង់ពិតមែនឬយ៉ាងណានោះទេ បើតាមប្រភពកាសែត SunStar ក្នុងស្រុក បានលើកឡើងថា គម្រោងនេះពិតជាដំណើរការទៅមុខហើយ ប៉ុន្តែមិនទាន់ត្រូវបានប្រកាសបង្ហាញជាផ្លូវការនៅឡើយទេ។