អ្នកជំនាញ៖ ខែមេសា តម្រូវការប្រេងនឹងធ្លាក់ចុះត្រឹម ២០ លានបារ៉ែលក្នុងមួយថ្ងៃ!

តម្រូវការប្រេងកំពុងធ្លាក់ចុះទ្វេរដង ស្របពេលដែលកំណើនសេដ្ឋកិច្ចពិភពលោកមានសកម្មភាពកំរើកទៅមុខយឺត ហើយតម្លៃនៃការលក់ចេញក៏ចុះទាបមិនធ្លាប់មានពីមុននោះដែរ។ តាមកិច្ចប្រជុំជុំវិញតម្លៃប្រេងរបស់ប្រទេសសមាជិក OPEC+ គឺជារូបភាពបង្ហាញមួយអំពីតម្លៃប្រេង ប៉ុន្តែសម្រាប់ទិដ្ឋភាពជាក់ស្ដែងជំងឺកូវីដ-១៩ គឺជាមូលហេតុចម្បងធ្វើឲ្យសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះ។ 

លោកអនុប្រធានក្រុមហ៊ុន HIS Markit បានប្រាប់ទៅសារព័ត៌មាន CNBC ឲ្យដឹងថា គិតមកទល់ពេលនេះអ្នកឆ្លងមេរោគកូរ៉ូណាបានកើនលើសពី ៧០០,០០០ នាក់ (តួរលេខចេញពី Johns Hopkins University) ចំណែកឯចំនួននាក់ស្្លាប់ក៏មានជិត ៣៤,០០០ នាក់ហើយដែរ។ ដូចនេះប្រទេសស្ទើរទាំងអស់ជុំវិញពិភពលោក បានបិទច្រកព្រំដែនទប់ស្កាត់ ចេញវិធានការ lockdown ដល់ប្រជាជនដើម្បីធានាសុវត្ថិភាព ហើយការដាក់ខ្លួនឲ្យនៅឯការនេះ កំពុងធ្វើឲ្យតម្រូវការប្រេងធ្លាក់មកកម្រិតទាបបំផុត ដោយសារយានយន្ដមិនមានរត់នៅលើថ្នល់ យន្ដហោះមិនហើរលើអាកាស រោងចក្រមិនដំណើរការ កប៉ាល់ដឹកជញ្ជូនមិនអាចចូលចតក្រៅបរទេសបាន មនុស្សមិនធ្វើដំណើរទៅធ្វើការក្រុមហ៊ុន -ល-។ មូលហេតុទាំងអស់នេះនឹងធ្វើឲ្យខែមេសា មានតម្រូវការប្រេងធ្លាក់ចុះទាបបំផុត មកត្រឹម ២០ លានបារ៉ែលក្នុងមួយថ្ងៃ ជាតួរលេខតិចបំផុតមិនធ្លាប់មាន ពោលគឺទាបជាងវិបត្តិហិរញ្ញវត្ថុដែលធ្លាប់កើតមានពីឆ្នាំ ២០០៨ ទៅទៀត។ សូមបញ្ជាក់ផងដែរថា តម្រូវការប្រេងកាលពីឆ្នាំ ២០១៩ អាចលក់ចេញជាមធ្យម ៩៩.៦៧ លានបារ៉ែល ក្នុងមួយថ្ងៃ បើយោងតាមរបាយការណ៍របស់សមាគមន៍ OPEC។  

ការធ្លាក់ចុះតម្រូវការប្រេងយ៉ាងគំហុកនេះ កំពុងធ្វើឲ្យប្រទេសផលិតប្រេងធំៗនៅលើពិភពលោកប្រជែងគ្នាខ្លាំង ដោយសារការផលិតមានច្រើន តម្រូវការតិច ក្លាយទៅជាសង្គ្រាមតម្លៃប្រេង ឬ Oil Price War រវាងប្រទេសអារ៉ាបីសាអ៊ូឌី និងប្រទេសរុស្ស៊ី មុននឹងមានកិច្ចប្រជុំតុចរចារ OPEC+ កាលពីចុងខែមីនា។ ជាលទ្ធផល គេឃើញថាប្រេងឆៅបានលក់ចេញទាបជាងធម្មតា ៦០% ចាប់ពីដើមឆ្នាំ ២០២០ មកនេះ ហើយចំណែកតម្លៃវិញ បើនៅទ្វីបអាស៊ី (គិតតាមហាងឆេងប្រាក់យូរ៉ូ) គេអាចលក់ក្នុងតម្លៃ ២២.៩៦ ដុល្លារ/មួយបារ៉ែល ចំណែកឯនៅសហរដ្ឋអាមេរិចវិញ តម្លៃធ្លាក់ជាង ២០.៣៦ ដុល្លារ/បារ៉ែល។

វិបត្តិនេះនឹងត្រូវធ្វើកិច្ចប្រជុំឡើងម្ដងទៀតនៅក្នុងវេទិកាប្រជុំ G20 ដែលប្រទេសអារ៉ាប់នឹងដឹកនាំនៅចុងឆ្នាំ ២០២០ ខាងមុខនេះ ស្របពេលដែលប្រទេសអារ៉ាបីសាអ៊ូឌី គឺជាបងធំគ្រប់គ្រងតម្លៃប្រេង ព្រោះជាប្រទេសផលិតប្រេងធំជាងគេបំផុតលើលោក ហើយក៏មានទំនាក់ទំនងល្អជាមួយសហរដ្ឋអាមេរិចច្រើនជាងប្រទេសរុស្ស៊ីផងដែរ។ គេសង្ឃឹមថាវេទិកាប្រជុំ G-20 នឹងអាចផ្ដល់ដំណោះស្រាយដ៏ស្របស្រមមួយក្នុងការរក្សាតម្លៃប្រេងឲ្យមានស្ថេរភាពល្អមួយ នៅក្នុងរយៈពេលវិបត្តិជំងឺកូរ៉ូណា ព្រោះតាមការបញ្ជាក់របស់អ្នកជំនាញបង្ហាញថា តម្លៃប្រេងនឹងឡើងកាន់តែខ្ពស់នៅពេលដែលធនធានត្រូវបាត់បង់ ប៉ុន្តែខណៈពេលនេះគឺតម្លៃប្រេងសម្រាប់លក់ចេញ ធ្លាក់ចុះទាបបំផុត។