គម្រោងសាងសង់ ពង្រីកផ្លូវជាតិលេខ ៣ គិតមកដល់ពេលនេះ សាងសង់រួចបាន ៦៧% ហើយ

ភ្នំពេញ៖ គម្រោងពង្រីក ផ្លូវជាតិលេខ ៣ ដែលបានចាប់ផ្ដើមការដ្ឋានសាសង់កាលពីថ្ងៃទី ៧ ខែឧសភា ឆ្នាំ ២០១៨ កន្លងទៅ នៅពេលនេះ កំពុងតែបន្តកិច្ចការងារជាធម្មតា ដើម្បីឈានទៅដល់ការសម្រេចគោលដៅ តាមការគ្រោងទុក។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសាធារណការ និងដឹកជញ្ជូលកាលពីថ្ងៃទី៣១ ខែមីនា កន្លងទៅនេះ បានឲ្យដឹងថា គម្រោងពង្រីកផ្លូវជាតិលេខ ៣ នេះបានសាងសង់រួចរាល់ ៦៧% ហើយ។

គម្រោងពង្រីកផ្លូវជាតិលេខ ៣ នេះ គឺជាការតភ្ជាប់ពីរាជធានីភ្នំពេញ នៅចំណុចចោមចៅ ឆ្ពោះទៅកាន់ក្រុងកំពត នៃខេត្តកំពតផ្ទាល់ ដែលមានប្រវែងវែងជាង ១៣៤ គីឡូម៉ែត្រ ដោយតាមរយៈគម្រោងនេះ នឹងត្រូវប្រើប្រាស់ពេលវេលា ៤៨ ខែ ក្នុងរង្វង់ទឹកប្រាក់ប្រមាណជា ២១៩ លានដុល្លារ ដែលជាហិរញ្ញប្បទានរបស់រដ្ឋាភិបាលចិន និងរួមចំណែកជាមួយនឹងថវិការបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។ ការពង្រីកផ្លូវជាតិលេខ ៣ នេះ គឺបែងចែកចេញជាពីដំណាក់កាលធំៗ ពីជាការពង្រីកផ្លូវពីចោមចៅ ទៅកាន់បែកគូស មានប្រវែង ៦៤,៩០ គីឡូម៉ែត្រ ដែលជាការពង្រីកផ្លូវថែមពីរគន្លងបន្ថែមទៀត ដែលសម្រួលទៅដល់ការធ្វើដំណើរទៅចំនួន ២ ខ្សែ និងមកចំនួន ២ ខ្សែ សរុប ៤ ខ្សែ។

ម្យ៉ាងវិញទៀតសម្រាប់ដំណាក់កាលទី២ ពីបាគូស ទៅកាន់ក្រុងកំពត នៅតែរក្សាគន្លងផ្លូវដដែល ពោលគឺទៅ១ មក១ ជាមួយនឹងទទឹងផ្លូវ ១២ ម៉ែត្រ មានរយៈចម្ងាយ ៥១ គីឡូម៉ែត្រ។ ស្ថិតក្នុងអំឡុងពេល ដែលមានការរាតត្បាតនៃមេរោគ កូវីដ ១៩ ក៏សកម្មភាពសាងសង់កំណាត់ផ្លូវជាតិលេខ៣ នៅតែបន្ត។ តាមរយៈនេះ ក្រសួងសាធារណៈការ និងដឹកជញ្ជូនបានប្រកាសជូនជាដំណឹងទៅកាន់ប្រជាពលរដ្ឋ ដើម្បីធ្វើការអាធ្យាស្រ័យចំពោះផលប៉ះពាល់នានា ក៏ដូចជាការរំខាន កើតមានឡើងក្នុងអំឡុងពេលសាងសង់ ឬការបើកការដ្ឋាន ពិសេសប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់ ដែលមានដីហុយ គប្បីស្រោចទឹកនៅលើផ្លូវជាប្រចាំ ដើម្បីកាត់បន្ថយដីហ៊ុយ ការពារសុខភាព និងបរិស្ថាន។

 

គួររំលឹកផងដែរថា គម្រោងសាងសង់ និងពង្រីកផ្លូវជាតិលេខ ៣ មួយនេះ មិនត្រឹមតែសាងសង់ ដោយពង្រីកទំហំផ្លូវ ជួសជុលផ្លូវខូចខាតប៉ុណ្ណោះទេ តែក៏រួមមានការសាងសង់ស្ពានថ្មី ដើម្បីឆ្លងកាត់ដៃស្ទឹងផងដែរ ដែលវាមានសារៈសំខាន់ខ្លំាងណាស់សម្រាប់ប្រជាពលរដ្ឋ ជុំវិញការធ្វើដំណើរ ដឹកទំនិញ ប្រកបអាជីវកម្ម ឬពាណិជ្ជកម្ម ដែលផ្ដល់នូវភាពងាយស្រួល ចំនាយពេលវេលាតិច ដោយកាត់បន្ថយការចំនាយផ្សេងៗ។ គម្រោងនេះ គ្រោងនឹងបញ្ចប់ការសាងសង់ ១០០% នៅក្នុងឆ្នាំ ២០២២ ខាងមុខនេះឯង៕

 

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន