ផ្សារទំនើប Aeon ទី ៣ ត្រៀមចាប់កំណើតនៅវៀតណាម បន្ទាប់ពីរាជរដ្ឋាភិបាលផ្ដល់ភ្លើងខៀវ

ហាណូយ៖ គម្រោងសាងសង់ផ្សារទំនើប ជាលក្ខណៈអន្តរជាតិ ដែលរួចចំណែក្នុងការអភិវឌ្ឍន៍ និងលើកស្ទួយសេដ្ឋកិច្ចជាតិរបស់វៀតណាម នៅទីបំផុត បានទទួលលទ្ធផលជាវិជ្ជមានហើយ បន្ទាប់ពីបានចំនាយពេលរាប់ខែ ដាក់ជូនរាជរដ្ឋាភិបាលពិនិត្យ និងសម្រេចអនុម័ត។ គម្រោងសាងសង់ផ្សារទំនើប Aeon ទី ៣ ត្រូវបានរាជរដ្ឋាភិបាលបើកភ្លើងខៀវ ឱ្យរៀបចំការសាងសង់ជាផ្លូវការហើយ បន្ទាប់ពីមានការកែសម្រួលប្លង់សាងសង់រួចរាល់ កាលពីពេលកន្លងទៅ។

ក្រុមហ៊ុន Aeon Mall Viet Nam Company Ltd. បានទទួលភ្លើងខៀវពីលោកនាយករដ្ឋមន្ត្រីវៀតណាម Nguyen Xuan Phuc កាលពីពេលថ្មីៗកន្លងទៅនេះ ដោយបានឯកភាព សម្រេចលើប្លង់សាងសង់ អនុញ្ញាតឱ្យក្រុមហ៊ុននេះ មានសិទ្ធិក្នុងការសាងសង់គម្រោងរបស់ខ្លួន ដោយក្នុងនោះរួមមាន ការសាងសង់ចំណតរថយន្ត សួនច្បារ និងផ្សារទំនើប ខ្នាតអន្តរជាតិ។ គម្រោងសាងសង់ធំទី ៣ នៃផ្សារទំនើប Aeon 3 នេះ នឹងសាងសង់ឡើងនៅលើផ្ទៃដីទំហំជាង ៦ ហិកតា មានទីតាំងស្ថិតនៅក្នុងសង្កាត់ Huang Mai នៃទីក្រុង ហាណូយ ជាតំបន់ត្រូវបានរៀបចំឡើងក្រោមការអភិវឌ្ឍតម្រង់ទិសដៅឆ្លងកាត់ (TOD) ដែលផ្សាភ្ជាប់យ៉ាងជិតស្និទ្ធជាមួយផ្លូវដែកជាតិ រួមមាន Giap Bat Station និង Monorail M2។

គម្រោងសាងសង់នេះ ត្រូវបានគណនា និងវាយតម្លៃថា នឹងចំនាយទឹកប្រាក់សរុបប្រមាណជា ២៨០.៧ លានដុល្លារអាមេរិក ដែលនឹងក្លាយជាទីតាំងពាណិជ្ជកម្មដ៏ធំមួយនៅក្នុងទីក្រុងហាណូយ ថែមទាំងជួយសម្រួលទៅដល់ទីតាំងចំណតយានជំនិះផ្សេងៗ ងាយស្រួលទៅដល់ការធ្វើដំណើរ។ ស្ថិតក្នុងការសាងសង់នេះ លោក Tesuyuki Nakagawa អគ្គនាយក នៃក្រុមហ៊ុន Aeon Mall Viet Nam បានឱ្យដឹងថា ក្រុមហ៊ុនរបស់លោក រំពឹតទុកថា សេចក្ដីសម្រេចចិត្តរបស់រាជរដ្ឋាភិបាលវៀតណាម នឹងអាចធ្វើឡើងក្នុងពេលឆាប់ៗខាងមុខ ខណៈលោកនាយករដ្ឋមន្ត្រីបានឯកភាពរួចរាល់ហើយ។ តាមរយៈនេះ គណៈកម្មាធិការប្រជាជនហាណូយនឹងសំរេចចិត្តក្នុងពេលឆាប់ៗនេះបន្ថែមទៀត បន្ទាប់ពីពិនិត្យមើលលម្អិតអំពីគម្រោងខាងលើរួចរាល់។

គម្រោងធំរបស់ជប៉ុន នៅវៀតណាម នេះត្រូវបានចាត់ទុកថា ជាផ្នែកមួយនៃចក្ខុវិស័យវែងឆ្ងាយរបស់ រាជរដ្ឋាភិបាលវៀតណាម ក្នុងការនាំប្រទេសមួយនេះ ឱ្យក្លាយទៅជាប្រទេសអភិវឌ្ឍន៍នាឆ្នាំ ២០៥០ ខាងមុខ ស្របពេលគម្រោងធំៗជាច្រើនទៀត នឹងត្រៀមមកជាបន្តបន្ទាប់ទៀត៕