ប្រទេសឥណ្ឌា បើកដំណើរការវិមាន Taj Mahal ដ៏ល្បីល្បាញរបស់ខ្លួនឡើងវិញ ដោយអនុវត្តគោលការណ៍រក្សាគំលាតពីគ្នា និងតម្រូវឲ្យមានពាក់ម៉ាស់សុវត្ថិភាពជាប់គ្រប់ពេល!

ភ្ញៀវ និងអ្នកទស្សនាដែលនឹងមកកម្សាន្តនៅទីតាំងបែបប្រវត្តិសាស្ត្រដ៏ល្បីល្បាញ Taj Mahal នឹងត្រូវឲ្យមានពាក់ម៉ាស់សុវត្ថិភាពគ្រប់ពេល ក៏ដូចជាអនុវត្តគោលការណ៍រក្សាគំលាតពីគ្នា ព្រមទាំងមិនអនុញ្ញាតឲ្យប៉ះផ្ទៃថ្មកែវខាងក្រៅរបស់សំណង់នេះឡើយ ខណៈដែលវិមានដ៏ធំសំបើមបែបប្រវត្តិសាស្ត្រ បានសាងសង់ឡើងកាលពីសតវត្សទី 17 របស់ឥណ្ឌាមួយនេះ បើកទ្វារដំណើរការឡើងវិញនៅថ្ងៃចន្ទនេះ បន្ទាប់ពីត្រូវបានបិទអស់បីខែកន្លងមក។

 

មានតែភ្ញៀវទេសចរប្រមាណ 5 ពាន់នាក់ប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាតអោយចូលមកកម្សាន្តនៅទីនេះក្នុងមួយថ្ងៃ ហើយក៏នឹងត្រូវចែកជាពីរក្រុមសម្រាប់ចូលមកទស្សនាផងដែរ។ បន្ថែមពីនេះ ក្រសួងទេសចរណ៍របស់ឥណ្ឌា បានធ្វើការនិយាយនៅក្នុង Twitter ផ្លូវការរបស់ខ្លួនថា “ផ្នែកកណ្តាលរបស់វិមាន និងរាល់បរិវេណទាំងអស់ នឹងត្រូវបានការពារយ៉ាងយកចិត្តទុកដាក់ ក៏ដូចជាប្រឆាំងនឹងការរីករាលដាលរបស់វីរុសកូរ៉ូណា ជាមួយនឹងការអនុវត្តគោលការណ៍រក្សាគំលាតចម្ងាយពីគ្នា មានជែល ឬអាល់កុលសម្រាប់មេរោគដាក់ជាទីសាធារណៈនៅតាមបរិវេណនីមួយៗ តម្រូវឲ្យភ្ញៀវទាំងអស់ត្រូវពាក់ម៉ាស់សុវត្ថិភាពជាប់គ្រប់ពេល និងបរិបទនៃការរក្សាសុខភាព-អនាម័យ តាមវិធីផ្សេងៗជាច្រើនទៀត។”

 

គូសសម្គាល់ផងដែរថា អាជ្ញាធររបស់ឥណ្ឌា កំពុងបើកឡើងវិញនូវវិមាន Taj និងវិមានដទៃទៀតដូចជា Red Fort ជាវិមានប្រវត្តិសាស្ត្ររបស់ទីក្រុង New Delhi ជាដើម ខណៈក្រោយពេល ដែលអត្រានៃការឆ្លងរាលដាលវីរុសកូរ៉ូណានៅក្នុងប្រទេសឥណ្ឌាបានកើនឡើងខ្លាំង និងលឿនបំផុតក្នុងរយៈពេលបីខែចុងក្រោយមកនេះ។ 

 

កាលពីថ្ងៃអាទិត្យកន្លងទៅ ក្រសួងសុខាភិបាលរបស់ឥណ្ឌា បានរាយការណ៍អំពីការកើនឡើងនូវអត្រាឆ្លងថ្មីនៃចំនួន 24,850 ករណីក្នុងរយៈពេលតែមួយថ្ងៃប៉ុណ្ណោះ និងមានមនុស្សស្លាប់ច្រើនជាង 600 នាក់។ កត្តានេះ បានជំរុញឱ្យមានករណីសរុបនៅក្នុងប្រទេសឥណ្ឌាឡើងដល់ 673,165 ករណី ប្រកៀកនឹងចំនួនឆ្លងនៅប្រទេសរុស្ស៊ីដែរ ហើយក៏បានធ្វើឲ្យឥណ្ឌា ជាប្រទេសដែលទទួលរងផលប៉ះពាល់ខ្លាំងបំផុតដោយ Covid-19 កម្រិតទីបី នៅលើពិភពលោក។

 

ទោះបីជាយ៉ាងណា រដ្ឋាភិបាលឥណ្ឌាបាននឹងកំពុង បញ្ចប់ច្បាប់ lockdown នូវការបិទទ្វារដ៏ធំធេង របស់ប្រជាជនឥណ្ឌាដែលមានចំនួនរហូតដល់ 1.3 ពាន់លាននាក់ និងបានបន្សល់ទុកមនុស្សរាប់ម៉ឺននាក់ គ្មានការងារធ្វើ និងបានបិទអាជីវកម្មដោយការក្ស័យធនផងដែរ។

 

ខណៈពេលដែលជើងហោះហើរអន្តរជាតិ នៅតែត្រូវបានផ្អាក ប៉ុន្តែការធ្វើដំណើរក្នុងស្រុកត្រូវបានបើកឡើងវិញ ហើយរដ្ឋាភិបាលសង្ឃឹមថា ភ្ញៀវទេសចរនឹងចាប់ផ្តើមងាកទៅរកទិសដៅពេញនិយមមួយចំនួន នៅក្នុងប្រទេសឥណ្ឌាវិញ។

 

Agra ដែលជាទីក្រុងដ៏ធំមួយ និងដំបូងបង្អស់របស់ប្រទេសឥណ្ឌា នៅតែជាទីតាំងដែលរងផលប៉ះពាល់ខ្លាំងបំផុត នៅរដ្ឋ Uttar Pradesh ដែលជារដ្ឋមានប្រជាជនច្រើនបំផុតរបស់ឥណ្ឌា។

 

មន្ត្រីរដ្ឋបាលស្រុកក្នុងតំបន់បានបង្ហាញមតិ ជុំវិញការបើកដំណើរការជាផ្លូវការនៃវិមាននេះថា "បរិវេណទាំងអស់នៅជុំវិញតំបន់ Taj គឺជាតំបន់ស្តុក និងមានការចេញចូលទំនិញច្រើនបំផុត។”

 

ដោយឡែកតំបន់ស្តុក និងតំបន់នៃការចេញចូលទំនិញនៅជុំវិញនោះ គឺជាតំបន់ដែលត្រូវបានប៉ះពាល់ដោយវីរុស covid-19 ខ្លាំងបំផុត និងនៅតែបន្តស្ថិតក្រោមការចាក់សោរយ៉ាងតឹងរ៉ឹងបំផុត ដោយអាចអនុញ្ញាតឲ្យមានការចេញចូលសម្រាប់ករណីចាំបាច់ និងទំនិញសំខាន់ៗប៉ុណ្ណោះ តែក៏ស្ថិតនៅក្រោមការត្រួតពិនិត្យយ៉ាងម៉ត់ចត់ផងដែរ។

 

មន្ត្រីរូបនោះបាននិយាយបន្តថា "យើងមិនរំពឹងថា នឹងមានភ្ញៀវទេសចរនៅទីនេះទេ ពីព្រោះចង្កោមនៅជុំវិញ Taj រួមទាំងហាង និងសណ្ឋាគារនៅតែបន្ត បិទនៅឡើយ។”។

 

ទន្ទឹមនឹងបណ្តាទីតាំងល្បីៗមួយចំនួន នៅតាមបណ្តាប្រទេសនានា នៅជុំវិញពិភពលោកបានចាប់ផ្តើមបើកដំណើរការឡើងវិញជាបណ្តើរៗក៏ពិតមែន ប៉ុន្តែក៏នឹងត្រូវអនុវត្តគោលការណ៍រក្សាសុវត្ថិភាព អនាម័យ និងការប្រុងប្រយ័ត្នជាប់ជានិច្ច។ ការបើកដំណើរការឡើងវិញនេះ ជាការប្រថុយប្រថាន ព្រោះតែដើម្បីស្រោចស្រង់ស្ថានភាពសេដ្ឋកិច្ចក្នុងប្រទេស ដែលបានធ្លាក់ដុនដានខ្លាំងបន្ទាប់ពីត្រូវបានអាជីវកម្ម និងទីតាំងទេសចរណ៍ត្រូវបានបិទ អស់រយៈពេលប៉ុន្មានខែកន្លងមក។