រដ្ឋាភិបាលកូរ៉េ កំពុងពិចារណាសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ

សំណើរនៃការសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ទៅកាន់សាធារណរដ្ឋកូរ៉េខាងត្បូង ពេលនេះត្រូវបានភាគីកូរ៉េ ទទួលនិងកំពុងពិចារណាហើយ នេះបើតាមការបញ្ជាក់ពីសំណាក់លោក Park Heung Kyeong ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅកម្ពុជា។ 

លោក Park Heung Kyeong បានប្រាប់សារព័ត៌មានក្នុងស្រុកមួយថា ពេលនេះរដ្ឋាភិបាលកូរ៉េបានទទួលសំណើរនៃការពិចារណាសាងសង់មិត្តភាពកម្ពុជា-កូរ៉េហើយ ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានស្នើរទៅកាន់សាធារណរដ្ឋកូរ៉េខាងត្បូង ក្នុងជំនួបសម្ដែងការគួរសមជាមួយ លោកប្រធានាធិបតី Moon Jae-in កាលពីខែកុម្ភៈកន្លងទៅ ក្នុងដំណើរការចូលរួមកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ ២០២០ នៅទីក្រុងសេអ៊ូល។ 

សម្ដេចតេជោ បានស្នើរឲ្យរដ្ឋាភិបាលកូរ៉េខាងត្បូង ពិចារណាសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ដូចអ្វីដែលកម្ពុជាមាន ស្ពានមិត្តកម្ពុជា-ចិន និងស្ពានមិត្តភាពកម្ពុជា-ជប៉ុន ប៉ុន្តែនៅមិនទាន់មានស្ពានមិត្តភាពកម្ពុជា-កូរ៉េនៅឡើយទេ។ 

លោក Park Heung Kyeong បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកូរ៉េកំពុងពិចារណាទៅលើការសាងសង់ស្ពានមិត្តកម្ពុជា-កូរ៉េ ភ្ជាប់ពីតំបន់ជ្រោយចង្វារ ទៅកាន់តំបន់ស្វាយជ្រុំ ហើយប្រសិនបើគម្រោងនេះអាចទៅរួច វានឹងក្លាយទៅជាស្ពានបង្កើនចំណងមិត្តភាពការទូត និងសហប្រតិបត្តិការណ៍អន្តរជាតិស៊ីជម្រៅបន្ថែមទៀតរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េខាងត្បូង។ 

គម្រោងនៃការសាងសង់ស្ពានតំបន់ជ្រោយចង្វារ ទៅកាន់ស្វាយជ្រុំ អរិយក្សត្រ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាប៉ាន់ប្រមាណថា អាចនឹងមានតម្លៃចន្លោះពី ៤០ ទៅដល់ ៥០ លានដុល្លារ ហើយវានឹងជួយសម្រួលដល់ការធ្វើដំណើរឆ្លងទន្លេមេគង្គ និងបង្កើនការអភិវឌ្ឍន៍ ស្វាគមន៍ដល់គម្រោងវិនិយោគជាច្រើនទៀត។