ទីក្រុងវ៉ូហាន ចាប់ផ្ដើមគម្រោងសាងសង់ផ្លូវក្រោមដី ឆ្លងកាត់បឹងប្រវែង ១៣ គីឡូម៉ែត្រ

ទីក្រុងវ៉ូហាន៖ បន្ទាប់ពីបានទប់ស្កាត់ករណីឆ្លងយ៉ាងជោគជ័យ និងបានធ្វើតេស្ដប្រជាជនជាង ១០ លាននាក់ក្នុងរយៈពេល ១៩ ថ្ងៃដោយមិនមានរកឃើញករណីឆ្លងជំងឺកូវីដ-១៩ ថ្មី ទីក្រុងវ៉ូហានចាប់ផ្ដើម បានត្រលប់មកវិញជាធម្មតា តួយ៉ាងការបើកដំណើរការរោងចក្រឡើងវិញ, អាជីវកម្ម, សាលារៀន, និងទីសាធារណៈ -ល- ចំណែកគម្រោងសាងសង់ផ្សេងៗក៏បានបន្ដដំណើរការឡើងវិញផងដែរ ដូចជាគម្រោងផ្លូវក្រោមដីកាត់បឹង និងកាត់ទីក្រុងនៅខេត្តហឺប៉ីនេះ។ 

គម្រោងសាងសង់ផ្លូវក្រោមដីក្នុងទីក្រុងវ៉ូហាននេះ ត្រូវបានគេស្គាល់ថាជាផ្លូវកាត់បឹង និងកាត់ទីក្រុងធំជាងគេបំផុតប្រចាំប្រទេសចិន ដែលមានអង្គត់ផ្ចិតអតិបរមាប្រវែង ១៥.៥ ម៉ែត្រ និងត្រូវបែងចែកចំនួន ២ ថ្នាក់ ក្នុងនោះវានឹងឆ្លងកាត់បឹង Donghu និងបឹង Nanhu ភ្ជាប់ទៅកាន់ផ្លូវជាតិនៃទីក្រុងវ៉ូហាន មានប្រវែងសរុប ១៣,៣០០ ម៉ែត្រ។ 

គម្រោងនេះត្រូវបានទទួលសាងសង់ដោយក្រុមហ៊ុន Wuhan Urban Construction Investment & Development Group ដែលនឹងប្រើប្រាស់បច្ចេកវិទ្យាវិស្វ័កម្មសំណង់ចុងក្រោយបំផុត ព្រោះការសាងសង់មានភាពស្មុកស្មាញ និងមានឧបសគ្គត្រូវជំនះច្រើន ដោយគេអាចនឹងចំណាយរយៈពេល ៤ ឆ្នាំដើម្បីបញ្ចប់គម្រោងទាំងស្រុង។ លើសពីនេះទៀត ការសាងសង់ត្រូវគិតគូរយ៉ាងម៉ត់ចត់ទៅលើហានិភ័យ និងកាត់បន្ថយផលប៉ះពាល់បរិស្ថានបឹង Donghu និងបឹង Nanhu ឲ្យស្ថិតនៅក្នុងកម្រិតទាបបំផុត។

គម្រោងខាងលើនេះ រំពឹងថានឹងជួយដោះស្រាយការធ្វើដំណើរឲ្យកាន់តែប្រសើរ ពិសេសគឺបញ្ហាចរាចរណ៍ក្នុងទីក្រុងវ៉ូហាន ដែលមានប្រជាជនរស់នៅជាង ១២ លាននាក់។