សហរដ្ឋអាមេរិច ផ្ដល់ជំនួយជាង ៥៦ លានដុល្លារ សម្រាប់អភិវឌ្ឍន៍វិស័យសុខាភិបាល កសិកម្ម បរិស្ថាន និងវិស័យអប់រំកម្ពុជា!

រាជធានីភ្នំពេញ៖ រដ្ឋាភិបាលសហរដ្ឋអាមេរិច តាមរយៈភ្នាក់ងារសហរដ្ឋអាមេរិចសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) និងរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិសោធនកម្មស្ដីពីហិរញ្ញប្បទានសហប្រតិបត្តិការអភិវឌ្ឍន៍ សម្រាប់ឆ្នាំសារពើពន្ធ ២០១៩។ តាមរយៈកិច្ចព្រមព្រៀងនេះ រដ្ឋាភិបាលសហរដ្ឋអាមេរិច នឹងផ្ដល់ហិរញ្ញប្បទានឥតសំណងប្រមាណ ៥៦ លានដុល្លារ ក្នុងនោះ ៣៨ លានដុល្លារសម្រាប់វិស័យសុខភិបាល និងអប់រំ និង ១៨ លានដុល្លារសម្រាប់វិស័យកសិកម្ម និងបរិស្ថាន ដែលអនុវត្តដោយភ្នាក់ងារអនុវត្តគម្រោងនានានៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម ជិន ប៊ុនស៊ាន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានមានប្រសាសន៍ថា “ការបន្ដកិច្ចសហប្រតិបត្តិការអភិវឌ្ឍទ្វេភាគីនេះ គឺជាសសរស្ដម្ភដ៏សំខាន់ក្នុងការលើកកម្ពស់ និងពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូររវាងប្រទេសទាំងពីរ”។ 

ឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហរដ្ឋអាមេរិចប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ក៏បានគូសបញ្ជាក់ថា រដ្ឋាភិបាលសហរដ្ឋអាមេរិច ប្ដេជ្ញាបន្ដគាំទ្ររបស់ខ្លួនចំពោះប្រជាជនកម្ពុជា ក្នុងការសម្រេចឲ្យបាននូវការអភិវឌ្ឍសង្គមសេដ្ឋកិច្ចមួយប្រកបដោយចីរភាព បរិយាប័ន្្ន និងសមធម៌។

• តាមរយៈកិច្ចសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាល ការគាំទ្រនេះនឹងបន្ដរួមចំណែកកាត់បន្ថយអត្រាមរណៈភាពមាតា និងទារកដេលមានអាយុក្រោម ៥ ឆ្នាំ ក៏ដូចជាផ្ដល់ការគាំទ្រលើកម្មវិធីនានាក្នុងការកាត់បន្ថយជំងឺក្រិន ជំងឺខ្វះគ្រាប់ឈាមក្រហមរបស់កុមារ និងស្ត្រី និងកាត់បន្ថយអត្រាប្រេវ៉ាឡង់នៃជំងឺអេដស៍ជំងឺរបេង និងជំងឺគ្រុនចាញ់នៅកម្ពុជា។ 

• ចំពោះវិស័យអប់រំ, ក្រសួងអប់រំ យុវជន និងកីឡា និងទីភ្នាក់ងារ USAID នឹងបន្ដគាំទ្រកិច្ចខិតខំប្រឹងប្រែងក្នុងការធ្វើឲ្យប្រសើឡើងនូវសមត្ថភាពការអានរបស់កុមារ, កាត់បន្ថយអត្រាបោះបង់ចោលការសិក្សានៅថ្នាក់វិទ្យាល័យ និងបំពាក់បំប៉នបន្ថែមដល់ប្រជាជនកម្ពុជាក្នុងការឈានចូលទៅក្នុងទីផ្សារពលកម្ម។ 

• សម្រាប់ភាពជាដៃគូរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងទីភ្នាក់ងារ USAID នឹងផ្ដល់ការគាំទ្រកម្មវិធីនានាក្នុងការកាត់បន្ថយភាពក្រីក្រ លើកកម្ពស់ការផលិតគ្រាប់ពូជសំខាន់ៗ និងអាហារូបត្ថម្ភក្នុងសហគមន៍ជនបទ។ 

• ទន្ទឹមនេះ ក្រោមកិច្ចសហប្រតិបត្តិការជាមួយក្រសួងបរិស្ថាន កិច្ចព្រមព្រៀងនេះក៏នឹងគាំទ្រកម្មវិធីបរិស្ថានក្នុងការកាត់បន្ថយភាពងាយរងគ្រោះរបស់ប្រជាជនក៏ដូចជាតំបន់ទេសភាព ដែលទទួលរងផលប៉ះពាល់ពីបម្រែបម្រួលអាកាសធាតុ និងបានជួយកម្ពុជាឲ្យសម្រេចបានតាមការប្ដេជ្ញាក្នុងក្របខណ្ឌអន្តជាតិរបស់ខ្លួន ក្នុងការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ដែលបណ្ដាលមកពីការបាត់បង់ និងរេចរិលព្រៃឈើ។

គិតចាប់តាំងពីខែមីនា ឆ្នាំ២០១៦ បូករួមទាំងកិច្ចព្រមព្រៀងដែលទើបចុះហត្ថលេខានាថ្ងៃនេះ ភាគីអាមេរិចបានផ្ដល់ហិរញ្ញប្បទានឥតសំណងសរុប ២៥៣ លានដុល្លារ សម្រាប់គាំទ្រដល់វិស័យអទិភាពទាំង ៤។ ការគាំទ្រនេះបានឆ្លើយតបយ៉ាងល្អប្រសើរទៅនឹងអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។ បន្ថែមពីលើនេះ រដ្ឋាភិបាលសហរដ្ឋអាមេរិច បានផ្ដល់ការគាំទ្រអង្គការសង្គមស៊ីវិលដែលបានធ្វើការផ្ដោតលើសិទ្ធមនុស្ស, ការប្រឆាំងការជួញដូរមនុស្ស និងគណនេយ្យភាព និងតម្លាភាពនៅក្នុងប្រទេសកម្ពុជា។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ បានបំពេញបន្ថែមនូវការងារជាមួយរាជរដ្ឋាភិបាលក្នុងការគាំទ្រការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្នក្នុងប្រទេសកម្ពុជា។ 

គិតចាប់ពីខែមីនា ឆ្នាំ២០២០ មករដ្ឋាភិបាលសហរដ្ឋអាមេរិច បានផ្ដល់ហិរញ្ញប្បទានឥតសំណងប្រមាណ ១១ លានដុល្លារ គាំទ្រដល់ផែនការឆ្លើយតបបន្ទាន់ទៅនឹងជំងឺឆ្លងកូវីដ-១៩ របស់រាជរដ្ឋាភិបាលកម្ពុជា។ ហិរញ្ញប្បទាននេះ នឹងប្រើប្រាស់ដើម្បីជួសម្រាលទាំងការឆ្លើយតបផ្នែកវេជ្ជសាស្ត្រភ្លាមៗ ចំពោះជំងឺកូវីដ-១០ ក្នុងប្រព័ន្ធសុខាភិបាលកម្ពុជា និងផលប៉ះពាល់ដែលបណ្ដាលមកពីជំងឺឆ្លង ដោយផ្ដោតលើការស្ដារឡើងវិញនូវសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន និងសមធម៌។ 

គិតចាប់តាំងពី ១៩៩៤ មកដល់បច្ចុប្បន្ន រដ្ឋាភិបាលសហរដ្ឋអាមេរិចបានផ្ដល់ការគាំទ្រដល់ប្រទេសកម្ពុជាប្រមាណជាង ១ ពាន់លានដុល្លារ។

 

ប្រភព៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា