វិមាន Taj Mahal សម្រេចបិទទ្វារបន្តទៀត ក្រោយផ្ទុះករណីឆ្លងវីរុសក្នុងអត្រាខ្ពស់មិនធ្លាប់មាន

ឥណ្ឌា៖ រដ្ឋាភិបាលប្រទេសឥណ្ឌា ក្រោយពីសម្រេចចិត្តឱ្យបើកវិមាន Taj Mahal ដែលជាអគារបុរាណ ដ៏មានភាពល្បីល្បាញពាសពេញពិភពលោក និងបានទាក់ទាញភ្ញៀវទេសចរណ៍មកកំសាន្តជាច្រើន ត្រូវបានសម្រេចបិទទ្វារបន្តទៀតឡើងវិញ ក្រោយពីរបាយការណ៍ការបង្ហាញអំពីស្ថានភាព នៅឥណ្ឌា ពុំទាន់រឹងម៉ាំល្អ ជុំវិញការឆ្លង និងរីករាលដាល នៃវីរុសកូវីដ ១៩។

វិមាន Taj Mahal នៅតែបន្តបិទទ្វារជាបណ្ដោះអាសន្នបន្តទៀត នេះបើយោងតាមសេចក្ដីប្រកាសផ្លូវការរបស់រដ្ឋាភិបាលឥណ្ឌា។ សេចក្ដីប្រកាសធ្វើឡើងកាលពីថ្ងៃអាទិត្យកន្លងទៅថ្មីៗនេះ បានធ្វើឡើងបន្ទាប់ពី រដ្ឋមន្ត្រីក្រសួងសុខាភិបាល ប្រកាសអំពីស្ថានភាពឆ្លង និងរីករាលដាល នៃវីរុសកូវីដ ១៩ នៅលើផ្ទៃប្រទេស ដែលបានកើនឡើងក្នុងតួរលេខច្រើន មិនធ្លាប់មានពីមុនមក ពោលគឺច្រើនជាង ២៥,០០០ ករណី នៅក្នុងមួយថ្ងៃ ជាអត្រាខ្ពស់ជាងគេមិនធ្លាប់មាន គិតចាប់តាំងចុងខែមករា ដើមឆ្នាំនេះមកម្លេះ។ ស្ថិតក្នុងការផ្ទុះឡើងនោះ ក្រសួងសុខាភិបាលឥណ្ឌាបានគូសបញ្ជាក់ថា មានអ្នកស្លាប់រហូតដល់ទៅ ៦១៣ នាក់ ជាចំនួនហួសពីការស្មានដល់។

ការសម្រេចបន្តបិទទ្វារនេះ គឺរដ្ឋាភិបាលឥណ្ឌាចាត់ទុកថា តំបន់វិមានបុរាណមួយនេះ គឺស្ថិតក្នុងអត្រាឆ្លង និងរីករាលដាលខ្ពស់ ខណៈប្រជាជននៅក្បែតំបន់នោះ ត្រូវបានកំណត់ថាជាគោលដៅរាតត្បាតដ៏សំខាន់មួយផងដែរ។ ក្រៅពីវិមាន Taj Mahal វិមាន និងទីកន្លែងបុរាណផ្សេងៗទៀត ដែលជារមណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្ត្ររបស់ឥណ្ឌា ក៏នៅតែបន្តបិទទ្វារផងដែរ រួមមានដូចជា Agra Fort និង Sikandra ជាដើម។ ជុំវិញការផ្ទុះឡើងនូវការឆ្លងក្នុងតួរលេខដ៏ច្រើននេះ បានទាញឱ្យប្រទេសឥណ្ឌាក្លាយទៅជាប្រទេសទី ៣ នៅក្នុងពិភពលោក ដែលមានអ្នកឆ្លងវីរុសកូវីដ ១៩ ច្រើនជាងគេ ដោយប្រទេសរុស្ស៊ីក្លាយទៅជាលេខ ៤ នៅលើតារាងកំពូលវិញ។ 

រដ្ឋាភិបាលឥណ្ឌា នៅមិនទាន់ប្រកាសប្រាប់អំពីគម្រោង នៃការបើកឱ្យរមណីយដ្ឋានទេសចរណ៍ សំខាន់ៗរបស់ខ្លួនឡើងវិញនៅឡើយទេ ព្រោះថាអត្រាឆ្លងកំពុងតែបន្តទៅមុខ បើទោះបីជាបច្ចុប្បន្នអាជ្ញាធរ ក្រុមគ្រូពេទ្យ និងវិជ្ជបណ្ឌិត បានកំពុងប្រយុទ្ធប្រឆាំងនឹងវីរុសកូវិដ ១៩ ក្ដី។ មកត្រឹមថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ ម្សិលមិញ ចំនួនអ្នកឆ្លងវីរុសកូវីដ ១៩ នៅឥណ្ឌា បានកើនឡើងដល់ ៦៩៧,៤១៣ ករណីហើយ ដោយអ្នកបានជាសះស្បើយមាន ៤២៤,០០០ នាក់ និងស្លាប់កើនឡើងដល់ ២០,៣០៦ នាក់ហើយ៕