រដ្ឋ Victoria របស់អូស្ត្រាលីត្រូវបិទព្រំដែនថ្ងៃនេះ ខណៈករណីឆ្លងវីរុសថ្មីកើនឡើងដល់ ១២៧ នាក់

អូស្ត្រាលី៖ រដ្ឋាភិបាលរបស់ប្រទេសអូស្ត្រាលី កាលពីម្សិលមិញនេះបានសម្រេចអនុម័តឱ្យមានការបិទច្រកព្រំដែននៅក្នុងប្រទេសជាលើកដំបូង បន្ទាប់ពីរដ្ឋ Victoria របស់ខ្លួន បានផ្ទុះឡើងនូវករណីឆ្លងវីរុសកូវីដ ១៩ សាជាថ្មីម្ដងទៀត កាលពីខែមិថុនា កន្លងទៅ ដែលមកទល់នឹងពេលនេះចំនួនឆ្លងបានកំពុងកើនឡើងជាបន្តបន្ទាប់។ 

រដ្ឋ Victoria ដែលមានប្រជាជនរស់នៅប្រមាណជា ៦.៦ លាននាក់ ត្រូវបានបង្គាប់ឱ្យបិទច្រកព្រំដែន ជាមួយនឹងបណ្ដារដ្ឋផ្សេងៗទៀត មិនឱ្យមានការចេញចូល ឬឆ្លងកាត់ដោយសេរីទៀតឡើយ នៅថ្ងៃអង្គារនេះ បន្ទាប់ពីករណីឆ្លងបានផ្ទុះឡើងសាជាថ្មី។ ការសម្រេចនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ ដែលចេញវិធានការភ្លាមៗ បង្គាប់ឱ្យបិទច្រកព្រំដែនរដ្ឋនៅវេលាម៉ោង ១១:៥៩ នាទីយប់តទៅ។ ការបិទច្រកព្រំដែននេះ ត្រូវបានឱ្យដឹងថា បន្ធាប់ពីករណីឆ្លងកើនឡើងដល់ទៅ ១២៧ ករណី នៅក្នុងរដ្ឋ Victoria ដែលបង្ករឱ្យមានការភ័យខ្លាចជាលើកទីពីរ។

ករណីបិទព្រំដែនរដ្ឋនេះ លោក Daniel Andrews អភិបាលរដ្ឋ Victoria បានបញ្ជាក់អំពីការសម្រេចចិត្តនេះថា គឺជាភាពវ័យឆ្លាត ក្នុងការគ្រប់គ្រងស្ថានការណ៍បច្ចុប្បន្ន ឱ្យនៅក្នុងដៃរបស់រដ្ឋាភិបាល ជាសវាងការឆ្លង ដែលអាចឈានទៅដល់ការពិបាកគ្រប់គ្រង ប្រសិនបើការឆ្លងនោះកាន់តែច្រើនឡើងៗ។ សម្រាប់ពេលនេះ អាជ្ញាធរមានសមត្ថកិច្ចបានកំពុងចាត់វិធានការក្ដៅ ក្នុងការធ្វើតេស្ដស្វែងរកវីរុសកូវីដ ១៩ របស់ពលរដ្ឋ និងតម្រូវឱ្យប្រជាពលរដ្ឋស្នាក់នៅក្នុងគេហដ្ឋាន បញ្ជៀសការប្រមូលផ្ដុំជាដើម។ ក្នុងនោះករណី ១៦ នាក់ ត្រូវបានរកឃើញថាផ្ទុះឡើងពីអគារខុនដូរចំនួន ៩ ដែលមានអ្នករស់នៅជាង ៣,០០០ នាក់ ហើយត្រូវបានបង្គាប់មិនឱ្យមាននរណាម្នាក់ចេញពីអគារបានឡើយ។

ការបិទច្រកព្រំដែនក្នុងផ្ទៃប្រទេស ដែលកាត់ផ្ដាច់ទំនាក់ទំនងរដ្ឋ Victoria ខាងលើជាមួយនឹងបណ្ដារដ្ឋផ្សេងៗទៀតនេះ គឺជាលើកទីមួយហើយ គិតចាប់តាំងពីអូស្ត្រាលីបានរងគ្រោះ ដោយសារតែវីរុសឆ្លង។ ការធ្វើបែបនេះ អាចធានាបាននូវការឆ្លងជាបន្តបន្ទាប់ទៅកាន់តំបន់ ឬរដ្ឋផ្សេងៗ ដែលអាចនឹងបង្ករឱ្យការឆ្លងកាន់តែធំឡើងៗ។ គិតមកត្រឹមថ្ងៃទី០៦ ខែកក្កដា កន្លងទៅនេះ ករណីឆ្លងវីរុសកូវីដ ១៩ នៅអូស្ត្រាលី បានកើនឡើងដល់ ៨,៥៣៦ ករណីហើយ ដោយក្នុងនោះចំនួនអ្នកជះសះស្បើយមាន ៧,៣៩៩ នាក់ និងស្លាប់កើនឡើងដល់ ១០៤នាក់៕