សារមន្ទីរ Louvre របស់បារាំង បើកដំណើរការឡើងវិញ បន្ទាប់ពីត្រូវបានបិទអស់ 16 សប្តាហ៍ ក្នុងការចូលរួមវិធានការណ៍ទប់ស្កាត់កូវីដ-១៩

សារមន្ទីរ Louvre របស់បារាំង ដែលជាសារមន្ទីរ មានភ្ញៀវមកទស្សនាច្រើនជាងគេបំផុតនៅលើពិភពលោក បានបើកដំណើរការវិញហើយកាលពីថ្ងៃចន្ទនេះ បន្ទាប់ពីវាត្រូវបានបិទ ក្នុងការចូលរួមវិធានការណ៍ទប់ស្កាត់កូវីដ-19 អស់រយៈពេលប៉ុន្មានខែមក។ ប៉ុន្តែទន្ទឹមនឹងការបើកដំណើរការឡើងវិញនេះ សឹងតែ 1/3 នៃកន្លែងតាំងពិពរណ៌ (Galleries) របស់វានៅតែបន្តបិទនៅឡើយទេ។

 

អតីតព្រះបរមរាជវាំងដ៏ធំសំបើម របស់ប្រទេសបារាំង បានខាតបង់ទឹកប្រាក់ជាង 40 លានអឺរ៉ូ (45 លានដុល្លារ) ទៅលើការលក់សំបុត្រ អំឡុងពេលបិទទ្វារជិត 4 ខែមកនេះ ហើយអ្នកដឹកនាំទីនេះ Director Jean-Luc Martinez បានទទួលថា វាអាចនឹងមានរយៈពេលប៉ុន្មានឆ្នាំទៅមុខទៀតក្នុងការត្រឡប់មកស្ថានភាពដើមវិញ នៅពេលដែលពិភពលោកកំពុងតែសំរបខ្លួន ទៅតាមវីរុសរាតត្បាតនេះ។

 

ទោះបីជាផ្ទាំងគំនូរដែលមានប្រជាប្រិយបំផុត របស់សារមន្ទីរភាគច្រើន ដូចជា "Mona Lisa" និងចំនួនវត្ថុបុរាណដ៏ច្រើនសន្ធឹកសន្ធាប់ នឹងអាចចូលដំណើរការក្នុងការដាក់តាំងបង្ហាញវិញបាន ប៉ុន្តែខាងកន្លែងតាំងប្រភេទ Galleries ផ្សេងទៀត ដែលតម្រូវឲ្យរក្សាគោលការណ៍គំលាតសុវត្ថិភាពនោះ វាពិបាកនឹងបើកឲ្យចូលទស្សនាណាស់ ដែលទាំងនោះនឹងនៅតែបន្តបិទដដែល។

 

យ៉ាងណា ក៏គេនឹងមិនសូវជាឃើញមានហ្វូងមនុស្ស នៅពីមុខស្នាដៃរបស់លោក Leonardo da Vinci សម្រាប់ការថតរូប Selfie ច្រើននោះទេ ដោយអ្នកទេសចរចូលមកទីនេះ ត្រូវបានព្រមានថា ពួកគេនឹងត្រូវឈរនៅលើកន្លែងកំណត់ដែលមានចម្ងាយឆ្ងាយពីស្នាដៃទាំងនោះ ដែលនឹងត្រូវបានគូសសម្គាល់នៅលើឥដ្ឋតែម្តង។

 

សារមន្ទីរបាននិយាយថា ដើម្បីចៀសវាងការរាំងស្ទះ យើងនឹងមានជាព្រួញសញ្ញាដែលណែនាំ អ្នកទេសចរចូលទៅក្នុងបន្ទប់តាំងពិពរណ៍ (labyrinth of galleries) ដោយមានគំលាតពីគ្នាទ្វេដង និងមិនមានកកកុញឡើយ។

 

ប្រហែល 70% នៃភ្ញៀវ 9.6 លាននាក់របស់សារមន្ទីរ Louvre កាលពីឆ្នាំមុន គឺមកពីបរទេស ប៉ុន្តែដោយឡែកជាមួយនឹងវិស័យទេសចរណ៍ក្នុងឆ្នាំនេះ ដែលស្ថិតក្នុងស្ថានភាពជាប់គាំងនោះ Martinez បានប្រាប់ AFP ថាចំនួននេះ អាចនឹងធ្លាក់ចុះយ៉ាងខ្លាំងបំផុត។ លោកមានប្រសាសន៍ថា “យើងកំពុងបាត់បង់សាធារណជនរបស់យើងខ្ទង់ 80% ឯណោះ។

 

លោកក៏បានធ្វើការប៉ាន់ស្មានថា "យើងអាចនឹងធ្លាក់ចុះយ៉ាងល្អនៅចន្លោះល្អបំផុតពី 20 ទៅ 30% នៅរដូវក្តៅមុន ពោលគឺមានភ្ញៀវចន្លោះពី 4 ពាន់ ទៅ 1 ម៉ឺននាក់ ក្នុងមួយថ្ងៃ។”

 

សារមន្ទីរសង្ឃឹមថានឹងទាក់ទាញភ្ញៀវទេសចរបារាំង ឱ្យបានច្រើនថែមទៀត ដើម្បីបំពេញចន្លោះប្រហោង នៅពេលវាចាប់ផ្តើមយុទ្ធនាការ ដើម្បីអង្រួនមុខមាត់សាធារណជន មុនព្រឹត្តិការណ៍អូឡាំពិកប៉ារីស នៅក្នុងរយៈពេល 4 ឆ្នាំទៅមុខទៀត។

 

លោក Martinez ដែលធ្លាប់មានបទពិសោធន៍ការងារយ៉ាងច្រើននោះ បាននិយាយថា គាត់ចង់កសាងភាពជោគជ័យបន្ថែមនៃសារមន្ទីរ ដែលយករចនាបថនៅផ្នែកខាងក្រៅរបស់ Louvre នៅទីក្រុង Lens ដែលជាអតីតទីក្រុងរ៉ែក្រីក្រមួយ នៅភាគខាងជើងប្រទេសបារាំង។

 

លោកបាននិយាយថាពេលខ្លះ Louvre ក៏អាចនឹងបំភ័យប្រជាជនក្នុងតំបន់ ជាក់លាក់ដែរ ហើយសារមន្ទីរត្រូវការធានាដល់ប្រជាជនថា ការប្រមូលផ្តុំរបស់វាក៏សម្រាប់ពួកគេផងដែរ ជាមួយនឹងការធ្វើឱ្យប្រសើរឡើង នូវការបង្ហាញស្លាកនិងការរៀបចំឡើងវិញ ព្រមទាំងមានសុវត្ថិភាពផងដែរ។