ជប៉ុន ដំណើរការរថភ្លើងល្បឿនលឿន ៣៦០ គីឡូម៉ែត្រ/ម៉ោង និងអាចរត់អំឡុងពេលរញ្ជួយដីបានដោយសុវត្ថិភាព!

ប្រទេសជប៉ុន ទើបតែបញ្ចេញនូវរថភ្លើង Bullet Train មួយប្រភេទចុងក្រោយ ដែលមិនត្រឹមតែមានល្បឿនលឿន និងរត់ស្មើថេល្អប៉ុណ្ណោះទេ ថែមទាំងមានសុវត្ថិភាពខ្ពស់ អាចរត់នៅអំឡុងពេលរញ្ជូយដីទៀតផង។ រថភ្លើងនេះមានឈ្មោះថា N700S ដែលអក្សរ S តំណាងឲ្យពាក្យ Supreme និងត្រូវបានដាក់ឲ្យប្រើប្រាស់នៅផ្លូវដែក Tokaido Shinkansen កាលពីថ្ងៃទី ០១ ខែកក្កដា ភ្ជាប់ពីស្ថានីយ Tokyo Station ទៅកាន់ស្ថានីយ Shin-Osaka Station ទីក្រុងអូសាកា។ 

រថភ្លើង N700S បានបំបែកកំណត់ត្រាពិភពលោកថ្មី នៅពេលដាក់ដំណើរការរត់សាកល្បង កាលពីឆ្នាំ២០១៩ ហើយនេះគឺជារថភ្លើងដែលមានល្បឿនលឿនជាងគេបំផុតមួយក្នុងពេលបច្ចុប្បន្ន ដែលអាចរត់ដល់ល្បឿនអតិបរមា ៣៦០ គីឡូម៉ែត្រ/ម៉ោង ជាមួយការរក្សារំនឹងល្អបំផុត។ ប៉ុន្តែសម្រាប់ការរត់ជាក់ស្ដែង វាត្រូវរត់ក្នុងល្បឿន ២៨៥ គីឡូម៉ែត្រ/ម៉ោង ដោយគ្រោងនឹងប្រើប្រាស់សម្រាប់ដឹកអ្នកដំណើរក្នុងឱកាសព្រឹត្តិការណ៍កីឡា Tokyo Olympics 2020 តែត្រូវបានលើកទៅឆ្នាំ២០២១ វិញដោយសារការផ្ទុះរាតត្បាតជំងឺកូវីដ-១៩។ 

សូមបញ្ជាក់ថា ផ្លូវដែក ToKaido Shinkansen ភ្ជាប់តូក្យូ និងអូសាកា គឺជាផ្លូវដែកសម្រាប់រថភ្លើងល្បឿនលឿនដំបូងគេបំផុតលើលោក ដែលបានសម្ពោធប្រើប្រាស់កាលពីឆ្នាំ ១៩៦៤ ក្នុងឱកាសព្រឹត្តិការណ៍កីឡា Summer Olympics 1964 នៅទីក្រុងតូក្យូដូចគ្នា។

រចនាបថ នៃរថភ្លើង N700S ត្រូវបានដុសខាត់កាន់តែប្រសើរពីលើរថភ្លើងប្រភេទ N700 និង N700A ជាពិសេសនូវប្រព័ន្ធបច្ចេកវិទ្យាចុងក្រោយ និងផ្ទៃខាងក្នុង ដូចជា៖ អំពូលភ្លើង ចង្កៀងពន្លឺ មានភាពស្រទន់ងាយស្រួលដល់ការសម្រាករបស់អ្នកដំណើរ, រចនាបថកៅអីអង្គុយថ្មីមានផាសុកភាព, កន្លែងផ្ទូកអីវ៉ាន់ធំទូលាយនិងច្រើនកន្លែង ដែលធ្វើឲ្យបរិយាកាសធ្វើដំណើរប្រសើរជាងមុន។

អ្វីដែលសំខាន់បំផុតគឺការបំពាក់នូវបច្ចេកវិទ្យាចុងក្រោយ ធ្វើឲ្យការរត់មានភាពស្ងាត់ និងរលូនល្អ, អរគុណទៅដល់ប្រព័ន្ធកម្លាំងទាញ និងកម្លាំងរុញច្រានថ្មី ដែលអាចឲ្យរថភ្លើងនេះអាចរត់កំឡុងពេលរញ្ជួយដីបានដោយគ្មានបញ្ហា ថែមទាំងមានប្រព័ន្ធសុវត្ថិភាព ដូចជាការបន្ថយល្បឿននៅតំបន់ដែលមានហានិភ័យខ្ពស់ រួមមានការឆ្លងកាត់ស្ពាន ឬផ្លូវក្រោមដី -ល- បំពាក់ម៉ាស៊ីនថាមពលប្រភេទ Lithium-ion batteries អាចស្វែងរកទីតាំងបញ្ចូលថាមពលដែលនៅជិតខ្លួនវាបាន នៅពេលអស់អគ្គីសនី ដែលបច្ចេកវិទ្យាទាំងអស់នេះ ត្រូវបានអភិវឌ្ឍន៍ពីលើរថភ្លើងម៉ូឌែល N700 អស់រយៈពេល ១៣ ឆ្នាំមកហើយ តាំងពីចេញដំបូង។

យ៉ាងណាមិញ ក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ-១៩ រថភ្លើងនេះនៅមិនទាន់ទទួលបានអ្នកដំណើរច្រើននៅឡើយទេ ដោយគេរំពឹងថាការធ្វើដំណើរក្នុងប្រទេសជប៉ុន និងភ្ញៀវទេសចរអន្តរជាតិ អាចនឹងត្រលប់មកជាធម្មតាវិញនៅឆ្នាំ ២០២១។