កោះសាមុយ រៀបចំបើកទេសចរណ៍អន្តរជាតិឡើងវិញនៅខែកញ្ញា!

កោះសាមុយ បានរៀបចំគោលការណ៍ទេសចរណ៍ថ្មី ដើម្បីត្រៀមបើកទទួលភ្ញៀវទេសចរអន្តរជាតិ ពីប្រទេសដែលមានហានិភ័យទាបពីជំងឺកូវីដ-១៩ អនុញ្ញាតិឲ្យហោះត្រង់ចូលមកកោះសាមុយ ចាប់ពីខែកញ្ញាខាងមុខនេះ ក្នុងកូតាភ្ញៀវទេសចរ ២០០ នាក់ក្នុងមួយថ្ងៃ ប៉ុន្តែអ្នកដំណើរមានជម្រើស ២ ដោយអាចស្នាក់នៅសណ្ឋាគាររយៈពេល ១៤ ថ្ងៃ ឬអាចធ្វើតេស្ដរកមេរោគកូរ៉ូណាពេលមកដល់ជាមួយការចំណាយប្រាក់ ៤,០០០ បាត។ 

លោក Vorasit Pongkumpunt ប្រធានមន្ទីទេសចរណ៍កោះសាមុយ បានឲ្យដឹងថា តំបន់ទេសចរណ៍កោះសាមុយមានភាពល្បីល្បាញ និងទទួលបានភ្ញៀវទេសចរណ៍អន្តរជាតិច្រើនដល់ខ្ទង់ ៩០% តាមធម្មតា ជាពិសេសនៅក្នុងរដូវក្ដៅនេះតែម្ដង ដូចនេះហើយទើបមន្ទីទេសចរណ៍ស្នើសុំទៅរាជរដ្ឋាភិបាល ដើម្បីបើកអាកាសយានដ្ឋានអន្តរជាតិឡើងវិញក្នុងខែនេះ ដោយទទួលការរធ្វើដំណើររបស់អ្នកជំនួញ និងវិនិយោគិន ហើយត្រៀមទទួលភ្ញៀវទេសចរបរទេស ២០០ នាក់ក្នុងមួយថ្ងៃនៅខែកញ្ញាខាងមុខ។ លោកបញ្ជាក់ថា ភ្ញៀវទេសចរអន្តរជាតិដែលត្រៀមទទួលរួមមាន ៤ គោលដៅសំខាន់ៗ ដូចជា ខេត្ត Chengdu ប្រទេសចិន, ហុងកុង, សិង្ហបុរី និងម៉ាឡេស៊ី ដែលអាចហោះត្រង់មកកោះសាមុយបាន ឬគោលដៅផ្សេងទៀតដែលហោះហើរពីបាងកក។ 

ឧស្សាហកម្មទេសចរណ៍ក្នុងស្រុក កំពុងរៀបចំស្ដង់ដារសុវត្ថិភាព និងអនាម័យយ៉ាងតឹងរ៉ឹង ត្រៀមទទួលភ្ញៀវទេសចរឡើងវិញ ថែមទាំងត្រៀមរួចរាល់នូវកន្លែងធ្វើតេស្តរហ័ស និងមន្ទីពេទ្យសម្រាកព្យាបាលដែលមានគ្រែចំនួន ២៥០ ផងដែរ ក្នុងករណីរកឃើញថាភ្ញៀវទេសចរណាមួយមានជំងឺកូវីដ-១៩។ ម្យ៉ាងទៀត Koh Samui Hospital មានមន្ទីពិសោធន៍ដែលអាចធ្វើតេស្ដចំនួន ៩០ នាក់ក្នុងមួយថ្ងៃ ដែលលទ្ធផលនឹងរកឃើញត្រឹមតែរយៈពេល ៦ ម៉ោងប៉ុណ្ណោះ ដោយក្នុងម្នាក់គេត្រូវចំណាយ ៤ ពាន់បាតដើម្បីធ្វើតេស្ត ដូចនេះគេពុំចាំបាច់ដាក់ខ្លួនឲ្យនៅដោយឡែក ១៤ ថ្ងៃទេ។ សម្រាប់សណ្ឋាគារ និងផ្ទះស្នាក់ទាំងអស់នៅកោះសាមុយ បានសហការជាមួយក្រសួងទេសចរណ៍ និងក្រសួងសុខភាពសាធារណៈ ដើម្បីរៀបចំកន្លែងដាក់ឲ្យនៅដោយឡែក ១៤ ថ្ងៃសម្រាប់អ្នកដែលមិនមានលិខិតបញ្ជាក់បានធ្វើតេស្ដ ដើម្បីរក្សាគុណភាព និងសុវត្ថិភាពស្ដង់ដារ។ 

ក្រោយពីបានបន្ថូរបន្ថយការធ្វើដំណើរមក កោះសាមុយ ទទួលបានភ្ញៀវទេសចរណ៍ក្នុងស្រុកប្រមាណជាង ៣,៥០០ ទៅ ៤,០០០ នាក់ ក្នុងមួយថ្ងៃៗ ពោលនៅមានកម្រិតទាបជាងមុន ៥០% នៅឡើយសម្រាប់ភ្ញៀវទេសចរក្នុងស្រុក ហើយការស្នាក់នៅក៏ត្រឹមតែ ១ ថ្ងៃទៅ ២ ថ្ងៃប៉ុណ្ណោះ មិនដូចភ្ញៀវទេសចរអន្តរជាតិដែលភាគច្រើនស្នាក់នៅចាប់ពី ១ សប្ដាហ៍ឡើងទៅ។ ដូចនេះចំណូលពីវិស័យទេសចរណ៍នៅកោះសាមុយ នៅមានកម្រិតទាបនៅឡើយសម្រាប់ទេសចរក្នុងស្រុក ដែលគេអាចនឹងពឹងផ្អែកមួយភាគធំពីភ្ញៀវទេសចរអន្តរជាតិ។