ផ្ទៃដីស្រូវវស្សាចំនួន ១២,២១១ ហិកតា ត្រូវបានប៉ះពាល់ដោយគ្រោះទឹកជំនន់នៅខេត្តកំពង់ធំ!

លោក ប៉ែន វណ្ឌរិទ្ធប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានឲ្យដឹងថា គិតត្រឹមថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២០ ស្ថានភាពទឹកជំនន់ទឹកភ្លៀងនៅខេត្តកំពង់ធំ ធ្វើឲ្យកម្រិតទឹកស្ទឹងសែនមានកម្ពស់ ១៣.៥៧ ម៉ែត្រ ស្ថិតនៅកម្រិតកម្ពស់ប្រកាសអាសន្ន ហើយធៀបទៅនឹងឆ្នាំមុនមានការកើនឡើង ៣.៦៩ ម៉ែត្រ ក្នុងរយៈពេលដូចគ្នា។ ចំណែកឯកម្រិតកម្ពស់ទឹកភ្លៀង មានកម្ពស់ ១,៤២១.២ មីលីម៉ែត្រ មានខ្ពស់ជាងឆ្នាំមុន ៤៣០ មីលីម៉ែត្រ ធ្វើឲ្យប៉ះពាល់ដល់ផ្ទៃដីដំណាំកសិកម្មស្រូវវស្សាសរុបចំនួន ១២,២១១ ហិកតា ក្នុងនោះមានការខូចខាតសរុបចំនួន ១,៦៧២ ហិកតា។ 

លោកប្រធានមន្ទីរ បានលំអិតបន្ថែមទៀតថា ស្រុកបារាយណ៍ ប៉ះពាល់ផ្ទៃដីចំនួន ៥៦៥ ហិកតា ក្នុងនោះខូចខាតចំនួន ៤៧០ ហិកតា, ស្រុកតាំងគោក ប៉ះពាល់ចំនួន ៣២៤ ហិកតា ក្នុងនោះខូចខាតចំនួន ២២៧ ហិកតា, ស្រុកកំពង់ស្វាយប៉ះពាល់ផ្ទៃដីចំនួន ១,៨១៩ ហិកតា, ក្រុងស្ទឹងសែនប៉ះពាល់ផ្ទៃដីចំនួន ៧៦៤ ហិកតា ក្នុងនោះស្រូវប្រដេញទឹកចំនួន ៧៤៥ ហិកតា, ស្រុកប្រាសាទបល្ល័ង្ក ប៉ះពាល់ផ្ទៃដីចំនួន ២,៨១៩ ហិកតា, ស្រុកប្រាសាទសំបូរ ប៉ះពាល់ផ្ទៃដីចំនួន ៧០៦ ហិកតា, ស្រុកសណ្ដាន់ ប៉ះពាល់ផ្ទៃដីចំនួន ៥៧៨ ហិកតា, ស្រុកស្ទោងប៉ះពាល់ផ្ទៃដីចំនួន ៤,៤៣៣ ហិកតា ក្នុងនោះខូចខាតអស់ ៩៧០ ហិកតា, និងស្រុកសន្ទុក ប៉ះពាល់ផ្ទៃដីចំនួន ២០៦ ហិកតា។ 

នៅក្នុងរដូវវស្សាឆ្នាំ២០២០ នេះ ប្រជាកសិករខេត្តកំពង់ធំ បានធ្វើស្រែវស្សាបានចំនួន ២២៣,៧៨៥ ហិកតា ដែលទាបជាងឆ្នាំមុន ១,១០៥ ហិកតា ប៉ុន្តែខ្ពស់ជាងផែនការ ២១៣,៣០០ ហិកតា ប្រមាណ ៤.៩២% និងបានដាំដំណាំផ្សេងទៀតក្នុងរដូវវស្សាបានចំនួនជាង ៤៩,៥០០ ហិកតា។