រដ្ឋាភិបាល កំពុងសិក្សាបន្ថែមលើគម្រោងសាងសង់ផ្លូវថ្មីមួយខ្សែ ពីខេត្តបាត់ដំបង ទៅកាន់ខេត្តសៀមរាប

ភ្នំពេញ៖ ផ្លូវថ្មីមួយខ្សែទៀត ដែលតភ្ជាប់ពីខេត្តបាត់ដំបង ទៅកាន់ខេត្តសៀមរាប ត្រូវបានសិក្សា និងវាយតម្លៃ ដោយរដ្ឋាភិបាលកម្ពុជា ជាមួយក្រុមហ៊ុនសាងសង់របស់ចិន មុននឹងឈានដល់សេចក្ដីអានុម័តសម្រេចជាផ្លូវការ នាពេលខាងមុខ ស្របតាមសំណើរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កាលពីដើមឆ្នាំ ២០២០ កន្លងទៅនេះ។

ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយក្រុមហ៊ុន China Road and Bridge Corporation បានកំពុងធ្វើការសិក្សា និងរៀបចំសាងសង់ផ្លូវជាតិមួយខ្សែថ្មី ដែលប្រវែងជាង ៧២ គីឡូម៉ែត្រ ដែលតភ្ជាប់ពីបាត់ដំបង ទៅ ខេត្តសៀមរាប។ ស្ថិតក្នុងកិច្ចប្រជុំ ធ្វើឡើងដើម្បីវាយតម្លៃអំពីផលប៉ះពាល់បរិស្ថាន លើគម្រោងសាងសង់ផ្លូវជាតិនេះ កាលពីថ្ងៃទី ២៦ តុលា កន្លងទៅ ក្រោមការចូលរួមពីថ្នាក់ដឹកនាំក្រសួង តំណាងក្រុមហ៊ុនសាងសង់ និងមន្ត្រីអន្តរក្រសួង ពាក់ព័ន្ធផ្សេងទៀត បានបើកការពិភាក្សា ជុំវិផលប៉ះពាល់។

តាមរយៈកិច្ចប្រជុំនោះ ជាលទ្ធផល អង្គប្រជុំបានឯកភាព និងគាំទ្រ ចំពោះគម្រោងសាងសង់ផ្លូវជាតិថ្មីមួយខ្សែនេះ។ យ៉ាងណាក៏ដោយ ក្រុមការងារបច្ចេកទេស នឹងបន្តនីតិវិធីសិក្សាលើផលប៉ះពាល់បរិស្ថាន ដោយសហការជាមួយនឹងក្រសួងបរិស្ថានបន្ថែមទៀត មុននឹងដាក់បញ្ជូននូវរបាយការណ៍ជូនថ្នាក់ដឹកនាំ ដើម្បីសម្រេចអានុម័ត។ ការសាងសង់ផ្លូវថ្មីនេះ នឹងកាត់បន្ថយចំងាយនៃការធ្វើដំណើរប្រមាណ ៦៩ គីឡូម៉ែត្រ ផងដែរ សម្រាប់ការធ្វើដំណើរនៃផ្លូវទាំង ២។

គួរបញ្ជាក់ថា គម្រោងសាងសង់ផ្លូវជាតិថ្មីមួយខ្សែនេះ នឹងសាងសង់ឡើង ដោយឆ្លងកាត់ខេត្តចំនួន ៣ រួមមាន ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប។ ផ្លូវមួយខ្សែ នេះនឹងជួយដោះស្រាយបញ្ហាធ្វើដំណើរ និងចំនេញពេលវេលាច្រើនសម្រាប់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវអន្តរជាតិ ក្នុងការធ្វើដំណើរឆ្លងកាត់ ឬទៅកាន់រមណីយដ្ឋានទេសចរណ៍នានា ពិសេសសម្រួលទៅដល់សេដ្ឋកិច្ចជាតិ ជុំវិញជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនក្នុង ឬក្បែតំបន់។