រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម៖ ច្បាប់ស្ដីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុង នឹងជួយឲ្យកម្ពុជាមានកំណើនសេដ្ឋកិច្ចកាន់តែប្រសើរ!

ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានសម្រាប់កម្ពុជា បានដឹកនាំគណៈប្រតិភូការពារសេចក្ដីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុង (A-HK FTA) នៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ក្នុងសម័យប្រជុំពេញអង្គព្រឹទ្ធសភាលើកទី៦ នីតិកាលទី៤ ដែលដឹកនាំដោយលោកកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា ប្រធានស្ដីទីព្រឹទ្ធសភា។ 

ជាកិច្ចចាប់ផ្ដើម ឯកឧត្តម គង់ សារាជ សមាជិកគណៈកម្មធិការអចិន្ត្រៃយ៍ និងជាប្រធានគណៈកម្មការទី៩ នៃព្រឺទ្ធសភាបានជម្រាបជូនសម័យប្រជុំពេញអង្គថា គណៈកម្មការទី៩ ព្រឹទ្ធសភាព ដោយមានកិច្ចសហការជាមួយអន្តរគណៈកម្មការព្រឹទ្ធសភា បានពិនិត្យពិភាក្សាលើទម្រង់ច្បាប់ ខ្លឹមសារសេចក្ដីព្រាងច្បាប់រួមទាំងការឆ្លើយបំភ្លឺពីតំណាងរាជរដ្ឋាភិបាល ដឹកនាំដោយឯកឧត្តមរដ្ឋមន្ត្រីរួចរាល់ហើយ ដោយសេចក្ដីព្រាងច្បាប់នេះ រៀបចំឡើងស្របតាមទម្រង់និងច្បាប់។ 

ជាកិច្ចបន្ទាប់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជម្រាបបន្ថែមអំពីខ្លឹមសារសំខាន់នៃកិច្ចព្រមព្រៀង ព្រមទាំងអត្ថប្រយោជន៍ដែលកម្ពុជានឹងទទួលបាននៅពេលកិច្ចព្រមព្រៀងនេះចូលជាធរមាន។ ឯកឧត្តម មានទស្សនៈវិស័យបែបសុទិដ្ឋិនិយមថា ច្បាប់ស្ដីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុងនេះ នឹងជួយជំរុញដល់កំណើនសេដ្ឋកិច្ចកម្ពុជា ឲ្យកាន់តែប្រសើរឡើងមួយកម្រិតទៀត។ 

គួរជម្រាបផងដែរថា កិច្ចព្រមព្រៀងនេះគឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអាស៊ាន និងប្រទេសជាដៃគូទី៦ ហើយ បន្ថែមពីលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន, អាស៊ាន-ជប៉ុន, អាស៊ាន-ឥណ្ឌា, អាស៊ាន-កូរ៉េ, និងអាស៊ាន-អូស្ត្រាលី-នូវែលហ្សេឡង់។ 

ក្រោយពីបានពិនិត្យយ៉ាងល្អិតល្អន់រួចរាល់មក សម័យប្រជុំពេញអង្គព្រឹទ្ធសភាលើកទី៦ នីតិកាលទី៤ ក៏បានអនុម័តយល់ព្រមទាំងស្រុង លើសេចក្ដីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុងនេះ។ 

 

ប្រភព៖ ក្រសួងពាណិជ្ជកម្ម