ក្រសួងអប់រំ ប្រកាសបើកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈឡើងវិញ ចាប់ពីដើមខែវិច្ឆិកាដល់ខែធ្នូ ឆ្នាំ២០២០!

យោងតាមសេចក្ដីប្រកាសរបស់ក្រសួងអប់រំ ចេញផ្សាយកាលពីម្សិលមិញនេះ បានឲ្យដឹងថា ចាប់ពីថ្ងៃទី០២ ខែវិច្ឆិកា ដល់ដំណាច់ខែធ្នូ ឆ្នាំ២០២០ គ្រប់គ្រឹះស្ថានសិក្សាសាធារណៈទាំងអស់ នឹងត្រូវបន្ដអនុវត្ត និងបើកដំណើរការឡើងវិញក្នុងដំណាក់កាលទី៣ តាមគោលការប្រតិបត្តិស្ដង់ដា (SOP) ក្នុងបរិបទកូវីដ-១៩។ 

គ្រឹះស្ថានសិក្សាសាធារណៈទាំងអស់ ក៏ទទួលបានការអនុញ្ញាតិឲ្យអនុវត្តកម្មវិធីសិក្សាបន្ថែមទៀតផងដែរ ដូចជា៖ 

១. គ្រឹះស្ថានសិក្សាថ្នាក់មត្តេយ្យសិក្សា និងសេវាកម្មអប់រំកុមារ

គ្រប់គ្រឹះស្ថានមតេយ្យសិក្សា និងកន្លែងផ្ដល់សេវាអប់រំកុមារតូច ត្រូវបើកដំណើរការបង្រៀន និងរៀនពេញលេញគ្រប់កម្រិតថ្នាក់ ចំនួន ៥ ថ្ងៃក្នុងមួយសប្ដាហ៍ ដោយកំណត់ចំនួនមិនលើសពី ២៥ នាក់ក្នុងមួយថ្នាក់។

២. សម្រាប់គ្រឹះស្ថានបឋមសិក្សា

• អនុវត្តការបង្រៀន លើមុខវិជ្ជាសិក្សាគោល ២ គឺភាសាខ្មែរ និងគណិតវិទ្យា ចំណែកមុខវិជ្ជាផ្សេងទៀតត្រូវព្យួរសិន និងត្រូវរៀនបំពេញបន្ថែមនៅដើមឆ្នាំសិក្សាបន្ទាប់។

• អនុវត្តចំនួនម៉ោងសិក្សា ៥ ម៉ោងក្នុងមួយថ្ងៃ ៣ ថ្ងៃក្នុងមួយសប្ដាហ៍ ដោយឆ្លាស់ជា ២ វេន ដែលក្នុងមួយថ្នាក់មិនអាចលើសពី ៣០ នាក់នោះទេ។

៣. សម្រាប់គ្រឺះស្ថានមធ្យមសិក្សា

• ថ្នាក់ទី៩ និងទី១២ ត្រូវបន្ដអនុវត្តដូចក្នុងដំណាក់កាលទី២

• ថ្នាក់ទី៧ ទី៨ ទី១០ និងទី១១ ត្រូវអនុវត្តការបង្រៀន ៣ ថ្ងៃក្នុងមួយសប្ដាហ៍ ដែលក្នុងមួយបន្ទប់មិនលើសទី ៣០ នាក់ អនុវត្តការសិក្សាបែបចម្រុះផ្តោតយ៉ាងតិច ៦ មុខវិជ្ជា ស្របតាមស្ថានភាពជាក់ស្ដែង។ 

៤. ការផ្ដល់សេវាផ្សេងៗ

គ្រឹះស្ថានសាធារណៈ អាចចាប់ផ្ដើមដំណើរការឡើងវិញ នូវសេវារថយន្ដដឹកសិស្ស បណ្ណាល័យ សកម្មភាពអប់រំកាយនិងកីឡា សកម្មភាពសិល្បៈ និងសេវាអាហាដ្ឋាន ដោយអនុវត្តយ៉ាងម៉ឺងម៉ាត់នូវគោលការណ៍ប្រតិបត្តិស្ដង់ដា (SOP)។

៥. ចំពោះគ្រឹះស្ថានសិស្សាដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងត្រូវអនុវត្តដូចខាងក្រោម៖

• ប្រើប្រាស់មូលនិធិដំណើរការសាលារៀន ដើម្បីជួសជុលទ្រង់ទ្រាយតូចរៀបចំថ្នាក់រៀនឡើងវិញ និងទិញសម្ភារៈចាំបាច់សម្រាប់ការសម្អាត លើកកម្ពស់អនាម័យសុខភាពសិក្សា និងសុវត្ថិភាពនៅតាមសាលារៀន។ 

• ផ្តល់បន្ថែមសៀវភៅសិក្សាគោល និងកញ្ចប់សង្គ្រោះបឋម

• កៀរគរធនធានពីដៃគូអភិវឌ្ឍន៍ ដើម្បីគាំទ្របន្ថែមដល់សាលារៀន ក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធដែលខូចខាត។