រោងចក្រចំនួន ៣ ដែលមានតម្លៃជាង ១២ លានដុល្លារ នឹងត្រូវបង្កើតក្នុងតំបន់សេដ្ឋកិច្ចខេត្តស្វាយរៀង និងខេត្តព្រះសីហនុ!

កាលពីថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២០ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនតាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុនចំនួន ៣ ដែលមានបំណងបង្កើតរោងចក្រនៅតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តស្វាយរៀង និងខេត្តព្រះសីហនុ សរុបជាទឹកប្រាក់ ១២.៤៤ លានដុល្លារ និងបង្កើតការងារបាន ៣៨០ កន្លែង។ 

១. ក្រុមហ៊ុន Southeast Asia Paint Chemical Industry Co., Ltd គម្រោងបង្កើតរោងចក្រផលិតថ្នាំលាប កាវទឹក និងសារធាតុរំលាយ មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ហាយផាក ខេត្តស្វាយរៀង មានទុនវិនិយោគចំនួន ៥០ ម៉ឺនដុល្លារ និងអាចបង្កើតការងារបាន ៧០ កន្លែង។ 

២. ក្រុមហ៊ុន Ying Hai Coating (Cambodia) Co., Ltd គម្រោងបង្កើតរោងចក្រផលិតសម្ភារៈបរិក្ខារទោចក្រយាន ទឹកថ្នាំ បោះពុម្ពតែម និងសម្ភារៈវេចខ្ចប់ មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស តាយសេង បាវិត ខេត្តស្វាយរៀង មានទុនវិនិយោគចំនួន ១.៩៤ លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១៣០ កន្លែង។ 

៣. ក្រុមហ៊ុន Flying Feather (Cambodia) Wood Industry Co., Ltd គម្រោងបង្កើតរោងចក្រផលិតស៊ុមទ្វារ គ្រឿងបំណែកគ្រឿងសង្ហារឹម និងសម្ភារៈតុបតែងធ្វើពីឈើ មានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានទុនវិនិយោគចំនួន ១០ លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១៨០ កន្លែង។