ជប៉ុនផ្ដល់ជំនួយឥតសំណង ២០ លានដុល្លារ ដល់កម្ពុជា សំរាប់អភិវឌ្ឍន៍គម្រោងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប

ភ្នំពេញ៖ ជប៉ុន បានសម្រេចផ្ដល់នូវជំនួយហិរញ្ញប្បទានឥតសំណងថ្មីមួយផ្សេងទៀត ដល់រដ្ឋាភិបាលកម្ពុជា ដើម្បីយកទៅប្រើប្រាស់ សម្រាប់ចាត់ចែង និងរៀបចំលើគម្រោង កែលម្អមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ក្នុងគោលបំណងមនុស្សធម៌ និងជួយទៅដល់វិស័យសុខាភិបាល នៅខេត្តសៀមរាប ឱ្យកាន់តែល្អប្រសើរជាងមុន។

រដ្ឋាភិបាលជប៉ុន តាមរយៈអង្គការ JICA ប្រចាំប្រទេសកម្ពុជា បានសម្រេចផ្ដល់នូវថវិការចំនួន ២០ លានដុល្លារសហរដ្ឋអាមេរិក ដល់រដ្ឋាភិបាលកម្ពុជា សម្រាប់គម្រោងកែលម្អ ធ្វើឱ្យប្រសើរឡើងវិញ នូវមន្ទីរពេទ្យបង្អែក ស្ថិតនៅក្នុងខេត្តសៀមរាប។ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ហិរញ្ញប្បទានឥតសំណង ក្នុងចំនួនទឹកប្រាក់ ២,១៥៣ លានយ៉េន ឬ ២០.៥៥ លានដុល្លារអាមេរិក។

គម្រោងកែលម្អមន្ទីរពេទ្យបង្អែកនេះ នឹងត្រូវចាប់ផ្ដើមនៅក្នុងខែកញ្ញាឆ្នាំ ២០២១ រហូតដល់ខែមិថុនា ឆ្នាំ២០២៣ ដោយក្នុងនោះថវិការមួយចំនួនផ្សេងទៀត នឹងយកទៅប្រើប្រាស់សម្រាប់គម្រោងមន្ទីរពេទ្យនៅតាមបណ្ដាស្រុកចំនួន ៤ ផ្សេងទៀត នៅក្នុងខេត្តផងដែរ។ ការផ្ដល់ជំនួយឥតសំណងនេះ គឺដើម្បីជួយកែលម្អគុណភាព សេវាថែទាំសុខភាព និងពង្រីកការគ្របដណ្ដប់លើសេវាថែទាំសុខភាព នៅក្នុងតំបន់ក្រោមកិច្ចសហការរវាងក្រសួងសុខាភិបាល និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ JICA ប្រចាំនៅកម្ពុជា។

គម្រោងនេះនឹងជួយទៅដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខេត្ត នូវការផ្ដល់សេវាកម្មសុខភាព កាន់តែល្អប្រសើរជាងមុន ពិសេសការបំពាក់ឧបករណ៍ និងគ្រឿងបរិក្ខាសំខាន់ៗ។ គួរបញ្ជាក់ផងដែរថា ជប៉ុន បានផ្ដល់ជំនួយយ៉ាងច្រើនរួចទៅហើយនៅក្នុងឆ្នាំ ២០២០ នេះ ហើយការផ្ដល់ជំនួយ ២០ លានដុល្លារនេះ គឺក្នុងគោលបំណងស្ដារឱ្យប្រសើរឡើងវិញ៕

 

ប្រភព៖ JICA