រដ្ឋាភិបាលកម្ពុជា នឹងរៀបចំគម្រោងចំនួន ៤៣ នៅតាមច្រកទ្វារព្រំដែនអន្តរជាតិ ដើម្បីប្រយោជន៍ពាណិជ្ជកម្ម

ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា ដឹកនាំដោយក្រសួងសាធារណការ និងដឹកជញ្ជូន រួមជាមួយនឹងស្ថាប័នពាក់ព័ន្ធ នឹងធ្វើការរៀបចំគម្រោងសំខាន់ៗចំនួន ៤៣ គម្រោង ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ទាំងផ្នែកទន់ និងផ្នែករឹង នៅតាមច្រកទ្វារព្រំដែនអន្តរជាតិ ក្នុងទិសពង្រឹងទំនាក់ទំនងពាណិជ្ជកម្មឱ្យកាន់តែប្រសើរឡើងថែមមួយកម្រិតទៀត។

យោងតាមកិច្ចប្រជុំ ក្រុមប្រឹក្សាជាតិភ័ស្តុភារកម្មលើកទី២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិភ័ស្តុកម្ម និងឯកឧត្ដម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជាមន្ត្រីពាក់ព័ន្ធជាច្រើននាក់ផ្សេងទៀត បានធ្វើការពិនិត្យមើលលើ កិច្ចព្រមព្រៀងក្របខណ្ឌក្នុងការអភិវឌ្ឍមជ្ឈមណ្ឌលភ័ស្ដុភារកម្មភ្នំពេញ និងដំណោះស្រាយបញ្ហាប្រឈមចាំបាច់មួយចំនួន និងវឌ្ឍនភាពនៃការរៀបចំសំណើគម្រោង “ការធ្វើឱ្យប្រសើរឡើងនូវច្រកទ្វារព្រំដែនអន្តរជាតិ បាវិត-ម៉ុកបៃ ប៉ោយប៉ែត-អរញ្ញប្រាថេត ស្ទឹងបត់-បានណងអៀន និងព្រៃវល្លិ៍-ប៊ិញហៀប។

ស្ថិតក្នុងកិច្ចប្រជុំនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានឱ្យដឹងថាកិច្ចព្រមព្រៀងក្របខណ្ឌរវាងក្រសួងសាធារណការ និងដឹកជញ្ជូនជាមួយក្រុមហ៊ុន YCH ក្នុងការអភិវឌ្ឍមជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ ត្រូវបានរៀបចំជាសេចក្ដីព្រាងរួចរាល់ហើយ។ កិច្ចព្រមព្រៀងនោះ នឹងត្រូវកែសម្រួលឡើងវិញបន្ទាប់ពីទទួលបានធាតុចូលបន្ថែមទៀតពីអង្គប្រជុំ ធ្វើយ៉ាងណាឱ្យកិច្ចព្រមព្រៀងនេះមានខ្លឹមសារ និងវិសាលភាពឆ្លើយតបទៅនឹងកម្មវត្ថុនៃកិច្ចព្រមព្រៀង ព្រមទាំងផ្ដល់ប្រយោជន៍ដល់ជាតិមាតុភូមិ។

ឯកឧត្ដម ស៊ុន ចាន់ថុល បានបន្ថែមទៀតថា “ក្រសួងបានសហការជាមួយស្ថាប័នពាក់ព័ន្ធសិក្សា និងរៀបចំគម្រោងចំនួន ៤៣ ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តទាំងផ្នែកទន់ និងផ្នែករឹង នៅតាមច្រកទ្វារអន្តរជាតិដ៏ទៃទៀត ក្នុងទិសដៅកាត់បន្ថយភាពស្មុគស្មាញ និងការកកស្ទះចរាចរណ៍នៅតំបន់នោះ ដែលនាំឱ្យរំខានដល់សង្វាក់ពាណិជ្ជកម្មរបស់ពាណិជ្ជករទៀតផង។ ដោយឡែក ការអភិវឌ្ឍមជ្ឈមណ្ឌលភ័ស្តុភារកម្មនៅរាជធានីភ្នំពេញធ្វើឡើង ស្របតាមផែនការមេភ័ស្តុភារកម្មកម្ពុជា ទាក់ទងនឹងការប្រែក្លាយកម្ពុជាទៅជាមជ្ឈមណ្ឌលភ័ស្តុភារកម្មក្នុងតំបន់ បម្រើឱ្យការដឹកជញ្ជូនឆ្លងកាត់ព្រំដែនរវាងប្រទេសថៃ កម្ពុជា  វៀតណាម ភូមា និងឡាវជាដើម និងរួមចំណែកយ៉ាងសកម្មក្នុងលើសកម្ពស់ការប្រកួតប្រជែងលើវិស័យដឹកជញ្ជូនជាមួយប្រទេសក្នុងតំបន់ បង្កើតការងារ លើកកម្ពស់ជីវភាពគ្រួសារ និងសេដ្ឋកិច្ចជាតិផងដែរ៕

 

 

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន