ផ្លូវដែកវៀតណាម ខាតបង់ជាង ៨៥ លានដុល្លារ ក្នុងឆ្នាំ ២០២០ នេះ ដោយសារតែកូវីដ ១៩ និងជំនន់

ហាណូយ៖ ជំងឺកូវីដ ១៩ និងគ្រោះធម្មជាតិ បានគំរាមកំហែងក្រុមហ៊ុនដឹកជញ្ជូនមួយចំនួននៅវៀតណាម ហើយក្នុងនោះក្រុមហ៊ុនផ្លូវដែករបស់វៀតណាម ហៅកាត់ថា (VNR) បានកំពុងជួយហានិភ័យ នៃការខាតបង់ប្រាក់ចំណូលយ៉ាងច្រើនសន្ធឹកសន្ធាប់នៅក្នុងឆ្នាំនេះ ដោយចោទឡើងពីបញ្ហាធំ ២ គឺជំងឺកូវីដ ១៩ និងបញ្ហាគ្រោះធម្មជាតិ បង្កើតជាជំនន់។

ប្រភពព័ត៌មានក្នុងស្រុករបស់វៀតណាមចុះផ្សាយកាលពីម្សិលមិញនេះបានឱ្យដឹងថា ក្រុមហ៊ុនផ្លូវដែក The Vietnam Railway Corporation កំពុងស្ថិតក្នុងស្ថានភាពមិនល្អ ពោលគឺខាតបង់ប្រាក់ចំណូលយ៉ាងច្រើនសន្ធឹកសន្ធាប់។ តាមរយៈរបាយការណ៍ផ្ទាល់ របស់ក្រុមហ៊ុនបានឱ្យដឹងថា ផលិតផល និងអាជីវកម្ម សម្រាប់ ៩ ខែ នៃឆ្នាំ២០២០ ដែលបានប្រើប្រាស់សេវាកម្មផ្លូវដែកមានទម្ងន់ជាង ៣.៦ លានតោន ដោយក្នុងនោះអ្នកធ្វើដំណើរតាមផ្លូវដែកមានជាង ៣ លាននាក់ ដែលចំនួននោះ មានការធ្លាក់ចុះ ៥៤.៣% បើធៀបនឹងអត្រាពីមួយឆ្នាំទៅមួយឆ្នាំ។

ការធ្លាក់ចុះនៃចំនួនអ្នកធ្វើដំណើរក្នុងរយៈពេល ៩ ខែកន្លងទៅនេះ ស្មើនឹងអត្រាធ្លាក់ចុះដល់ទៅ ៤៣.២% ដែលអាចទាញប្រាក់ចំណូលប្រមាណជា ២.២៧ ទ្រីលានដុងប៉ុណ្ណោះ ខណៈឆ្នាំ ២០១៩ កន្លងទៅ ក្រុមហ៊ុនផ្លូវដែកជាតិរបស់វៀតណាម បានកើបប្រាក់ចំណូលបានជាង ១៨២ ពាន់លានដុង ឬប្រមាណជា ៧,៨៦៤,០០០ ដុល្លារអាមេរិក។ ការធ្លាក់ចុះនេះ ក្រុមហ៊ុនបានឱ្យដឹងទៀតថា មូលហេតុគួបផ្សំផ្សេងទៀត គឺជាការរីកចំរើន និងការប្រកួតប្រជែង នៃសេវាកម្មធ្វើដំណើរដូចជាតាមជើងហោះហើរជាដើម ដែលបានកាត់បន្ថយការធ្វើដំណើរតាមផ្លូវដែកគួរឱ្យកត់សម្គាល់។

លោក Vu Anh Minh ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនផ្លូវដែកវៀតណាម បានបញ្ជាក់ដូច្នេះថា ក្រុមហ៊ុនលោក មិនរំពឹងថា អាចរួចផុតអំពីបញ្ហាកំពុងប្រឈមនេះនៅឆ្នាំ ២០២១ ខាងមុខនោះទេ ប្រសិនបើជំងឺកូវីដ ១៩ នៅមិនទាន់មានលទ្ធផលវិជ្ជមាន ដូច្នេះវាទាមទារពេល ៣ ទៅ ៤ ឆ្នាំបន្ថែមទៀត ទម្រាំស្ថានភាពអាចវិលត្រឡប់ដូចសភាពដើមវិញ។ លោកបានបន្ថែមថា ដើម្បីជួយដល់ផ្លូវដែកវៀតណាម រដ្ឋាភិបាលត្រូវអនុវត្តលើគម្រោងផ្លូវដែក ដែលមានតម្លៃ ៧ ទ្រីលានដុង តាមរយៈការពង្រឹងលទ្ធភាពនៃការធ្វើដំណើរនៅក្នុងទីក្រុងហាណូយ និងទីក្រុងហូជីមិញឱ្យកាន់តែប្រសើរ ដែលនឹងជម្រុញឱ្យប្រជាពលរដ្ឋជ្រើសរើសការធ្វើដំណើរតាមផ្លូវដែកកាន់តែច្រើន នាពេលអនាគត។ 

សម្រាប់ការរំពឹងទុកនាឆ្នាំ ២០២០ នេះ ការខាតបង់នឹងកើនឡើងដល់ជាង ៨៥ លានដុល្លារអាមេរិក ហើយក្រុមហ៊ុនផ្លូវដែករបស់វៀតណាម ក៏បានកំពុងស្វែងរកដៃគូសហការណ៍អាជីវកម្ម ជុំវិញការដឹកជញ្ជូនទំនិញនៅក្នុងប្រទេស នៅក្នុងតម្លៃប្រកួតប្រជែង៕

 

 

ប្រភព៖ Vietnam News