តើមហាសេដ្ឋី មានចរិតលក្ខណៈ និងមានរបៀបចាយលុយបែបណា?

មហាសេដ្ឋី មានចំនួន ២ ប្រភេទ គឺបុគ្គលដែលកើតក្នុងគ្រួសារមានទ្រព្យសម្បត្តិស្ដុកស្ដមស្រាប់ (born into wealth) និងបុគ្គលដែលប្រឹងប្រែងបង្កើតទ្រព្យសម្បត្តិដោយខ្លួនឯង (self-made millionaires) បើតាមការសិក្សាពីក្រុមហ៊ុន Fidelity Investment បង្ហាញថាមហាសេដ្ឋី ៨៨% សុទ្ធសឹងជាអ្នកប្រឹងប្រែងបង្កើតទ្រព្យសម្បត្តិដោយខ្លួនឯង ដែលកើតក្នុងវណ្ណៈសាមញ្ញប៉ុណ្ណោះ។ ប៉ុន្តែមិនខ្វល់ថា មហាសេដ្ឋីស្ថិតនៅក្នុងបុគ្គលប្រភេទមួយណានោះទេ គេតែងតែមានចរិតលក្ខណៈដូច ឬស្រដៀងគ្នា នូវរបៀបក្នុងការចាត់ចែងទ្រព្យសម្បត្តិ និងសមត្ថភាពគ្រប់គ្រាន់ក្នុងការធ្វើជាអ្នកមាន បើពុំដូច្នោះទេ ទ្រព្យសម្បត្តិគង់នៅមិនស្ថិតស្ថេរឡើយ។ 

តើមហាសេដ្ឋីមានចរិតលក្ខណៈដូចគ្នាយ៉ាងណាខ្លះ? 

តាមការសិក្សាបានបង្ហាញ បើទោះជាមហាសេដ្ឋីមានវិធីផ្សេងៗគ្នា ក្នុងការកសាងទ្រព្យសម្បត្តិនិងស្វែងរកចំណូលក៏ដោយ ប៉ុន្តែការសិក្សាររកឃើញថាពួកគេ សុទ្ធសឹងតែមានចរិតលក្ខណៈដូចជា៖ 

១. មានគោលដៅធំ និងរៀបចំដំណើរយ៉ាងច្បាស់លាស់ : បុគ្គលគ្រប់រូបសុទ្ធសឹងតែមានក្ដីស្រមៃ ប៉ុន្តែមហាសេដ្ឋីមានក្ដីស្រមៃធំ ហើយគេស្វែងយល់ ឬព្យាយាមស្វែងរកវិធីដែលជំរុញគេទៅដល់គោលដៅយ៉ាងពិតប្រាកដ បើទោះជាមានឧបសគ្គរារាំងយ៉ាងណាក៏ដោយ។ 

២. មិនភ័យខ្លាចនូវភាពបរាជ័យ : ពាក្យថាបរាជ័យ មនុស្សភាគច្រើនប្រហែលមិនចង់លឺនោះទេ នោះវានាំឲ្យមានការខាតបង់ទាំងប្រាក់កាស កម្លាំងកាយ និងបាក់ទឹកចិត្ត។ ប៉ុន្តែចំពោះគំនិតអ្នកមាន គេមិនខ្លាចឡើយនូវភាពបរាជ័យ ព្រោះគេបានដាក់ចិត្តដាក់កាយក្នុងដំណើរឆ្ពោះទៅក្ដីសុបិន្តរបស់គេទៅហើយ បើទោះមានឧបសគ្គ និងភាពបរាជ័យនៅចំពោះមុខ ក៏មិនអាចបង្អាក់ដំណើរទៅកាន់ក្ដីស្រមៃរបស់គេបានដែរ។ ហើយភាពបរាជ័យទាំងនោះ នឹងក្លាយទៅជាមេរៀនដ៏សំខាន់ក្នុងជីវិត ជាមួយការបង្កើតឱកាសថ្មីដល់ខ្លួនឯង។ 

៣. យល់ច្បាស់នូវតម្លៃនៃពេលវេលា : បុគ្គលដែលមានសមត្ថភាពក្លាយជាសេដ្ឋី ១០០ លើ ១០០ សុទ្ធសឹងតែ យល់ច្បាស់នូវតម្លៃនៃពេលវេលា ដោយពាក្យបុរាណខ្មែរបានពោលថា «ពេលវេលាជាមាសប្រាក់» ដូចនេះគេព្យាយាមបែកចែកកាលវិភាគ គ្រប់គ្រងពេលវេលាយ៉ាងលំអិត ស្ទើរតែគ្មានការចំណាយពេលដោយគ្មានហេតុផលឡើយ។ 

៤. មានអ្នកណែនាំ : លើលោកនេះ យើងមិនអាចចេះដឹងគ្រប់សព្វឡើយ ដូចនេះបុគ្គលអ្នកមាន គេតែទទួលយកការណែនាំដែលមានប្រយោជន៍ ដូចជាមានអ្នកណែនាំ (mentor), ឬតាមរយៈការអានសៀវភៅ, រៀនសូត្រពីមនុស្សនៅជុំវិញខ្លួន, និងចូលរួមវគ្គបង្រៀន -ល-។

តើមហាសេដ្ឋី យកលុយទៅធ្វើអ្វី? 

ការវិនិយោគ ប្រហែលជាពាក្យដែលយើងបានលឺជារឿយៗពីការបង្រៀនផ្នត់គំនិតសេដ្ឋី ព្រោះអ្នកមាន គេមិនងាយយកលុយទៅទុកចោលឡើយ ពោលលុយរបស់គេស្ថិតនៅកន្លែងផ្សេងៗគ្នាជាច្រើនដែលច្រកសម្រាប់បង្កើនចំនួនលុយនោះ ហើយគេក៏មិនព្យាយាមធ្វើការដើម្បីលុយនោះដែរ ប៉ុន្តែប្រើលុយឲ្យមកធ្វើការ។ 

ការសិក្សារបស់ក្រុមហ៊ុន Fidelity Investment បានបង្ហាញថា ចំពោះមហាសេដ្ឋីដែលកើតនៅក្នុងគ្រួសារមានទ្រព្យសម្បត្តិស្ដុកស្តម ភាគច្រើនចំណាយប្រាក់វិនិយោគទៅលើភាពជាសហគ្រិន និងវិនិយោគលើវិស័យអចលនទ្រព្យ។ ចំណែក បុគ្គលបង្កើតចំណូលដោយខ្លួនឯងពីសាមញ្ញទៅមហាសេដ្ឋី ភាគច្រើនចាប់អារម្មណ៍ទៅលើវិនិយោគភាគហ៊ុន Stocks និង Bonds ហៅថា (equity investment) និងវិនិយោគការបើកអាជីវកម្មរួមគ្នា (profit sharing) ជាដើម។

គន្លឹះសំខាន់មួយទៀត មហាសេដ្ឋី ភាគច្រើនគឺការសន្សំលុយទុក មុននឹងចំណាយ។ មិនថាប្រាក់ចំណូលប្រចាំខែ ប្រចាំឆ្នាំរបស់គេខ្ពស់ប៉ុន្មាននោះទេ ប៉ុន្តែការសន្សំបង្កើនទ្រព្យសម្បត្តិ និងសម្រាប់ប្រើប្រាស់ពង្រីកគម្រោងវិនិយោគបន្ថែមទៀតគឺជាផ្នត់គំនិតសំខាន់។