វីឡាដែលមានទេសភាពស្អាតបែបធម្មជាតិ នៅកោះឋានសួគ៌ម៉ាល់ឌីវ នឹងក្លាយជាទីតាំងរីសតនៅលើទឹក ធំជាងគេបំផុត

កោះម៉ាល់ឌីវ អាចចាត់ទុកជាកោះឋានសួគ៌មួយដ៏ស្រស់ស្អាត ដែលមានទេសភាពស្អាតៗបែបធម្មជាតិ ជាពិសេសគឺសម្តៅលើទេសភាពសមុទ្រតែម្តង ជាមួយនឹងខ្សាច់សក្បុស ក៏ដូចជាទឹកសមុទ្រដ៏ថ្លាឈ្វេងជាដើម។ បើតាមប្រភពច្បាស់ការមួយបានឲ្យដឹងថា កោះត្រូពិចមួយនេះ ក៏នឹងក្លាយជាទីតាំងរបស់រីសតបែបវីឡានៅលើទឹក ធំជាងគេបំផុតលើពិភពលោកទៀតផង ដោយវាក៏បញ្ចប់គម្រោងនៃការសាងសង់ ជាមួយនឹង ស្លាយរំអិលទឹក (Water Slides) មួយចំនួនផងដែរ។

 

Soneva Fushi ជារមណីយដ្ឋានប្រណីតបែប Barefoot ដែលមានទីតាំងស្ថិតនៅក្នុងប្រជុំកោះដ៏ស្រស់ស្អាត (Picturesque archipelago)។ 

គម្រោងនេះ ត្រូវបានរចនាឡើងដើម្បីធានានូវភាពឯកជនបំផុត សម្រាប់ភ្ញៀវ និងផ្តល់ជូននូវទេសភាពសមុទ្រដ៏ស្រស់ស្អាត បំផុតនៅលើភពផែនដី។ វីឡាដែលមានបន្ទប់គេងមួយ (One-Bedroom villa) មានទំហំ 6,286 ហ្វីតការ៉េ ហើយពិតជាល្អសាកសមសម្រាប់ គូស្វាមីភរិយា ខណៈដែលវីឡាដែលមានបន្ទប់គេងគ្រែពីរ ផ្តល់ជូនទំហំ 9,224 ហ្វីតការ៉េ សម្រាប់អ្នកដែលត្រូវការកន្លែងទំនេរ និងទូលាយច្រើនជាងនេះ។

 

ផ្នែកសំខាន់ដែលជាបេះដូងនៃវីឡានីមួយៗ គឺជាបន្ទប់គេងដ៏ធំទូលាយ។ វាត្រូវបានបំពាក់ជាមួយនឹងដំបូល ដែលអាចដកចេញបាន អាចឱ្យភ្ញៀវមានលទ្ធភាពក្នុងការមើលផ្កាយជាច្រើននៅលើមេឃ ដោយផ្ទាល់ពីលើគ្រែគេងរបស់ពួកគេតែម្តង។ នៅកន្លែងផ្សេងទៀត មានតំបន់រស់នៅដ៏សំបូរបែប ពោរពេញទៅដោយគ្រឿងសង្ហារិមថ្លៃៗ និងបន្ទប់ទឹកនៅខាងក្រៅ ដែលអាចទទួលបានភាពស្រស់ស្អាត ងូតទឹកលំហែអារម្មណ៍ និងមានភាពឯកជនពេញលេញ។

 

ក្នុងពេលដំណាលគ្នានេះ វាក៏ផ្តល់អាងហែលទឹកដ៏ធំមួយ រាងកោង និងមានសណ្ឋានផ្តេកជាប់នឹងផ្នែកខាងក្រៅរបស់វីឡាផងដែរ រួមជាមួយគ្រែសម្រាប់គេងសម្រាកពេលថ្ងៃ កន្លែងសម្រាប់ទទួលទានអាហារពេលល្ងាចបែប Fresco និងសំណាញ់ catamaran ដែលត្រូវបានរចនាឡើងយ៉ាងពិសេស ដែលអនុញ្ញាតឱ្យភ្ញៀវអង្គុយនៅខាងលើទឹកដោយផ្ទាល់ទៀតផង។ នៅផ្នែកខាងលើវិញ វីឡានេះក៏មានស្លាយទឹកពីរជាន់ ដែលនឹងអាចនាំភ្ញៀវអាចរំអិលខ្លួន ដោយផ្ទាល់ពីបន្ទប់គេង ចូលទៅក្នុងសមុទ្រ (turquoise sea) ផងដែរ។

 

គម្រោងនេះ ត្រូវបានរចនាឡើងប្រកបដោយផាសុកភាព និងផ្តល់ជូនភ្ញៀវមកស្នាក់នៅឲ្យមានអារម្មណ៍ល្អ និងទទួលបានការលំហែដ៏ល្អបំផុត។ វីឡាទាំងនេះ ស្ថិតនៅខ្ពស់ល្មម ពីលើមហាសមុទ្រ ដើម្បីធានាបានថា រលកមិនបក់បោក និងប៉ះពាល់ ឬធ្វើឲ្យខូចខាតនៅផ្នែកខាងក្រោមនោះឡើយ។ រយៈកម្ពស់ និងរចនាបថបែបនេះ ជួយកាត់បន្ថយសម្លេងរំខាន និងរំញ័រ ដើម្បីផ្តល់ឱ្យភ្ញៀវនូវភាពស្ងប់ស្ងាត់ និងងាយស្រួលក្នុងការសម្រួល លំហែអារម្មណ៍។ សម្រាប់ជញ្ជាំងរបស់វា ក៏ត្រូវបានអ៊ីសូឡង់ជាមួយនឹង Recycled Styrofoam ដើម្បីកែសម្រួលសម្លេងពីមជ្ឈដ្ឋានដែលនៅជុំវិញ និងធ្វើអោយផ្នែកខាងក្នុងស្រស់ស្អាតនិងមានភាពត្រជាក់។

 

គម្រោង Soneva Fushi កាន់កាប់កោះទាំងមូល ហើយត្រូវបានគេស្គាល់ថាជាផ្ទះវីឡាដែលមានលក្ខណៈប្លែក (castaway-style) ដែលត្រូវបានរីករាលដាល និងមានការបង្កើតថ្មីៗ នៅពាសពេញព្រៃលើកោះ។ រមណីយដ្ឋាននេះក៏ត្រូវបានជាប់ជារមណីយដ្ឋានដំបូងដែលមាន វីឡានៅលើទឹកច្រើនជាងគេបំផុតផងដែរ។ អ្វីដែលល្អនោះ គឺពលរដ្ឋអាមេរិកត្រូវបានអនុញ្ញាតឱ្យស្នាក់នៅបាន សូម្បីតែក្រោយពីសន្ទុះនៃ Covid-19 បានកំពុងបន្តរាតត្បាតក៏ដោយ។ (កោះម៉ាល់ឌីវថ្មីៗនេះ ក៏បានបើករមណីយដ្ឋានកោះបែបឯកជនឡើងវិញរួចហើយដែរ។)

 

វីឡានៅលើទឹករបស់ Soneva Fushi នឹងបើកទទួលភ្ញៀវទេសចរ ជាផ្លូវការនៅថ្ងៃទី 25 ខែកញ្ញាឆាប់ៗខាងមុខនេះ។ តម្លៃចាប់ផ្តើមសម្រាប់ការសម្រាកលំហែ ទៅលើវីឡាដែលមានបន្ទប់គេងមួយ អ្នកត្រូវចំណាយ $2,626 ក្នុងមួយយប់ ខណៈដែល វីឡាដែលមានបន្ទប់គេងពីរ មានតម្លៃ $5,232 ក្នុងមួយយប់។

 

ខាងក្រោមនេះគឺជារូបភាពបន្ថែមនៃវីឡាលើទឹករបស់ Soneva Fushi