មកស្គាល់ខ្លោងទ្វារទាំង ៥ នៃទីក្រុងអង្គរធំ និងតួនាទីនៃការប្រើប្រាស់ខ្លោងទ្វារនីមួយៗ

អង្គរធំជាវង់ប្រាសាទជាច្រើន ឬជាទីក្រុងអង្គរធំ ដែលត្រូវបានស្ថាបនាឡើងក្នុងរជ្ជកាលគ្រងរាជ្យរបស់ព្រះបាទជ័យវរ្ម័នទី ៧ (គ្រឹសសករាជ ១១៨១-១២១៨) ហើយវាក៏ជារាជធានីធំចុងក្រោយបង្អស់នៅសម័យអង្គរផងដែរ។ កំពែងជុំវិញទីក្រុងអង្គរធំ ត្រូវបានជ្រើសរើសថ្មបាយក្រៀម ដែលសង់ជុំវិញមានប្រវែង ១២ គីឡូម៉ែត្រ និងមានកម្ពស់ ៨ ម៉ែត្រ ហើយមានខ្លោងទ្វារចំនួន ៥ (ខ្លោងទ្វារធំៗមានចំនួន ៤ បែរមុខទៅទិសទាំង ៤) មានកម្ពស់ ២៣ ម៉ែត្រជាសំណង់ចម្លាក់បាយ័នដោយមានមុខព្រះព្រហ្ម និងត្រូវអមសងខាងផ្លូវដោយចម្លាក់អសុរា និងទេវតាទ្រនាគ ដែលបង្ហាញអំពីដំណើរកកើតផែនដីក្នុងសាច់រឿងកូរសមុទ្រទឹកដោះ នៃព្រហ្មសាសនា។ 

ប្រសិនបើមិត្តអ្នកអាន ធ្លាប់បានទៅទស្សនានៅប្រាសាទក្នុងវង់អង្គរធំ លោកអ្នកភាគច្រើនប្រហែលជាបានចូលតាមច្រកខ្លោងទ្វារទន្លេរអុំ (ខាងត្បូង) ច្រើនជាងគេ ព្រោះវាគឺជាច្រកដែលគេអាចធ្វើដំណើរចេញពីប្រាសាទអង្គរវត្តទៅ។ ប៉ុន្តែគូសបញ្ចាក់ថា នៅសម័យអង្គរខ្លោងទ្វារទាំង ៥ នៃទីក្រុងអង្គរធំនោះ ត្រូវបានបែងចែក និងប្រើប្រាស់ទៅតាមកាលៈទេសៈខុសគ្នាទាំងអស់ អញ្ចឹងយើងនឹងមកដឹងពីតួនាទីនៃខ្លោងទ្វារនីមួយៗក្នុងអត្ថបទនេះ។

១. ខ្លោងទ្វារជ័យ

ខ្លោងទ្វារជ័យ បែរទៅទិសខាងកើត ស្ថិតនៅចំផ្លូវខាងមុខព្រះពន្លាកិត្តិយសនៃព្រះលានជល់ដំរី។ ខ្លោងទ្វារនេះត្រូវបានប្រើប្រាស់សម្រាប់ចេញចូលដោយព្រះមហាក្សត្រ និងកងទ័ពបន្ទាប់ពីបានទទួលនូវជោគជ័យលើខ្មាំងសត្រូវ។ ដូចនេះ ទើបគេហៅថាខ្លោងទ្វារជ័យ។ 

២. ខ្លោងទ្វារខ្មោច

ខ្លោងទ្វារខ្មោច ស្ថិតនៅទិសខាងកើតដូចទ្វារជ័យដែរ ប៉ុន្តែគឺជាខ្លោងទ្វារតូច និងមានផ្លូវទៅចំពីមុខប្រាសាទបាយ័ន។ គេប្រើប្រាស់ខ្លោងទ្វារខ្មោច សម្រាប់ដង្ហែសពចេញពីទីក្រុងអង្គរធំនោះទៅក្រៅ ដើម្បីយកទៅបូជា ឬយកទៅចោលក្នុងទឹកស្ទឹងនៅបរិវេណខាងក្រៅក្រុងអង្គរធំ ទើបគេហៅថាខ្លោងទ្វារខ្មោច។ ម្យ៉ាងទៀត (ផ្ទុយពីខ្លោងទ្វារជ័យ) គេប្រើប្រាស់ខ្លោងទ្វារខ្មោចបន្ទាប់ពីទទួលបរាជ័យក្នុងសង្គ្រាមដែរ។  

៣. ខ្លោងទ្វារទន្លេអុំ

ខ្លោងទ្វារទន្លេអុំ ដូចបានលើកឡើងខាងដើមអញ្ចឹង វាជាខ្លោងទ្វារល្បីល្បាញជាងគេ គេអាចធ្វើដំណើរពីប្រាសាទអង្គរវត្ត ដោយស្ថិតនៅបែកខាងត្បូង។ ខ្លោងទ្វារនេះ ត្រូវបានប្រើប្រាស់សម្រាប់មនុស្សគ្រប់ស្រទាប់វណៈទាំងអស់ ទាំងវណ្ណៈក្សត្រ វណ្ណៈនាម៉ឺនមុខមន្ត្រី និងវណ្ណៈរាស្ត្រ -ល- ដោយគេអាចចេញចូលតាំងពីព្រឹកព្រលឹម រហូតដល់ព្រលប់ ក្នុងគោលបំណងកិច្ចការរដ្ឋបាល សាសនា និងរកស៊ីជួញដូរផ្សេងៗ។ លើសពីនេះទៀត នៅគូរទឹកខាងមុខខ្លោងទ្វារទន្លេអុំនោះ ក៏ត្រូវបានគេប្រារព្ធពិធីបុណ្យអុំទូក ដើម្បីរំលឹកចម្បាំងជើងទឹកកាលពីរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី ២ និងព្រះបាទជ័យវរ្ម័នទី ៧ ដែលបានយកឈ្នះកងទ័ពចាមផងដែរ។

៤. ខ្លោងទ្វារតាកៅ

ខ្លោងទ្វារតាកៅ ស្ថិតនៅទិសខាងលិច។ យោងតាមឯកសាររបស់ បេសកជនចិន លោក ជីវ តាក្វាន់ ខ្លោងទ្វារតាកៅ គឺជាច្រកដែលគេត្រូវយកអ្នកទោស ឬជនដែលប្រព្រឹត្តបទល្មើសមិនអាចលើកលែងបាន យកទៅប្រហារជីវិតនៅខាងក្រៅបរិវេណអង្គរធំ ហើយសាកសពត្រូវជីករណ្ដៅកប់ និងយកដីឬថ្មគ្របពីលើ។ 

៥. ខ្លោងទ្វារដីឆ្នាំង

ខ្លោងទ្វារដីឆ្នាំង ស្ថិតនៅទិសខាងជើង ដែលជាច្រកសម្រាប់ឆ្ពោះទៅប្រាសាទព្រះខ័ន ប្រាសាទនាគព័ន្ធ -ល-។ ចំណែក្នុងសម័យអង្គរ ច្រកនេះត្រូវបានប្រើប្រាស់សម្រាប់បុព្វជិត មកពីទីជិតឆ្ងាយដង្ហែរក្បួនព្យុហយាត្រាចូលមករាជធានី ដើម្បីគាល់ព្រះមហាក្សត្រ ដើម្បីសុំព្រះរាជទានទោស និងត្រូវយកទៅអប់រំសារជាថ្មីឡើងវិញ នូវទោសកំហុសដែលគេអាចកែប្រែបាន។ 

ជាសរុបមកវិញ ទាំងអស់នេះ គឺជាអត្ថន័យនិងតួនាទីប្រើប្រាស់នូវច្រកខ្លោងទ្វារទាំង ៥ នៅក្នុងរាជធានីអង្គរធំ ថ្វីត្បិតតែខ្លោងទ្វារទាំងនោះមានរចនាបថដូចគ្នាមែន ប៉ុន្តែតួនាទីប្រើប្រាស់គឺខុសៗគ្នាទាំងអស់។ ខាងក្រោមនេះគឺជារូបភាព បង្ហាញពីរចនាបថ នៃខ្លោងទ្វារនៃទីក្រុងអង្គរធំ។