ចក្រភពអង់គ្លេស នឹងបន្តពង្រីកកិច្ចសហប្រតិបត្តិការគ្រប់វិស័យអាទិភាពរបស់កម្ពុជា ដើម្បីប្រយោជន៍សេដ្ឋកិច្ចសង្គម

ភ្នំពេញ៖ ចក្រភពអង់គ្លេស ដែលបច្ចុប្បន្នកំពុងតែបន្តកិច្ចសហប្រតិបត្តិការល្អជាមួយនឹងកម្ពុជា នឹងបន្តជម្រុញឱ្យកិច្ចសហប្រតិបត្តិការ រវាងរដ្ឋទាំងពីរឱ្យកាន់តែប្រសើរបន្ថែមទៀត បើទោះបីជាស្ថិតក្រោមសម្ពាធនៃជំងឺឆ្លងកូវីដ ១៩ ក៏ដោយ។

ចក្រភពអង់គ្លេស នឹងបន្តខិតខំពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យអាទិភាព របស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសបន្តជម្រុញការអភិវឌ្ឍវិស័យឯកជន និងសកម្មភាពពាណិជ្ជកម្មនានាឱ្យកាន់តែរីកចំរើនបន្ថែមទៀត នេះបើយោងតាមការលើកឡើងរបស់លោកជំទាវ Tina Redshaw ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ចក្រភពអង់គ្លេស ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងជំនួបសម្ដែងការគួរសមជាមួយឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ម្សិលមិញ។

ស្ថិតក្នុងជំនួប នៅទីស្ដីការរបស់ក្រសួង ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាលចក្រភពអង់គ្លេស ដែលតែងតែជួយឧបត្ថម គាំទ្រ និងចូលរួមចំណែកជាមួយនឹងបណ្ដាដៃគូអភិវឌ្ឍន៍នានា ក្នុងការផ្ដល់ជាជំនួយបច្ចេកទេស និងហិរញ្ញប្បទានឥតសំណងជាបន្តបន្ទាប់ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមនៅកម្ពុជា ពិសេសការអភិវឌ្ឍវិស័យអប់រំ តាមរយៈការផ្ដល់ជាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា ថ្នាក់ក្រោយឧត្ដមសិក្សា និងវគ្គបណ្ដុះបណ្ដាលដល់មន្ត្រីរាជការ និងនិស្សិតកម្ពុជា ទៅសិក្សា ស្វែងយល់នៅចក្រភពអង់គ្លេសជាដើម ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក។ 

ជាការឆ្លើយតបលោកជំទាវ Tina Redshaw បានកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្រេចបាននូវសមិទ្ធផលផ្លែផ្កាជាច្រើន ពិសេសការចាត់វិធានការល្អក្នុងការបង្ការ និងទប់ស្កាត់ការឆ្លង និងរីករាលដាលនៃជំងឺកូវីដ ១៩។ ទន្ទឹមគ្នា នៃកិច្ចពិភាក្សានោះដែរថ្នាក់ដឹកនាំតំណាងឱ្យកម្ពុជា និងចក្រភពអង់គ្លេស បានឯកភាពនឹងជម្រុញកិច្ចសហប្រតិបត្តិការទ្វេភាគី និងធ្វើការពិភាក្សា ផ្លាស់ប្ដូរ ទស្សនៈលើឥទ្ធិពលនៃការកែប្រែអាកាសធាតុ លទ្ធផលនៃកិច្ចប្រជុំអាស៊ានលើកទី៣៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា កាលពីសប្ដាហ៍កន្លងទៅ ដោយធ្វើការប្ដេជ្ញា បន្តជម្រុញលើកកម្ពស់កិច្ចសហប្រតិបត្តិការសកម្មភាពពាណិជ្ជកម្ម និងជំរុញការទាក់ទាញវិនិយោគិនទៅវិញទៅមកឱ្យបានច្រើនបន្ថែមទៀត ដើម្បីជាប្រយោជន៍ដល់សេដ្ឋកិច្ចសង្គម នៃជាតិទាំង២៕