វ៉ាក់សាំងកូវីដ ១៩ ផ្លូវការ រំពឹងថានឹងបញ្ចេញឱ្យប្រើប្រាស់ជាលើកដំបូងនៅអាមេរិក ក្នុងខែធ្នូខាងមុខ

វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក ដែលជាប្រទេសឈនៅលើតារាងកំពូល មានប្រជាពលរដ្ឋឆ្លងជំងឺកូវីដ ១៩ ច្រើនជាងគេបំផុត ក្នុងពិភពលោក អាចនឹងទទួលបានវ៉ាក់សាំងចាក់ការពារ វីរុសកូវីដ ១៩ ក្នុងទ្រង់ទ្រាយធំ នាដើមខែធ្នូ ចុងឆ្នាំ ២០២០ ខាងមុខនេះហើយ។

ប្រភពព័ត៌មានអន្តរជាតិ ចុះផ្សាយកាលពីម្សិលមិញនេះបានឱ្យដឹងថា អាមេរិក រំពឹងថា នឹងនាំយកវ៉ាក់សាំងជាងលើកដំបូងរបស់ខ្លួន មកចាក់ការពារជូនទៅដល់ប្រជាពលរដ្ឋ នៅទូទាំងប្រទេស នាដើមខែធ្នូ ឆ្នាំ២០២០ នេះហើយ។ យោងតាមការលើកឡើងរបស់លោក Moncef Slaoui ជាប្រធានផ្នែកចំណីអាហារ និងឱសថ របស់សហរដ្ឋអាមេរិក បានប្រាប់ព័ត៌មាន CNN កាលពីថ្ងៃអាទិត្យកន្លងទៅនេះថា “គម្រោងរបស់យើង គឺបញ្ចេញវ៉ាក់សាំងការពារ និងប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ ក្នុងរយៈពេល ២៤ ម៉ោង បន្ទាប់ពីទទួលបានការឯកភាពរួចរាល់ ដោយអាចនឹងធ្វើឡើងនៅក្នុងថ្ងៃទី១១ ឬ១២ ខែធ្នូ”។

ប្រភពដដែលបានបញ្ជាក់ឱ្យដឹងទៀតថា ក្រុមអ្នកជំនាញ ពាក់ព័ន្ធនឹងការបញ្ចេញវ៉ាក់សាំងទ្រង់ទ្រាយធំនៅសហរដ្ឋអាមេរិកនេះ នឹងជួបប្រជុំគ្នានៅថ្ងៃទី១០ ខែធ្នូ ខាងមុខនេះ ដើម្បីពិភាក្សា និងសម្រេចជុំវិញការកំណត់យកវ៉ាក់សាំងឈ្មោះ Pfizer និង Moderna ដែលជាលទ្ធផលនៃការធ្វើតេស្ដ មានប្រសិទ្ធភាពរហូតដល់ទៅ ៩៥% យកមកប្រើប្រាស់។ តាមការវាយតម្លៃរបស់លោក Moncef Slaoui គឺបើសិនវ៉ាក់សាំងត្រូវបានអនុម័ត បើកឱ្យប្រើប្រាស់ ពលរដ្ឋនៅអាមេរិកយ៉ាងហោចណាស់ ២០ លាននាក់ នឹងទទួលបានវ៉ាក់សាំងការពារនៅក្នុងខែធ្នូ ហើយឈានដល់ ៣០ លាននាក់ក្នុងមួយខែ គិតចាប់ពីដើមខែមករា ដើមឆ្នាំ ២០២១ តទៅ។

ការវាយតម្លៃរបស់អ្នកជំនាញ បានកំណត់ថាឈានដល់ខែឧសភា ឆ្នាំក្រោយ ៧០% នៃប្រជាពលរដ្ឋអាមេរិក នៅទូទាំងប្រទេស នឹងទទួលបានការចាក់វ៉ាក់សាំងការពារនេះ ដែលពេលនោះអត្រានៃការឆ្លងជំងឺកូវីដ ១៩ នឹងធ្លាក់ចុះខ្លាំង ហើយពលរដ្ឋអាចចាប់ផ្ដើមវិលត្រឡប់ទៅរកការរស់នៅដូចកាលពីឆ្នាំ ២០១៩ ផងដែរ។ ជុំវិញការបញ្ចេកវ៉ាក់សាំងជាលើកដំបូងនេះ រដ្ឋាភិបាលអាមេរិក នៅមិនទាន់ប្រកាសឱ្យដឹងអំពីអាទិភាព នៃពលរដ្ឋ ដែលនឹងទទួលបានវ៉ាក់សាំងមុនគេនោះទេ ព្រោះការចេញជាលើកដំបូង នឹងមិនទៅដល់ពលរដ្ឋគ្រប់រូបឡើយ តែពលរដ្ឋដែលធ្វើការក្នុងវិស័យសុខាភិបាល ជាពិសេសអ្នកធ្វើការ ដែលមានទំនាក់ទំនងនឹងអ្នកជំងឺកូវីដ ១៩ ត្រូវមានអាទិភាពជាងគេបំផុត រួមបញ្ចូលទាំងក្រុមគ្រួសារ នៅក្នុងបន្ទុកផងដែរ។

វ៉ាក់សាំង Pfizer និង Moderna ត្រូវបានធ្វើតេស្ដ និងទទួលបានលទ្ធផលវិជ្ជមានជាច្រើននៅលើមនុស្សពេញវ័យ និងវ័យចំណាស់ តែមិនទាន់ធ្វើតេស្ដនៅលើកុមារនៅឡើយទេ តែការធ្វើតេស្ដនឹងធ្វើឡើងឆាប់ៗខាងមុខនេះ។ ម្យ៉ាងអង្គការអន្តរជាតិជាច្រើន បានកំពុងរៀបចំផែនការ ក្នុងការនាំយកវ៉ាក់សាំង ដែលទទួលស្គាល់ថា មានប្រសិទ្ធភាពនេះ ទៅចែកចាយដល់បណ្ដាប្រទេសជាច្រើននៅទូទាំងសកលលោកផងដែរ។ យ៉ាងណាក៏ដោយ ពិភពលោកនឹងរង់ចាំមើលថា តើខែធ្នូ អាមេរិក នឹងសម្រេចបែបណា!