ក្រសួងបរិស្ថាន៖ ថង់ប្លាស្ទិកជិត ២០០ តោន ត្រូវបានទប់ស្កាត់មិនឱ្យហូរចូលបឹងទន្លេសាបឡើយ

សៀមរាប៖ បញ្ហាថង់ប្លាស្ទិក គឺជាបញ្ហាប្រឈមធំមួយរបស់បរិស្ថានផែនដី ហើយករជាវិបត្តិធំមួយនៅកម្ពុជា ដែលត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត ដើម្បីធានាបានទៅដល់សុខភាព របស់ប្រជាពលរដ្ឋ ក៏ដូចជាជីវិតសត្វ និងរុក្ខជាតិជាដើម។ ជាក់ស្ដែងថង់ប្លាស្ទិកប្រមាណ ២០០ តោន ត្រូវបានទប់ស្កាត់ មិនឱ្យហូរចូលទៅក្នុងបឹងទន្លេសាប ដែលជាជម្រុកត្រីដ៏ធំរបស់កម្ពុជាឡើយ។

តាមរយៈលោក នេត្រ ភត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរបស់ក្រសួងបរិស្ថាន ស្ថិតក្នុងឱកាសចូលរួមក្នុងទិវាអនាម័យបរិស្ថានជាតិ និងពិធីបុណ្យទន្លេសាបរដូវទឹកស្រក នាឆ្នាំ២០២០ ដែលធ្វើឡើងកាលពីថ្ងៃទី២២ កន្លងទៅនេះ បានឱ្យដឹងថា ថង់ប្លាស្ទិកជាសំរាមប្រមាណជា ២០០ តោន ត្រូវបានទប់ស្កាត់ ក្នុងមួយឆ្នាំៗ ដើម្បីកុំឱ្យមានការហូរចូលទៅក្នុងបឹងទន្លេសាប។ ការខិតខំប្រឹងប្រែងទប់ស្កាត់នេះ អាចជួយបានមួយផ្នែក តែបឹងទន្លេសាប ក៏ត្រូវបានបំពុលដោយថង់ប្លាស្ទិកជាច្រើនផ្សេងទៀត ហើយក៏ប៉ះពាល់ទៅជីវិតសត្វ រុក្ខជាតិ និងទៅដល់សហគមន៍ក្នុងតំបន់រងគ្រោះទៀតផង។

ជាមួយគ្នានោះដែឬ អ្នកនាំពាក្យរបស់ក្រសួងបរិស្ថានបានឱ្យដឹងថា ស្ថានភាពគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន របស់ខេត្តសៀមរាប សម្រាប់ឆ្នាំ២០២០ គឺបរិមាណបង្កើតសំណល់ប្រមាណ ៥០៦ តោន ក្នុងថ្ងៃ ហើយបរិមាណកែច្នៃឡើងវិញមានប្រមាណ ១០៣តោន ក្នុងថ្ងៃ (អាជីវករប្រមូលទិញអេតចាយ មានចំនួន ៤៩ទីតាំង) បរិមាណសំណល់ប្រមូលយកទៅដាក់ទីលានចាក់សំរាមប្រមាណ ២៤១ តោន ក្នុងថ្ងៃ ហើយបរិមាណសំណល់ដែលបោះចោលដោយខុសច្បាប់ប្រមាណ ១៦២ តោន ក្នុងថ្ងៃ ដែលបានដុតចោល បោះចោលតាមដងផ្លូវ និងប្រឡាយសាធារណៈ។

ក្នុងឱកាសនោះ អ្នកនាំពាក្យរបស់ក្រសួងបរិស្ថាន បានចែករំលែកនូវចំណេះដឹងមួយចំនួន ជុំវិញហានិភ័យ និងផលប៉ះពាល់នៃកាកសំណល់ប្លាស្ទិក ទៅដល់មន្ត្រី ពលរដ្ឋ ដែលបានចូលរួមថា សំណល់ថង់ប្លាស្ទិកបានផ្តល់ផលប៉ះពាល់ដល់សង្គម សុខភាព និងគុណភាពបរិស្ថាន ព្រោះថង់ប្លាស្ទិកនេះ នឹងធ្វើឱ្យស្ទះប្រព័ន្ធបង្ហូរទឹកលូ ដែលបង្កឱ្យមានទឹកជំនន់នៅរដូវភ្លៀងធ្លាក់ ធ្វើឱ្យបាត់បង់សោភ័ណភាពទីក្រុងនិងទីប្រជុំជន នៅពេលគេបោះចោលថង់ប្លាស្ទិកនៅក្នុងបរិស្ថាន។ វាបង្កឱ្យមានគ្រោះថ្នាក់ដល់ប្រព័ន្ធអេកូឡូស៊ីជាពិសេសជីវៈចម្រុះ នៅក្នុងទឹកជាពិសេសមច្ឆជាតិ អាចទទួលរងពីការធ្វើឱ្យស្លាក់ដោយសារតែពួកគេគិតថាជាចំណី ហើយបានស៊ីថង់ប្លាស្ទិកទាំងនោះ ជាជម្រកភ្នាក់ងារចម្លងជំងឺមួយចំនួនធំ និងមួយផ្នែកទៀតផ្ទុកដោយសារធាតុគីមី ពុលអាចជ្រាបចូលទៅក្នុងដី និងធ្វើឱ្យប៉ះពាល់ដល់គុណភាពដី ទឹក និងទឹកក្រោមដី ធ្វើឱ្យមានការបំពុលទឹក និងដី នៅពេលដែលថង់ប្លាស្ទិកត្រូវបានប្រើប្រាស់សម្រាប់ច្រក ឬខ្ចប់ម្ហូបអាហារជាពិសេសអាហារក្តៅៗ អាចបង្កផលប៉ះពាល់ដល់សុខភាពមនុស្សដោយសារ តែសារធាតុគីមីដែលមានផ្ទុកក្នុងថង់ប្លាស្ទិក។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោក នេត្រ ភក្ត្រា បានជំរុញ និងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ កុំដុតសំណល់សំរាម និងកុំបោះចោលសំណល់ផ្តេសផ្តាស ជាពិសេសសំណល់ប្លាស្ទិកចូលទៅក្នុងបឹងទន្លេសាប ដើម្បីធ្វើឱ្យប្រព័ន្ធអេកូឡូស៊ីបឹងទន្លេសាប ល្អប្រសើរ ជីវៈចម្រុះគ្រប់ប្រភេទនៅបឹងទន្លេសាប ត្រូវបានការពារ មិនបំពុលដោយមីក្រូប្លាស្ទិក ដែលកើតពីការរលាយសារធាតុប្លាស្ទិក ក្នុងទឹកហើយការពារបាននូវទេសភាពដ៏ល្អនៃបឹងទន្លេសាប។ នេះគ្រាន់តែផ្នែកមួយជុំវិញការទប់ស្កាត់សំរាមប្លាស្ទិកនៅក្នុងខេត្តសៀមរាប់ប៉ុណ្ណោះ ដោយឡែកនៅតាមបណ្ដាខេត្តជាច្រើនផ្សេងទៀត ត្រូវតែរួបរួមគ្នាថែរក្សាបរិស្ថាន ដោយចាប់ផ្ដើមពីពលរដ្ឋម្នាក់ៗ៕

 

ប្រភព៖ ក្រសួងបរិស្ថាន