ទីក្រុង Venice របស់អ៊ីតាលី នឹងធ្វើការពន្យារពេលពន្ធទេសចររបស់ខ្លួនរហូតដល់ឆ្នាំ ២០២២ ដោយសារបញ្ហាវីរុសកូរ៉ូណា នៅតែបន្តមាន!

បើយោងតាមការលើកឡើងរបស់ទីក្រុង Venice របស់អ៊ីតាលី កាលពីថ្ងៃសុក្រកន្លងទៅថា នឹងពន្យារពេលម្តងទៀតនូវការណែនាំនៃពន្ធទេសចរ ខណៈពេលដែលខ្លួនកំពុងស្វែងរកការងើបឡើងវិញ និងស្តារប្រព័ន្ធសេដ្ឋកិច្ច ដែលរងគ្រោះដោយសារការរាតត្បាតនៃវីរុសកូរ៉ូណា និងបានកាត់បន្ថយចំនួនភ្ញៀវចូលមកកម្សាន្តយ៉ាងច្រើន។

 

ទីក្រុងប្រវត្តិសាស្ត្ររបស់អ៊ីតាលីមួយនេះ បាននិយាយថា ការយកពន្ធដែលត្រូវបានកំណត់សម្រាប់ភ្ញៀវដែលដើរកម្សាន្តនៅពេលថ្ងៃ (Day-trippers) មិនរាប់បញ្ចូលពន្ធដែលមានស្រាប់សម្រាប់ភ្ញៀវទេសចរ ដែលស្នាក់នៅមួយយប់នោះឡើយ ដោយពន្ធនេះ នឹងមិនត្រូវដាក់អនុវត្តនៅឡើយទេ រហូតដល់ថ្ងៃទី 1 មករា ឆ្នាំ 2020។

 

នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Michele Zuin សមាជិកក្រុមប្រឹក្សារបស់ទីក្រុងបាននិយាយថា “ដោយមើលឃើញពីស្ថានភាពបច្ចុប្បន្ន ដែលទាក់ទងនឹងការរីករាលដាល នៃវីរុស Covid-19 យើងបានសម្រេចចិត្ត ក្នុងការពន្យារពេលនៃគម្រោងដ៏ធំមួយរបស់យើង ដើម្បីជួយលើកទឹកចិត្ត និងធ្វើការទាក់ទាញ ដល់ការវិលត្រឡប់មកវិញ របស់ភ្ញៀវទេសចរចូលមកក្នុងទីក្រុង Venice។”

 

ទីក្រុង Venice និងបរិវេណ Canals ដ៏ល្បីល្បាញរបស់ខ្លួន ជាធម្មតាតែងតែមានកកកុញទៅដោយភ្ញៀវទេសចរជាច្រើន ដែលពន្ធថ្មីនេះ មានគោលបំណងប្រមូលកញ្ចប់ថវិកា មកចំណាយលើការថែរក្សាទីក្រុងឲ្យបានស្អាត មានរបៀបរៀបរយ និងប្រកបដោយសុវត្ថិភាព។

 

មិនដូចការយកពន្ធដែលមានស្រាប់ សម្រាប់ការស្នាក់នៅសណ្ឋាគារ ឬជួលកន្លែងស្នាក់នៅទេ វានឹងគ្រោងអនុវត្តចំពោះអ្នកដើរលេងពេលថ្ងៃ ឬត្រឹមត្រឡប់ទៅវិញនៅពេលល្ងាច រួមទាំងអ្នកដែលមកដល់ដោយនាវាកម្សាន្ត (cruise ships) ផងដែរ។

 

តែយ៉ាងណា ទីក្រុង Venice បានក្លាយទៅជាកន្លែងដ៏ស្ងាត់ នៅពេលដែលវីរុសកូរ៉ូណាបានចូលមកដល់ទីក្រុងនេះ កាលពីដើមឆ្នាំនេះ ហើយច្បាប់នៃការរឹតបន្តឹងជាច្រើន ដែលកំពុងតែកើតមាននៅជុំវិញពិភពលោក បានបន្តប៉ះពាល់ដល់ចំនួនភ្ញៀវទេសចរអន្តរជាតិ។