រាជរដ្ឋាភិបាលកម្ពុជា ផ្ដល់ម៉ាស ២ លាន និងសម្ភារៈវេជ្ជសាស្ត្រ ដល់រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ បានសម្រេចផ្ដល់នូវម៉ាសចំនួន ២ លាន ក៏ដូចជាសម្ភារៈ ជាគ្រឿង និងឧបករណ៍វេជ្ជសាស្ត្រមួយចំនួនទៀត ទៅដល់រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា ដែលកំពុងតែរងគ្រោះដោយសារតែឥទ្ធិពលនៃជំងឺកូវីដ ១៩។

យោងតាមលិខិតផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនលោកស្រី អោង សានស៊ូជី ដែលមានខ្លឹមសារដូចខាងក្រោម៖ 

“ក្នុងស្មារតីមិត្តភាព និងសាមគ្គីភាពដ៏យូរអង្វែង ក៏ដូចជាការរួមដៃគ្នាជាមួយ លោកជំទាវ [អោង សានស៊ូជី] ក្នុងកិច្ចខិតខំប្រឹងប្រែងបង្ការការរីករាលដាលជំងឺកូវីដ១៩ តាងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមធ្វើការបរិច្ចាគនូវម៉ាសចំនួន ២,០០០,០០០ (ពីរលាន) និងសម្ភារវេជ្ជសាស្ត្រមួយចំនួនទៀត ដូចមានក្នុងបញ្ជីរាយនាម ជូនដល់រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា។ ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរួមនេះ ខ្ញុំមានជំនឿយ៉ាងមុតមាំថា យើងនឹងទទួលបាននូវជោគជ័យ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ហើយយើងនឹងងើបឡើងវិញយ៉ាងរឹងមាំជាមួយគ្នា”។

តាមរយៈការផ្ដល់នូវម៉ាស និងសម្ភារៈវិជ្ជសាស្ត្រនោះ សម្តេចតេជោ បានចាត់តាំងឱ្យឯកឧត្ដម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នាំយកអំណោយម៉ាស និងសម្ភារវេជ្ជសាស្ត្រទាំងនេះ ទៅប្រគល់ជូនរដ្ឋាភិបាលមីយ៉ាន់ម៉ា តាមរយៈយន្តហោះពិសេស នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខនេះ។ ទន្ទឹមគ្នានោះដែរ ប្រមុខដឹកនាំកម្ពុជា បានចូលរួមអបអរសាទរដ៏ស្មោះស្ម័គ្រចំពោះលោកស្រី អោង សានស៊ូជី ចំពោះជ័យជម្នះយ៉ាងភ្លូកទឹកភ្លូកដីរបស់គណបក្សសម្ព័ន្ធជាតិ ដើម្បីលទ្ធិប្រជាធិបតេយ្យ ក្នុងការបោះឆ្នោងសកលនៅមីយ៉ាន់ម៉ា នាពេលថ្មីៗនេះ។

នេះគឺជាលើកទី២ ហើយ រាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់នូវជំនួយជាម៉ាស និងបរិក្ខាពេទ្យ ក៏ដូចជាឧបករណ៍ជំនួយផ្សេងៗទៅដល់ប្រទេសជាមិត្ត ដោយកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅ បានផ្ដល់ជាអំណោយម៉ាសចំនួន ២ លាន ១សែន និងបរិក្ខារពេទ្យ សរុបចំនួន ១២ មុខ បានផ្ដល់ជូនរដ្ឋាភិបាល និងប្រជាជនឡាវ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩។ គិតមកត្រឹមថ្ងៃទី២៤ ខែវិច្ឆិកានេះ ករណីឆ្លងជំងឺកូវីដ ១៩ នៅប្រទេសមីយ៉ាន់ម៉ាមានចំនួនរហូតដល់ទៅ ៨១,៧៦៤ នាក់ ដោយក្នុងនោះចំនួនអ្នកជាសះស្បើយមាន ៥៩,៨៨៨ នាក់ និងស្លាប់កើនឡើងដល់ ១៧៩១ នាក់ហើយ៕

 

ប្រភព៖ គេហទំព័រហ្វេសប៊ុកសម្ដេចតេជោហ៊ុនសែន