អ្នកវិទ្យាសាស្ត្រ៖ បឹងបុរាណមួយ នៅប្រទេស Greenland អាចមានអាយុកាលរាប់លានឆ្នាំមកហើយ!

ថ្មីៗនេះអ្នកវិទ្យាសាស្ត្របានរកឃើញបឹងបុរាណមួយដ៏ធំបំផុតមួយ ដែលបានគ្របដណ្ដប់ដោយផ្ទាំងទឹកកកកម្រាស់ជិត ២ គីឡូម៉ែត្រ ស្ថិតនៅភាគពាយព្យនៃកោះ Greenland ទឹកដីស្វយ័តនៃអាណាចក្រដាណឺម៉ាក ហើយត្រូវបានអ្នកវិទ្យាសាស្ត្របានប៉ាន់ស្មានថា បឹងបុរាណនេះ អាចមានអាយុកាលចន្លោះពីរាប់សែនឆ្នាំមុន ទៅដល់រាប់លានឆ្នាំមុន។

ការរលាយទ្វីបទឹកកកអាកទិច នៃប៉ូលខាងជើង បន្ដិចម្ដងៗបានធ្វើឲ្យបឹងបុរាណនៅលើកោះទឹកកក Greenland ត្រលប់មកឃើញរូបរាងដើមវិញកាន់តែច្រើនឡើង ជាក់ស្ដែងកាលពីឆ្នាំ២០១៩ ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញបឹងបុរាណនៅលើ Greenland ជាង ៥០ កន្លែង បន្ទាប់ពីបានកប់ដោយផ្ទាំងទឹកកកជាច្រើនឆ្នាំ ហើយត្រលប់មកជាបឹងទឹកធម្មជាតិវិញ ដោយបឹងទាំងនោះកកើតឡើងដោយបាតុភូមិធម្មជាតិ ខ្លះមានជម្រៅដល់ ១.២ គីឡូម៉ែត្រនៅពីក្រោមផ្ទាំងទឹកកក។ អ្នកវិទ្យាសាស្ត្រលោក Guy Paxman និងក្រុមការងាររបស់គាត់ បានរកឃើញថា បឹងចំណាស់មួយដែលទើបរកឃើញនេះ មានជម្រៅទឹកប្រហែល ២៥០ ម៉ែត្រស្ថិតនៅជាស្រទាប់ថ្ម bedrock ប៉ុន្តែស្ថិតនៅក្រោមផ្ទាំងទឹកកក កម្រាស់ ១.៨ គីឡូម៉ែត្រ និងមានផ្ទៃលាតសន្ធឹងប្រមាណ ៧,១០០ គីឡូម៉ែត្រការ៉េ ដោយពួកគាត់បានសិក្សាតាមរយៈរបាយការណ៍ Operation IceBridge របស់អង្គការណាសា និងការប្រើរ៉ាដាវ៉ាស់ជម្រៅផ្ទៃដី។

តាមរយៈការសិក្សាទៅលើហ្វូស៊ីលនៅលើកោះទឹកកក Greenland បានបង្ហាញថាទ្វីបមួយនេះ បានចាប់ផ្ដើមក្លាយទៅជាទ្វីបផ្ទាំងទឺកកកប្រមាណជាង ៣០ លានឆ្នាំមុន ហើយលំហូរទឹកក៏ចាប់ផ្ដើមបាត់បង់ពីពេលនោះមកដែរ ដូចនេះបឹងស្ដុកទឹកទាំងអស់ក្នុងទ្វីបនេះ មានអាយុកាលបាត់បង់មិនក្រោមខ្ទង់សែនឆ្នាំមុន ឬទៅដល់ខ្ទង់លានឆ្នាំមុននោះទេ។ អ្នកវិទ្យាសាស្ត្របានបង្ហាញថា ការសិក្សានិងស្រាវជ្រាវទៅលើហ្វូស៊ីល និងសារធាតុគីមី នៅតាមបាតបឹង (lakebed) អាចជួយផ្ដល់ព័ត៌មានជាច្រើនដល់ការសិក្សាអំពីអាកាសធាតុ និងសណ្ឋានដីនៅកោះទឹកកក Greenland កាលពីអតីតកាល និងបម្រែបម្រួលបច្ចុប្បន្នភាព និងអនាគតរបស់ទ្វីបទឺកកកអាកទិច។ 

គូសបញ្ជាក់ផងដែរថា កាលពីឆ្នាំ២០០៣ អ្នកវិទ្យាសាស្ត្របានប្រើឧបករណ៍ជីកខួងចូលក្នុងផ្ទាំងទឺកកកបានជម្រៅ ៣,០៨៥ ម៉ែត្រ ពីផ្ទៃខាងលើ ហើយគម្រោងនៅឆ្នាំ២០២១ ខាងមុខនេះ គេគ្រោងប្រើប្រាស់ម៉ាស៊ីន GreenDrill ដើម្បីជីកទៅដល់ស្រទាប់ថ្ម bedrocks នៅភាគខាងជើងកោះ Greenland ដើម្បីសិក្សាអំពីស្រទាប់ដី និងថ្មក្រោមទឹកក សម្រាប់ស្វែងយល់អំពីប្រវត្តិនៃបម្រែបម្រួលរបស់ផែនដី។