ឧតុនិយមព្យាករថា៖ រដូវរំហើយឆ្នាំនេះនឹងត្រជាក់ខ្លាំងមិនធ្លាប់មានពីមុនមក ដល់ទៅ ១៦ អង្សាសេរ

ភ្នំពេញ៖ រដូវរងារនាឆ្នាំ២០២០ នេះ នឹងធ្លាក់ចុះខ្លាំង ខុសពីឆ្នាំមុនៗ ដែលនឹងធ្វើឱ្យតំបន់មួយចំនួន នៅក្នុងប្រទេស ធ្លាក់ចុះដល់ ១៦ អង្សាសេរ ក៏មាន ដែលគប្បីត្រូវយកចិត្តទុកដាក់ ការបង្ការឱ្យបានខ្ពស់ នេះបើយោងតាមសេចក្ដីប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា កម្ពុជា នឹងធ្លាក់ចុះត្រជាក់ខ្លាំងខុសពីឆ្នាំមុនៗ ដោយសារតែឥទ្ធិពលនៃបាតុភូត ឡានីណា (La Nina) បានធ្វើឱ្យជ្រលងសម្ពាធខ្ពស់ពីប្រទេសចិន រុញចុះមកក្រោមខ្លាំង និងគ្របដណ្ដប់មកលើកម្ពុជា។ តាមរយៈឥទ្ធិពលនោះ ក្រសួងបានធ្វើការព្យាករថា នឹងធ្វើឱ្យកម្ពុជា ក្នុងរដូវរំហើយខាងមុខនេះ ពោលគឺគិចាប់ពីខែធ្នូ ឆ្នាំ២០២០ រហូតដល់ខែមករា ឆ្នាំ២០២១ ស្ថានភាពអាកាសធាតុ នឹងចុះត្រជាក់ជាងរាល់ដង។

របស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងបន្ថែមថា តាមស្ថានភាពបែបនោះ នឹងធ្វើឱ្យ៖

១. ធាតុអាកាសចាប់ផ្ដើមចុះត្រជាក់លើកទី១ នៅថ្ងៃទី០១ រហូតដល់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ ដែលនឹងធ្វើឱ្យអាកាសធាតុធ្លាក់ចុះត្រជាក់ ពីមធ្យមទៅបង្គួរ ក្នុងនោះរួមមាន៖

• បណ្ដាខេត្តនៅភាគខាងលើ ក្នុងភូមិសាស្ត្រតំបន់ជួរភ្នំដងរ៉ែក និងខ្ពង់រាបភាគឦសាន ដោយសីតុណ្ហភាពអប្បបរមាន មានចន្លោះចាប់ពី ១៨ ទៅ ២១ អង្សាសេរ។

• បណ្ដារាជធានី ខេត្តដ៏ទៃទៀត សីតុណ្ហភាពអប្បបរមានមានចន្លោះចាបពី ១៩ ទៅ ២២ អង្សាសេរ។

២. ធាតុអាកាសនឹងចុះត្រជាក់លើកទី២ ចាប់ពីសប្ដាហ៍ទី៤ នៃខែធ្នូ ឆ្នាំ២០២០ រហូតដល់បំណាច់ខែ មករា ឆ្នាំ២០២១ ដោយអាកាសធាតុនឹងធ្លាក់ចុះច្រើនថ្ងៃ ដែលធ្វើឱ្យ៖

• បណ្ដាខេត្តនៅភាគខាងលើ ក្នុងភូមិសាស្ត្រជាប់តំបន់ភ្នំ និងតំបន់ខ្ពង់រាបភាគឦសាន ស៊ីតុណ្ហភាពអប្បបរមាន នឹងធ្លាក់ចុះចន្លោះចាប់ពី ១៦ ទៅ ១៩ អង្សាសេរ។

• បណ្ដាខេត្តដទៃទៀត សីតុណ្ហភាពអប្បបរមាន នឹងធ្លាក់ចុះចន្លោះពី ១៨ ទៅ ២១ អង្សារសេរ។

តាមរយៈការធ្លាក់ចុះអាកាសធាតុ ដែលអាចនឹងកើតមានឡើងនាពេលខាងមុខឆាប់ៗនេះ ក្រសួងបានអំពាវនាវទៅដល់ប្រជាពលរដ្ឋគ្រប់រូប ក៏ដូចជាស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធរណជន មានការប្រុងប្រយ័ត្នខ្ពស់ ជាពិសេសអ្នករស់នៅតំបន់ ឬក្បែតំបន់ភ្នំតែម្ដង៕

 

ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម